ក្រុមហ៊ុន Toyota គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះមួយរបស់ជប៉ុន ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនដែលទទួលបានគាំទ្រខ្លាំងបំផុតក្នុងចំណោមក្រុមហ៊ុនរថយន្តដទៃៗទៀតនៅជុំវិញពិភពលោក ប៉ុន្តែស្របពេលដែលដំណើរការដ៏រលូននៃខ្សែសង្វាក់ផលិតកម្ម ស្រាប់តែថ្មីៗនេះក្រុមហ៊ុន Toyota ត្រូវបានគេដឹងថាកំពុងជួបបញ្ហាធំមួយដែលបណ្តាលមកពីការកង្វះខាតបន្ទះឈីប រហូតធ្វើឱ្យក្រុមហ៊ុន Toyota ក្នុងប្រទេសជប៉ុនត្រូវកំណត់ចំនួនការកម្មង់ទិញចំពោះរថយន្តម៉ូដែល Lexus ។
ជាក់ស្តែង យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia បានឱ្យដឹងថា Toyota Motor កំពុងធ្វើការកំណត់ការបញ្ជាទិញរថយន្តម៉ូដែល Lexus នៅក្នុងប្រទេសជប៉ុន ដោយសារតែកង្វះខាតនៃគ្រឿងបង្គុំនិងបន្ទះឈីប។ក្នុងនោះម៉ូដែលស្ថិតក្នុងត្រកូល Lexus ដែលខាងក្រុមហ៊ុននឹងត្រូវកំណត់ការបញ្ជាទិញមានចំនួន៩ម៉ូដែល ប៉ុន្តែខាងក្រុមហ៊ុននៅមិនទាន់បានបញ្ជាក់ច្បាស់អំពីឈ្មោះរថយន្តនីមួយលម្អិតនៅឡើយទេ។
ប្រភពដដែលបានបន្តថា ចំពោះមូលហេតុនៅពីក្រោយខ្នងដែលខាងក្រុមហ៊ុនសម្រេចកំណត់ការបញ្ជាទិញចំពោះតែរថយន្តក្នុងត្រកូល Lexus តែមួយ ព្រោះរថយន្តម៉ូដែលនេះប្រើប្រាស់បន្ទះឈីបច្រើនជាងរថយន្តប្រភេទផ្សេងទៀតរបស់ក្រុមហ៊ុន Toyota ។
គួរបញ្ជាក់ផងដែរថា ការកំណត់ការបញ្ជាទិញនេះបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់អត្រាការលក់របស់ក្រុមហ៊ុន ហើយកង្វះខាតនេះគឺជាករណីដ៏កម្របំផុតសម្រាប់ក្រុមហ៊ុន Toyota ដែលក្រុមហ៊ុនបានព្យាករណ៍ឃើញថា ខ្វះខាតនេះត្រូវបានគេព្យាករណ៍ថាអាចនឹងមានរយៈពេលពេញមួយឆ្នាំ ២០២៣។តែទោះជាមានបញ្ហាបែបនេះក្តីក៏ខាងក្រុមហ៊ុននៅតែព្យាយាមរកដំណោះស្រាយធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់គ្រឿបង្គុំមានភាពល្អប្រសើរឡើងវិញឆាប់ៗផងដែរ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង