ស.ផារ៉ាហ្គន និង DKSH ចាប់ដៃគ្នាលើកដំបូងផ្តល់អាហារូបករណ៍ទាំងស្រុង (១០០%) ជូនសិស្សដែល ខ្វះខាត ០២រូបដែលមានប្រវត្តិសិក្សាល្អ
Sreymom ChaFEBRUARY 12 2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន និងក្រុមហ៊ុន DKSH បានសហការគ្នាជាលើកដំបូងផ្តល់អាហារូបករណ៍ ១០០% ដល់និសិ្សតដែលមានជីវភាពខ្វះខាត ០២រូប ដែលមានប្រវត្តិសិក្សាល្អ និងមានសក្តានុពល បានចូលរៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនផ្ទាល់ ឥតគិតថ្លៃរយៈពេល ៤ឆ្នាំពេញ ដែលជាបេសកកម្មរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុនក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ តាមរយៈការអប់រំ។

Photo 2025 02 13 11 53 42

អាហារូបករណ៍នេះជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់សហគ្រាស(CSR) របស់ក្រុមហ៊ុន DKSH ដែលបានចាប់ដៃជាមួយសាកលវិទ្យាល័យដែលផ្តល់ឱកាស ដល់យុវជនខ្វះខាត ០២រូប គឺយុវសិស្ស ប្រា លីហេង និង ហេង ហាណាវត្តី ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រដោយមិនបង់ថ្លៃរយៈពេល ៤ឆ្នាំ ក្នុងការកសាងអនាគតជាមួយការអប់រំកម្រិតឧត្តមសិក្សាប្រកបដោយគុណភាព លើមុខជំនាញពាក់ព័ន្ធ ផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្ររដ្ឋបាល។

Photo 2025 02 13 11 53 57

ជាមួយគ្នានេះ យុវសិស្ស ប្រា លីហេង មកពីខេត្តសៀមរាប បានសម្រេចជ្រើសរើសថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម(Business Administration) ដែលយុវសិស្សរូបនេះបង្ហាញក្តីអំណរអរគុណដល់ក្រុមហ៊ុន DKSH និងសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់កម្មវិធីអាហារូបករណ៍មួយនេះ​ ដែលបានជួយសម្រួលដល់ជីវភាព និងបានផ្តល់ឱកាសទទួលការអប់រំស្តង់ដារអន្តរជាតិ។

Photo 2025 02 13 11 54 17

យុវសិស្សរូបនេះយល់ថា​ មូលហេតុគណៈកម្មការជ្រើសរើសយកខ្លួន ព្រោះខ្លួនបានបង្ហាញឆន្ទៈខ្ពស់ និងភាពសកម្មទាំងការសិក្សា និងការងារសហគមន៍ ដែលមានបទពិសោធន៍ច្រើនក្នុងការងារស្ម័គ្រចិត្ត។ ជាពិសេសបានបង្ហាញសក្តានុពលខ្លួនលើភាពច្នៃប្រឌិត និងការបើកចិត្តទទួលយកគំនិតថ្មីក្នុងការអភិវឌ្ឍន៍ខ្លួនឆ្ពោះទៅមុខ តាមរយៈការសម្ភាសន៍ជូនគណៈកម្មការផ្ទាល់។

Photo 2025 02 13 11 54 03

យុវសិស្សរូបនេះសង្កត់ធ្ងន់ថា៖​ “នេះគឺជាកិច្ចសហការគ្នាដ៏មានចីរភាព និង សុទិដ្ឋិនិយមបំផុត រវាងសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន និង ក្រុមហ៊ុន DKSH ដែលជា ដំណោះស្រាយដ៏មានអត្ថន័យក្នុងការជួយជ្រោមជ្រែង សិស្សានុសិស្សទាំងអស់ឱ្យទទួលបានឱកាសក្នុងការសិក្សានៅសាលាដែលមានគុណភាព ដែលជាថ្នាលមួយជួយដល់សិស្សានុសិស្សគ្រប់ប្រាណសម្រេចនូវបំណងនាថ្ងៃអនាគត”

Photo 2025 02 13 11 53 34

យុវសិស្ស ប្រា លីហេង បានបន្ថែមដោយផ្តាំផ្ញើដល់យុវជន គ្រប់រូបត្រូវខ្នះខ្នែង​ចាប់យកឱកាសដែលស្របនឹងជម្រើសផ្ទាល់ខ្លួន តាមរយៈកិច្ចខិតខំប្រឹងប្រែងលើវិថីសិក្សារៀនសូត្រ ការរួមចំណែកកិច្ចការសង្គម ហើយត្រូវចេះរួបរួមសាមគ្គីគ្នាដើម្បីអភិវឌ្ឍន៍ជាតិ ហើយប្រើប្រាស់ចំណេះជំនាញដែលបានមកពីការសិក្សា ឆ្លើយតបទៅនឹង
សង្គមជាតិ សហគមន៍វិញ ដើម្បីអនាតគតនៃប្រទេសជាតិ។

Photo 2025 02 13 11 54 10

យុវសិស្សជ័យលាភីអាហារូបករណ៍មួយទៀត កញ្ញា ហេង ហាណាវត្តី មកពីខេត្តកំពង់ចាម ដែលបានចាប់យកជំនាញ ពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារ(International Trade and Logistic) នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បង្ហាញចំណាប់អារម្មណ៍សោមនស្សរីករាយចំពោះការទទួលបានអាហារូបករណ៍នេះ ដែលបានសម្រួលបន្ទុកចំណាយច្រើនដល់គ្រួសារ ខណៈគ្រួសារខ្លួនកំពុងជួបប្រទះភាពខ្វះខាត។

យុវសិស្សរូប​នេះ សង្កត់ធ្ងន់ដូច្នេះថា៖ “ដោយបានអាហារូបករណ៍មួយនេះបានធ្វើឱ្យនាងខ្ញុំអាចមានឱកាសក្នុងការរៀននៅក្នុង សាកលវិទ្យាល័យដែលមានកម្មវិធីសិក្សាជាភាសាបរទេស ច្បាស់លាស់និងមានគុណភាពខ្ពល់ដែលទទួលបានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ កិច្ចសហប្រតិបត្តិការណ៍រវាងសាកលវិទ្យាល័យ និង ក្រុមហ៊ុន DKSH នេះ ពិតជាល្អណាស់ ដែលបានផ្តល់លទ្ធភាពទៅកាន់សិស្សដែលគ្មានលទ្ធភាព ឱ្យទទួលបាននូវការបណ្តុះបណ្តាលដ៏ល្អប្រពៃ និងបានផ្តល់ឱកាសឱ្យសិស្សដែលមានជីវភាពខ្វះខាតមកពីគ្រប់បណ្តាខេត្តបានបង្ហាញនូវសមត្ថភាពរបស់ខ្លួន​ “ ។​

កញ្ញាជឿជាក់ថា គណៈកម្មការសម្រេចជ្រើសយកកញ្ញាឱ្យជាប់អាហារូបករណ៍នេះ ព្រោះកញ្ញាជាមនុស្សមានភាពតស៊ូ ព្យាយាម និងប្រកបដោយសមត្ថភាព ព្រមទាំងមានការប្តេជ្ញាចិត្តខ្ពស់ ជាពិសេសតាមរយៈអត្ថបទសំណេរស្នើសុំអាហារូបករណ៍ និងការប្រឡងសមត្ថភាពនានា បន្ទាប់ពីខ្លួនបានត្រៀមខ្លួនយ៉ាងម៉ត់ចត់ក្នុងការដាក់ពាក្យស្នើសុំ ជាពិសេសពិនិត្យពីតម្រូវការ និងលក្ខខណ្ឌរបស់អាហរូបករណ៍។

ជាចុងក្រោយ យុវសិស្សហេង ហាណាវត្តី​ បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ និងក្រុមហ៊ុន DKSH សម្រាប់គំនិតផ្តួចផ្តើមបង្កើតអាហារូបករណ៍មួយនេះ ដោយជឿជាក់ថា នេះគឺការលើកស្ទួយទៅលើវិស័យអប់រំ ការផ្តល់អោយសិស្សានុសិស្ស និងយុវជនជំនាន់ក្រោយនូវលទ្ធភាពការអប់រំផ្នែកឧត្តមសិក្សា និងការអភិវឌ្ឍន៍ខ្លួនដើម្បីក្លាយជាធនធានមនុស្សសំខាន់របស់ជាតិ។ កញ្ញាផ្តាំផ្ញើ ដល់សិស្សានុសិស្សនានាដែលមានបំណងស្នើសុំដាក់ពាក្យយកអាហារូបករណ៍នេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងមានទំនុកចិត្តលើខ្លួនឯង និងកុំបោះបង់ក្តីស្រម៉ៃ។

គួរបញ្ជាក់ថា អាហារូបករណ៍សម្រាប់និស្សិតខ្វះខាតដែលផ្តល់ជូនការបន្តការសិក្សាផ្នែកឧត្តមសិក្សាលើជំនាញពាក់ព័ន្ធផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្ររដ្ឋបាល នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ១០០% ចំនួន ០២កន្លែងនេះ ជាគំនិតផ្តួចផ្តើមសហការជាលើកដំបូងរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុន DKSH ដែលជាក្រុមហ៊ុនឯកជនឈានមុខគេមួយនៅកម្ពុជា ក្នុងផ្នែកទំនួលខុសត្រូវសង្គមនៃសហគ្រាស ឬ CSR (Corporate Social Responsibility)។

ជុំវិញបញ្ហានេះ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន លោកបណ្ឌិតប៊ូឡាត់ អាក់មែដខារីម៉ូវ(Bulat Akhmetkarimov)  គូសបញ្ជាក់ថា នេះជាលើកទី១ ដែលសាកលវិទ្យាល័យសហការជាមួយក្រុមហ៊ុន ​DKSH ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្សក្រីក្រមានលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្តមសិក្សាតាមរយៈអាហារូបករណ៍ ដែលលោកសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន DKSH ក្នុងកិច្ចសហការនេះ ដែលលោកជឿជាក់យ៉ាងមុតមាំថា នេះជាថាមពលវិជ្ជមានសម្រាប់ការផ្លាស់ប្តូរអនាគតដល់យុវជនកម្ពុជា និងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស។

លោកបន្តថា ដំណើរការជ្រើសរើសជយលាភីសម្រាប់អាហារូបករណ៍នេះ មានភាពម៉ឺងម៉ាត់ខ្លាំងណាស់ ដែលផ្តល់អាទិភាពដល់និស្សិតដែលមានជីវភាពខ្វះខាត ដែលពោរពេញដោយសក្តានុពល មានការប្តេជ្ញាចិត្តខ្ពស់លើការសិក្សា ដែលក្នុងឆ្នាំ២០២៥ នេះ បានផ្តល់លទ្ធភាពដល់យុវសិស្ស ប្រា លីហេង និង ហេង ហាណាវត្តី ដែលជាយុវជនមានសមិទ្ធិផលសិក្សាល្អ មានក្រមសីលធម៌ខ្ពស់ ហើយមានថាមពលវិជ្ជមានសម្រាប់សង្គមជាតិ ដែលគណៈកម្មការជឿជាក់ថា ពួកគេសក្កិសមនឹងទទួលបាន។

លោកបណ្ឌិតបញ្ជាក់ដូច្នេះថា៖ “ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន កោតសរសើរដោយស្មោះត្រង់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន DKSH លើការលើកកម្ពស់វិស័យអប់រំ តាមរយៈកម្មវិធីអាហារូបករណ៍នេះ។ យើងជឿជាក់ថា មានតែការអប់រំប៉ុណ្ណោះ ជាអំណាចនៃការផ្តាស់ប្តូរជីវភាពមនុស្ស និងសង្គមជាតិទាំងមូល។ ការផ្តល់លទ្ធភាពអប់រំប្រកបដោយគុណភាពខ្ពស់ និងចំណេះជំនាញដល់យុវជន ជាកត្តាសំខាន់ដើម្បីលើកកម្ពស់សហគមន៍ និងសង្គមជាតិ “ ។

ជាកិច្ចបញ្ចប់ សាកលវិទ្យាធិការរូបនេះ បង្ហាញក្តីអំណរអរគុណដល់ទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុន DKSH ចំពោះកម្មវិធីអាហារូបករណ៍នេះ ហើយសង្ឃឹមភាពជាដៃគូបន្តបន្តាប់ទៀត ដែលជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។ លោកក៏អំពាវនាវទៅកាន់ស្ថាប័ន និងបណ្តាក្រុមហ៊ុនឯកជនដទៃទៀតផងដែរ ដែលអាចចាប់ដៃជាមួយសាកលវិទ្យាល័យ ក្នុងការចងក្រងកម្មវិធីអាហារូបករណ៍នានា ជាពិសេសសម្រាប់និស្សិតខ្វះខាត ដែលជាយន្តការលើកកម្ពស់វិស័យអប់រំ និងផលិតធនធានមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា។

គួរជម្រាបជូនថា កម្មវិធីអាហារូបករណ៍នេះ ស្ថិតក្នុងទម្រង់ ៥០-៥០ ដែលសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនចេញថ្លៃចំណាយ ៥០% និងក្រុមហ៊ុន DKSH រ៉ាប់រងថ្លៃចំណាយ ៥០% ទៀត ព្រមទាំងថ្លៃរដ្ឋបាលប្រចាំឆ្នាំ ដែលសិស្សានុសិស្សមិនចំណាយថវិការបន្ថែមឡើយ។ អាហារូបករណ៍នេះ សម្រាប់សម្រួលចំណាយបន្ទុកដល់សិស្សានុសិស្សរយៈពេល ៤ឆ្នាំពេញ ដល់បេក្ខជនដែលមកពីគ្រួសារមានជីវភាពខ្វះខាត និងមានប្រវត្តិសិក្សាល្អ តួយ៉ាងមានលទ្ធភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូ​មិ ឬបាក់ឌុប ក្នុងកម្រិតនិទ្ទេស A ឬ B ជាដើម។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia