បងប្អូនខ្លះព្យាយាមសន្សំដែរ តែសន្សំមិនដែលសល់ សន្សំចេះដកចាយរហូត ដូច្នេះហើយសន្សំមិនទៅមុខសោះ សន្សំមិនឃើញសល់អ្វីជាដុំកំភួនសោះ។ ជាការពិតណាស់ កាលណាអ្នកសន្សំប៉ុន្ដែបង្កើតលក្ខខណ្ឌងាយស្រួលក្នុងការដកលុយនោះ ការសន្សំរបស់អ្នកមិនទៅមុខឡើយមិនថាអ្នកសន្សំនៅធនាគារឬសន្សំនៅផ្ទះនោះទេ។
បើសន្សំដែរតែអត់សល់ អ្នកគួរប្ដូរក្បួនសន្សំ ហើយថ្ងៃនេះ Business Cambodia សូមណែនាំក្បួនសន្សំបែបថ្មី២ បើអ្នកធ្វើបាន អ្នកនឹងសល់លុយ សល់ទ្រព្យហើយអាចបង្កើតភាពមានបានយូរអង្វែង។
១. សន្សំជាមួយដី
គេថាមនុស្សកើតកូនតែដីមិនកើតកូននោះទេ ដូច្នេះការសន្សំជាមួយដីនឹងធ្វើឲ្យលុយបងប្អូនកើនឡើងជាលំដាប់ឲ្យតែបងប្អូនចេះជ្រើសរើសដីឲ្យបានត្រឹមត្រូវនិងមានសក្តានុពល។ ត្រូវចាំថាបើលុយនៅជាប់ខ្លួន អ្នកងាយនឹងចាយអស់លឿន ដូច្នេះបើអ្នករកស៊ីឬធ្វើការបានលុយ គួរយកលុយមកសន្សំជាមួយដី។
ក្នុងការទិញដី បើចង់លក់ទៅវិញងាយស្រួលលក់ហើយលក់បានចំណេញ អ្នកត្រូវប្រាកដថាដីដែលអ្នកទិញនោះ តើអ្នកអាចនឹងធ្វើអ្វីបានខ្លះនាពេលអនាគត។ ឧទាហរណ៍ថាដីនោះអាចធ្វើផ្ទះបានអត់ អាចអភិវឌ្ឍន៍គម្រោងផ្សេងៗបានឬអត់។ ត្រង់នេះបើអ្នកអាចវាយតម្លៃដឹងច្បាស់ហើយថាដីនោះស្ថិតក្នុងតំបន់សក្ដានុពល អាចកែច្នៃជាគម្រោងផ្សេងៗបាន នោះទិញទៅមិនងាយខកបំណងឡើយពោលគឺងាយស្រួលលក់ចេញនិងងាយកែច្នៃដីធ្វើគម្រោងផ្សេងៗទៀត។
ដូច្នេះ មិនថាអ្នកធ្វើការឬអ្នករកស៊ីនោះទេ បើសន្សំមិនសល់ អាចយកលុយមកសន្សំជាមួយដី ព្រោះកាលណាអ្នកយកលុយមកទិញទ្រព្យដែលកើនតម្លៃលុយអ្នកកាន់តែកើនហើយមិនងាយដកចាយស្រួលៗដូចដាក់លុយនៅធនាគារឡើយ។
២. សន្សំជាមួយភាគហ៊ុន
ប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរ ដែលមានឈ្មោះថា” ផ្សារមូលបត្រកម្ពុជា”។ តាមបទពិសោធន៍របស់ខ្ញុំដែលជាអ្នកវិនិយោគលើផ្សារហ៊ុន មានពេលរដ្ឋខ្មែរមួយចំនួនធំដែលស្គាល់ផ្សារហ៊ុនបាននិយាយថាតាំងពីស្គាល់ផ្សារហ៊ុន ពួកគាត់សន្សំលុយសល់ជាងមុន សល់លុយច្រើនជាងមុន។
ជាការពិតណាស់ មិនខុសពីអ្វីដែលខ្ញុំបានរៀបរាប់ខាងលើនោះ បើអ្នកទុកលុយជាប់ខ្លួន អ្នកងាយនឹងចាយអស់ តែបើយកលុយមកវិនិយោគភាគហ៊ុន ដោយចេះជ្រើសរើសក្រុមហ៊ុនឲ្យបានត្រឹមត្រូវលុយអ្នកនឹងកាន់តែកើន ហើយការជ្រើសរើសហ៊ុនដែលមានសក្តានុពល ហ៊ុនអ្នកកាន់តែឡើងថ្លៃលុយអ្នកក៏កាន់តែកើនទៅតាមហ្នឹង។ ហើយហ៊ុនគឺជាទ្រព្យដែលអ្នកងាយបង្វែរជាសាច់លុយសម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្ដែង។ ដូច្នេះបើសន្សំលុយមិនសល់ អាចសាកល្បងសន្សំជាមួយភាគហ៊ុននោះ អ្នកនឹងសល់ទ្រព្យជាភាគហ៊ុននៅក្នុងក្រុមហ៊ុនធំៗក្នុងស្រុក។
ការវិនិយោគហ៊ុនគឺជាការបង្កើតចំណូលបន្ថែមក្រៅពីប្រាក់ខែនិងចំណូលពីការរកស៊ីរបស់អ្នក ពោលគឺការវិនិយោគហ៊ុនដេកលក់ក៏លុយហូរចូល ដើរលេងក៏បានចំណូល។
ការវិនិយោគភាគហ៊ុនគឺទទួលបានចំណូលចំនួន២ផ្លូវគឺចំណូលពីចំណេញមូលធនដែលមានន័យហ៊ុនឡើងថ្លៃឃើញចំណេញ អ្នកអាចលក់យកប្រាក់ចំណេញវាប្រៀបដូចជាបងប្អូនទិញដីទុកយកចំណេញអ៊ីចឹង។ ឧទាហរណ៍ បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាតម្លៃ១,០០០០រៀលក្នុងមួយហ៊ុន ពេលវាឡើងថ្លៃដល់១២,០០០រៀល នោះអ្នកចំណេញ២ពាន់រៀល អាចលក់យកប្រាក់ចំណេញបាន។
ចំណែកចំណូលមួយផ្លូវទៀតគឺភាគលាភ។ ជាក់ស្ដែងបើអ្នកវិនិយោគទិញហ៊ុន ធនាគារ អេស៊ីលីដានោះពេលធនាគារ អេស៊ីលីដារកស៊ីចំណេញ គេនឹងចែកភាគលាភទៅតាមចំនួនហ៊ុន។ ឧទាហរណ៍បើអេស៊ីលីដាចែកភាគលាភចំនួន៧០០រៀលក្នុងមួយហ៊ុន ហើយអ្នកកាន់ហ៊ុនចំនួន៥,០០០ហ៊ុននោះពេលគេចែកភាគលាភ អ្នកនឹងបានភាគលាភសរុបចំនួន៣.៥លានរៀល។ មួយវិញទៀតបើអ្នកវិនិយោគទិញហ៊ុន អេស៊ីលីដាទទួលបានចំណូលភាគលាភប្រចាំឆ្នាំ៣ពាន់ដុល្លារ មានន័យថាមួយខែអ្នកអាចរកចំណូលពីភាគហ៊ុនចំនួន២៥០ដុល្លារ ដោយមិនចាំបាច់ធ្វើអ្វីសោះ។
ចង់ចេះវិនិយោគហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong