របរអ្នកមាន! សេដ្ឋីអាស៊ីទ្រព្យគ្រាក់ៗ១០រូប រកស៊ីវិស័យមិនខ្វះទីផ្សារ១៣នេះ សល់ទ្រព្យពាន់លាន$
ឡុង វឌ្ឍនៈMAY 25 20231.8 K views

ភាពជោគជ័យរបស់អាជីវកម្មមួយ គឺត្រូវបានកំណត់ឡើងចាប់តាំងពីថ្ងៃដំបូង ដែលម្ចាស់អាជីវកម្មសម្រេចចិត្តជ្រើសរើសជំនួញមករកស៊ីម៉្លេះ ព្រោះជំនួញខ្លះ ជាជំនួញថ្ងៃទើបរះ មានឱកាសច្រើន រីឯជំនួញខ្លះទៀត ជាជំនួញថ្ងៃលិច ដែលមានដៃគូប្រកួតប្រជែងច្រើន ហើយត្រៀមនឹងខ្សត់ទីផ្សារ។ អាស្រ័យហេតុនេះ ទើបមុនពេលរកស៊ី អ្នកគប្បីគួរសម្លឹងមើលវិស័យសក្ដានុពលទាំងបច្ចុប្បន្ន និងអនាគតឱ្យបានល្អ ដើម្បីជៀសវាងការខាតបង់។

ថ្ងៃនេះក្រុមការងារ ចាបក្រហម នឹងបង្ហាញនូវជំនួញមិនខ្វះទីផ្សារចំនួន ១៣វិស័យ ដែលសេដ្ឋីអាស៊ីគ្រាក់ៗ នាំគ្នារកស៊ី រហូតអាចសល់ទ្រព្យរាប់ពាន់លានដុល្លារមកទល់នឹងពេលនេះ។

១. សេដ្ឋីឥណ្ឌា​ Mukesh Ambani ទ្រព្យសម្បត្តិ ៨៧ពាន់លានដុល្លារ

បុរសមានទ្រព្យច្រើនបំផុតលំដាប់លេខ១៣លើលោករូបនេះ គឺជាប្រធាន និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Reliance Industries ជាក្រុមហ៊ុនដ៏ធំ និងរកស៊ីចម្រុះវិស័យមួយនៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុន​នេះ​ប្រតិបត្តិការ​ក្នុង​ឧស្សាហកម្ម​មួយ​ចំនួន​រួម​មានវិស័យ៖ ​គីមី​ឥន្ធនៈ ប្រេង​និង​ឧស្ម័ន ទូរគមនាគមន៍ និង​ការ​លក់​រាយ។

ចំពោះទស្សនៈជីវិតនិងអាជីវកម្មរបស់លោកគឺ៖ "ដំណើរ​របស់​សហគ្រិន​គឺ​ជា​ដំណើរ​នៃ​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង។ អ្នក​ត្រូវ​តែ​ជឿ​ជាក់​លើ​ខ្លួន​ឯង​និង​ទស្សនៈ​វិស័យ​របស់​អ្នក ទោះ​ជា​អ្នក​ដទៃជឿលើអ្នកក៏ដោយ​។ សូមកុំខ្លាចក្នុងការប្រថុយប្រថាន ព្រោះជារឿយៗ អ្នកប្រថុយប្រថានជាអ្នកផ្លាស់ប្តូរដំណើរប្រវត្តិសាស្រ្ត។ ជោគជ័យមិនមែនសំដៅលើលុយ ឬកិត្តិនាមនោះទេ វាគឺជាការធ្វើឱ្យមានភាពខុសប្លែកនៅក្នុងពិភពលោក។ វិធីល្អបំផុតដើម្បីទស្សន៍ទាយអនាគតគឺបង្កើតវា"។

២. សេដ្ឋីចិន Zhong Shanshan ទ្រព្យសម្បត្តិ ៦២ពាន់លានដុល្លារ

Zhong Shanshan គឺជាមហាសេដ្ឋីជំនួញជនជាតិចិន។វិស័យធុរកិច្ចរបស់លោក Zhong Shanshan មានដូចជា៖ វិស័យភេសជ្ជៈ Nongfu Spring គឺជាក្រុមហ៊ុនផលិតទឹកសុទ្ធធំជាងគេរបស់ប្រទេសចិន។ វិស័យសុខាភិបាលទាក់ទងនឹងការផលិតឱសថ សហគ្រាសឱសថជីវសាស្ត្រ Beijing Wantai គឺជាអ្នកផលិតវ៉ាក់សាំង និងផលិតផលឱសថដទៃទៀត។

ចំពោះទស្សនៈជីវិតនិងអាជីវកម្មរបស់លោកគឺ៖ “គន្លឹះនៃភាពជោគជ័យគឺការតស៊ូ និងមិនបោះបង់ក្តីស្រមៃរបស់អ្នក។ សូមកុំខ្លាចក្នុងការបរាជ័យ ព្រោះភាពបរាជ័យគឺជាផ្នែកមួយនៃដំណើរការសិក្សា”។

៣. សេដ្ឋីចិន Zhang Yiming ទ្រព្យសម្បត្តិ ៤៥ពាន់លានដុល្លារ

បើសិនជាអ្នកស្គាល់ Tik Tok នោះមានន័យថា អ្នកបានស្គាល់អំពីបណ្ដាញសង្គមដ៏ល្បីឈ្មោះមួយរបស់ពិភពលោកដូចគ្នា ព្រោះលោកគឺជាសហស្ថាបនិក និងជាអតីត CEO​ របស់បណ្ដាញសង្គមយក្ស១នេះ។ វិស័យដែលសេដ្ឋីរូបនេះរកស៊ីហើយកសាងទ្រព្យរាប់ពាន់លានដុល្លារគឺ វិស័យបច្ចេកវិទ្យា។

ចំពោះទស្សនៈជីវិតនិងអាជីវកម្មរបស់លោកគឺ៖ វិធីតែមួយគត់ដើម្បីធ្វើការងារដ៏អស្ចារ្យគឺត្រូវស្រឡាញ់អ្វីដែលអ្នកធ្វើ។ ប្រសិនបើអ្នកស្រលាញ់អ្វីដែលអ្នកធ្វើ នោះអ្នកនឹងកាន់តែជោគជ័យ។

៤. សេដ្ឋីឥណ្ឌា Gautam Adani ទ្រព្យសម្បត្តិ ៤៤ពាន់លានដុល្លារ

សេដ្ឋីរូបនេះ ជាប្រធានក្រុមហ៊ុន Adani Group ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់ឥណ្ឌា ដែលមានចំណាប់អារម្មណ៍លើវិស័យដូចជាថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យការពារជាតិ។

ចំពោះទស្សនៈជីវិតនិងអាជីវកម្មរបស់លោកគឺ៖ អាជីវកម្មគឺទាំងអស់ គឺជាការដែលហ៊ានទទួលយកហានិភ័យ និងការគ្រប់គ្រងភាពមិនច្បាស់លាស់ និងភាពច្របូកច្របល់។

៥. សេដ្ឋីហុងកុង Li Ka-shing ទ្រព្យសម្បត្តិ ៣៨ពាន់លានដុល្លារ

បុរសដែលត្រូវបានគេដាក់រហ័សនាមថាជា superman រូបនេះគឺជាអ្នកជំនួញដ៏ល្បីឈ្មោះនៅទូទាំងហុងកុង និងជុំវិញពិភពលោក។ គាត់បានកសាងអាណាចក្រអាជីវកម្មដ៏ធំមួយតាមរយៈក្រុមហ៊ុន CK Hutchison Holdings របស់គាត់ ដែលមានចំណាប់អារម្មណ៍លើវិស័យជាច្រើនដូចជា កំពង់ផែ ការលក់រាយ ទូរគមនាគមន៍ និងថាមពល។

ចំពោះទស្សនៈជីវិតនិងអាជីវកម្មរបស់លោកគឺ៖ អ្វីដែលសំខាន់បំផុតគឺត្រូវមានសុបិន។ ប្រសិនបើអ្នកមិនមានសុបិនទេ អ្នកនឹងមិនដឹងថាអ្នកអាចសម្រេចបានអ្វីនោះទេ។ សូមកុំបោះបង់ក្តីស្រមៃរបស់អ្នក បើអ្នកនៅតែប្រឹងប្រែង នោះអ្នកនឹងសម្រេចបានវានៅទីបំផុត។ សូមប្រគល់​ឱ្យ​សង្គម​វិញ ពេល​អ្នក​ទទួល​បាន​ជោគជ័យ​ ហើយសូម​កុំ​ភ្លេច​តបស្នង​ដល់​សហគមន៍​ដែល​បាន​ជួយ​ឱ្យ​អ្នក​ឱ្យឡើងទៅ​ដល់​ទីនោះ។

៦. សេដ្ឋីជប៉ុន Tadashi Yanai ទ្រព្យសម្បត្តិ ៣៧ពាន់លានដុល្លារ

Tadashi Yanai គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Fast Retailing ដែលជាក្រុមហ៊ុនលក់រាយ ម៉ូដសម្លៀកបំពាក់ចម្រុះជាតិសាសន៍របស់ប្រទេសជប៉ុន។ Fast Retailing គឺជាក្រុមហ៊ុនមេរបស់ Uniqlo ដែលជាម៉ាកសម្លៀកបំពាក់ដ៏ពេញនិយមដែលលក់សំលៀកបំពាក់ធម្មតាៗ និងតម្លៃសមរម្យ។ វិស័យ​អាជីវកម្ម​របស់​លោក Tadashi Yanai គឺ​ឧស្សាហកម្ម​លក់​រាយ​ម៉ូដ។

ចំពោះទស្សនៈជីវិតនិងអាជីវកម្មរបស់លោកគឺ៖ ប្រហែលជាគេមើលមកខ្ញុំថាជោគជ័យខ្លាំងណាស់ ប៉ុន្តែគេមិនដឹងថា ខ្ញុំធ្លាប់បង្កើតកំហុសឆ្គងជាច្រើននោះទេ។

៧. សេដ្ឋីចិន Pony Ma Huateng ទ្រព្យសម្បត្តិ ៣៥ពាន់លានដុល្លារ

Pony Ma Huateng គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ Tencent ប្រតិបត្តិការក្នុងវិស័យអាជីវកម្មជាច្រើន រួមមាន៖ សេវាអ៊ីនធឺណិត ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត និង FinTech។

ចំពោះទស្សនៈជីវិតនិងអាជីវកម្មរបស់លោកគឺ៖ អ្នក​ត្រូវ​មាន​ប្រាជ្ញា​អស្ចារ្យ​ដើម្បី​ធ្វើ​ជា​អ្នក​នាំមុខ ហើយអ្នកដែលនាំមុនថ្ងៃនេះ មិនប្រាកដថាជាអ្នកនាំមុននៅថ្ងៃស្អែកទេ។

៨. សេដ្ឋីចិន Robin Zeng ទ្រព្យសម្បត្តិ ៣៤ពាន់លានដុល្លារ

Robin Zeng គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនចិន Contemporary Amperex Technology Co. Ltd. (CATL) ដែលជាក្រុមហ៊ុនរកស៊ីលើវិស័យផលិតថ្មរបស់រថយន្តអគ្គិសនី។ CATL គឺជាក្រុមហ៊ុនផលិតថ្មរថយន្តដ៏ធំបំផុតមួយរបស់ពិភពលោក ហើយវាផ្គត់ផ្គង់ថ្មដល់ក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួន រួមមាន Tesla, BMW, និង Volkswagen។

ចំពោះទស្សនៈជីវិតនិងអាជីវកម្មរបស់លោកគឺ៖ ការច្នៃប្រឌិតគឺ ស្ថិតនៅក្នុងហ្សែនរបស់អាជីវកម្មខ្ញុំជានិច្ច។

៩. សេដ្ឋីចិន William Lei Ding ទ្រព្យសម្បត្តិ ២៨ពាន់លានដុល្លារ

William Lei Ding ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន NetEase ដែលជាក្រុមហ៊ុនរកស៊ីលើវិស័យបច្ចេកវិទ្យាឈានមុខគេរបស់ប្រទេសចិន ដែលមានចំណាប់អារម្មណ៍លើ ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក ហ្គេម និងសេវាកម្មអ៊ីនធឺណែត។

ចំពោះទស្សនៈជីវិតនិងអាជីវកម្មរបស់លោកគឺ៖ មនុស្សឆ្លាតពូកែចាប់យកឱកាស ហើយពួកគេមិនឱ្យវារបូតពីដៃនោះទេ រីឯអ្នកដែលគិតថាខ្លួនឯងខ្សោយតែងតែរង់ចាំឱកាសជានិច្ច។

១០. សេដ្ឋីចិន Jack Ma ទ្រព្យសម្បត្តិ ២៤ពាន់លានដុល្លារ

សេដ្ឋីមាឌល្អិតចិត្តធំរូបនេះ ជាស្ថាបនិកក្រុមហ៊ុន Alibaba Group ដែលធ្លាប់បានកសាងឈ្មោះបោះសំឡេងពីអតីតគ្រូបង្រៀន មកជាសហគ្រិនបច្ចេកវិទ្យាដ៏ល្បីឈ្មោះ។ លោកកំពុងរកស៊ីលើវិស័យបច្ចេកវិទ្យាធំៗដូចជា៖ ពាណិជ្ជកម្មតាមអេឡិចត្រូនិក សេវាកម្មហិរញ្ញវត្ថុ បញ្ញាសិប្បនិមិត្ត។

ចំពោះទស្សនៈជីវិតនិងអាជីវកម្មរបស់លោកគឺ៖ បើសិនជាអ្នកមិនព្រមបោះបង់គឺអ្នកនៅតែមានឱកាស។ កុំបោះបង់! ថ្ងៃនេះលំបាក ថ្ងៃស្អែកគឺរឹតតែលំបាក ប៉ុន្តែថ្ងៃស្អែកមួយទៀតនឹងមានពន្លឺត្រចះត្រចង់។

ជារួមមកវិញ សេដ្ឋីអាស៊ីដ៏មានឥទ្ធិពលបំផុតទាំង១០រូបនេះ បានរកស៊ីលើវិស័យដ៏មានសក្ដានុពលធំៗដូចជា៖ វិស័យគីមីឥន្ធនៈ ប្រេងនិងឧស្ម័ន ទូរគមនាគមន៍ និងការលក់រាយ វិស័យផលិតភេសជ្ជៈ វិស័យឱសថ វិស័យបច្ចេកវិទ្យា វិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ វិស័យការពារជាតិ វិស័យកំពង់ផែ ទូរគមនាគមន៍ ថាមពលស័យផលិតថ្មរបស់រថយន្តអគ្គិសនី៕ អត្ថបទដោយ៖ ឡុង វឌ្ឍនៈ 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia