ទើបតែវិនិយោគទឹកប្រាក់ប្រមាណជាង ៣៦លានដុល្លារអាមេរិក លើគម្រោងសាងសង់រោងចក្រដំឡើង និងផ្គុំរថយន្ត កាលពីដើមខែកញ្ញាកន្លងទៅ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ពេលនេះ លោក Ryoji Fujita អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានដាក់សំណើរទៅក្រសួង សុំឱ្យមានការបន្ធូរបន្ថយពន្ធលើការនាំចូលរថយន្ត ប្រភេទ Hybrid មកកាន់ទីផ្សារប្រទេសកម្ពុជា។
ការស្នើសុំខាងលើនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ ដោយលោក Ryoji Fujita បានជម្រាបជូនអំពីសំណើរបស់ក្រុមហ៊ុនសុំឱ្យក្រសួងពិនិត្យលទ្ធភាព លើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid សំដៅរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់រថយន្ត ប្រភេទ Hybrid ឱ្យបានច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការកាត់បន្ថយការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស ព្រមទាំងរួមចំណែកក្នុងជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូន (Carbon Neutrality) នៅឆ្នាំ២០៥០។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការគាំទ្រដែលក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបានគូសបញ្ជាក់ថា៖ ការគាំទ្រនៅក្នុងការបន្ធូរបន្ថយពន្ធនាំចូល ជាពិសេសករណីរថយន្តប្រភេទHybrid ដែលក្រុមហ៊ុនតូយ៉ូតាបានលើកឡើងខាងលើនេះ អាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពិភាក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់ យានយន្តអគ្គិសនីឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈគម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមបណ្តារាជធានី-ខេត្ត ក៏ដូចជាជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីពីសំណាក់សាធារណជនទូទៅ និងស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុននានា ដើម្បីជំរុញការដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនីឱ្យបានច្រើនបន្ថែមទៀតទូទាំងផ្ទៃប្រទេស។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខសម្រាប់យានយន្តតូយ៉ូតា គ្រឿងបន្លាស់ និងសេវាកម្មទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពីការឈានជើងចូលមកដំណើរការក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៣ មកទល់សព្វថ្ងៃ ក្រុមហ៊ុនបានបើកដំណើរការសាខាចំនួន០៥ នៅទូទាំងប្រទេសព្រមទាំងបន្តការកែលម្អឥតឈប់ឈរ និងផ្តល់នូវផលិតផល ក៏ដូចជាសេវាកម្មដែលមានគុណភាពល្អ ដល់អតិថិជនទាំងអស់ជាបន្តបន្ទាប់ ហើយតាមតថភាពជាក់ស្តែង រថយន្តដែលទទួលបានការនិយមប្រើប្រាស់ច្រើនជាងគេក្នុងសង្គមកម្ពុជាគឺ រថយន្តម៉ាកតូយ៉ូតា៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង