នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ យប់នេះ នឹងមានការប្រកួតបាល់ទាត់អន្តរជាតិ AFC Challenge League វគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រវាងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាមួយនឹងក្លិបបាល់ទាត់ FK Arkadag មកពីប្រទេសតូមិននីស្ថាន។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ដើម្បីធានាបាននូវការអនុវត្តច្បាប់ និងរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ រដ្ឋបាលខណ្ឌ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ហាមដាច់ខាតមិនអនុញ្ញាតឱ្យមាន៖ ការបង្ហោះដ្រូន បង្ហោះខ្លែង បង្ហោះគោម បង្ហោះប៉េងប៉ោង បាញ់កាំជ្រួច ការចាញ់ភ្លើងហ្វា ឬភ្លើងឡាស៊ែរបញ្ចាំងឡើងលើ ដោយគ្មានការអនុញ្ញាតនៅក្នុងតំបន់ជុំវិញបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់កម្មវិធីប្រកួតចប់សព្វគ្រប់។
ករណី ប្អូនប្អូនប្រជាពលរដ្ឋទាំងអស់ មិនគោរពតាមការណែនាំ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាលចុះដកហូតឧបករណ៍ ឬសម្ភារទាំងនោះ ដោយមិនទទួលខុសត្រូវចំពោះ ការខូចខាត ឬបាត់បង់សម្ភារៈ និងផលប្រយោជន៍របស់លោក-លោកស្រី បងប្អូនប្រជាពលរដ្ឋឡើយ។
សូមជម្រាបផងដែរថា ការប្រកួតប្រកួតបាល់ទាត់អន្តរជាតិ AFC Challenge League ដែលជាពានក្លិបលំដាប់ទី៣ប្រចាំទ្វីបអាស៊ីវគ្គផ្តាច់ព្រ័ត្រនេះ នឹងចាប់ផ្ដើមឡើងនៅម៉ោង ៧ យប់នេះហើយ។ ខណៈការប្រកួតនេះនឹងបានការអញ្ជើញចូលរួមពីអ្នកគាំទ្ររាប់ម៉ឺននាក់ផងដែរ៕