មហាសេដ្ឋីវ័យ៦០ឆ្នាំ លោក Dave Ramsey គឺជាអ្នកជំនាញ និងជាអ្នកនិពន្ធផ្នែកហិរញ្ញវត្ថុជើងចាស់ ព្រមទាំងជាពិធីករទូរស្សន៍ដ៏ល្បីល្បាញមួយរូបនៅសហរដ្ឋអាមេរិក។ គាត់ក៏ជាសេដ្ឋីដែលបង្កើនទ្រព្យសម្បត្តិដោយខ្លួនឯង និងអាចរកចំណូលប្រចាំឆ្នាំបានជាង ២៥ម៉ឺនដុល្លារ តាំងពីអាយុ២៦ឆ្នាំមកម្ល៉េះ។
តាមរយៈសារព័ត៌មាន Yahoo អ្នកជំនាញហិរញ្ញវត្ថុជើងចាស់រូបនេះ បានចែករំលែកនូវគន្លឹះប្រើលុយ១០យ៉ាង ដែលមនុស្សគ្រប់រូបគួរធ្វើឱ្យបានលឿនបំផុត ដើម្បីឆាប់សល់លុយកើនទ្រព្យ មុនវ័យ៤០ឆ្នាំ។ គន្លឹះប្រើលុយទាំង១០នោះរួមមាន៖
១. អស់បំណុលចាំចាប់ផ្ដើមវិនិយោគ៖ ច្បាប់ទី១របស់មហាសេដ្ឋីរូបនេះគឺ ដរាបណាអ្នកមិនទាន់រួចផុតពីបំណុលអាក្រក់ទេ ដាច់ខាតកុំទាន់ច្បាប់ផ្ដើមវិនិយោគ។ បំណុលអាក្រក់នៅត្រង់ចំណុចនេះលោកចង់សំដៅលើ បំណុលដែលកើតឡើងពីការចាយខុសខ្ទង់ និងកម្ចីទិញរបស់ប្រើប្រាស់ផ្សេងៗទាំងអស់ លើកលែងតែកម្ចីទិញផ្ទះប៉ុណ្ណោះ។
២. ប្រើក្បួន Snowball៖ ការដកខ្លួនចេញពីបំណុលជាពាក្យស្រួលនិយាយតែពិបាកធ្វើ ដូច្នេះហើយលោក Dave បានណែនាំថា បើចង់ឆាប់អស់បំណុលត្រូវប្រើក្បួនដុំព្រិល (Debt Snowball)។ យុទ្ធសាស្រ្តដុំព្រិល តម្រូវឱ្យអ្នកដោះបំណុលពីតូចបំផុតទៅធំ។ ដំណើរនៃការដោះបំណុលបែបនេះ អាចជួយឱ្យអ្នកមានកម្លាំងចិត្ត និងមានចិត្តតស៊ូ ព្រោះតែបានឃើញពីលទ្ធផលជាបន្តបន្ទាប់នៃការខំប្រឹងប្រែងរបស់ខ្លួន។
៣. មានកញ្ចប់លុយបម្រុងមុនពេលកសាងទ្រព្យសម្បត្តិ៖ ត្រង់ចំណុចនេះបិតាហិរញ្ញវត្ថុ បានលើកឡើងថា ដើម្បីអាចចាប់ផ្ដើមវិនិយោគបាន ដំបូងអ្នកត្រូវត្រៀមខ្លួនបង្កាបញ្ហាបំណុលជាមុនសិន។ ដូច្នេះហើយដាច់ខាតអ្នកត្រូវតែមានកញ្ចប់លុយសន្សំសម្រាប់ការសង្គ្រោះបន្ទាន់ មួយកញ្ចប់នៅពេលអ្នកចាប់ផ្ដើមវិនិយោគ ឬចេញរកស៊ី។
៤. កាត់លុយ១៥% សម្រាប់អនាគត៖ មិនថាចំណូលអ្នកបានពីប្រភពណា បានតិចឬច្រើនប៉ុនណានោះទេ ច្បាប់សំខាន់មួយដែលអ្នកត្រូវតែគោរពនោះគឺ ដកលុយទុកឱ្យយ៉ាងតិច១៥% នៃចំណូលសរុបដែលអ្នករកបានជារៀងរាល់ខែ។ លុយទាំងនោះគឺមិនត្រូវប៉ះពាល់វាឡើយ អ្នកត្រូវតែទុកសម្រាប់ការចូលនិវត្តន៍នៅថ្ងៃអនាគត។
៥. កាត់បន្ថយការចំណាយខុសខ្ទង់៖ លោក Dave រំលឹកថា បច្ចុប្បន្ននេះ មនុស្សចូលចិត្តបើកបង្ហាញតាមបណ្ដាញសង្គម ដូច្នេះហើយអ្នកគួរតែប្រុងប្រយ័ត្នកុំឱ្យបណ្ដាញសង្គម ក៏ដូចជាមនុស្សជុំវិញខ្លួនអូសទាញបាន។ ក្រោពីការចំណាយលើរបស់មិនចាំបាច់ អ្នកក៏ត្រូវប្រុងប្រយ័ត្នរឿងឱ្យលុយទៅអ្នកដទៃខ្ចីដែរ ព្រោះការជាប់ជំពាក់រឿងលុយ អាចធ្វើឱ្យអ្នកខាតបង់ទាំងលុយកាក់ ទាំងទំនាក់ទំនងមិត្តភាព បើសិនជាមានករណីកេងចំណេញពីភាគីខាងខ្ចី។
៦. សន្សំលុយដោយប្រើបច្ចេកវិទ្យា៖ ក្នុងសង្គមសម័យទំនើប បើចង់សន្សំលុយសល់បានច្រើនមិនងាយដកចាយអ្នកត្រូវចេះពឹងផ្អែកបច្ចេកវិទ្យា។ ឥឡូវនេះធនាគារណាក៏មានការបង្កើនគណនីសន្សំមានកាលកំណត់ដែរ វាអាចជួយឱ្យអ្នកសល់លុយបានច្រើន ចំណេញការប្រាក់ ហើយក៏មិនអាចច្រឡំដកចាយផ្ដេសផ្ដាសផងដែរ។
៧. រៀនពីការបង្កើតលុយតាមបច្ចេកវិទ្យា៖ សម័យនេះហើយ អ្នកត្រូវដើរឱ្យទាន់បច្ចេកវិទ្យា ឥឡូវនេះដើម្បីលក់អីវ៉ាន់បាន គេមិនមែនគ្រាន់តែបើកតូបនៅផ្សារមួយមុខប៉ុណ្ណោះទេ គឺគេបើកតូបលក់ក្នុងបច្ចេកវិទ្យាផងដែរ។ ដូច្នេះអ្នកត្រូវតែចេះគ្រប់យ៉ាង រៀនគ្រប់យ៉ាង ធ្វើយ៉ាងណាឱ្យដើរទាន់សង្គមមួយនេះ ទើបអ្នកអាចបង្កើនប្រាក់ចំណូលបាន។
៨. អនុវត្តចំណេះដែលអ្នកមានឱ្យកា្លយជាជំនាញ៖ គ្រាន់តែរៀនអ្វីមួយចេះមិនគ្រប់គ្រាន់ឡើយ បើជ្រុលជាចេះហើយ អ្នកក៏ត្រូវតែព្យាយាមអនុវត្តជាប្រចាំឱ្យក្លាយជាជំនាញ។ ជំនាញអាចជួយអ្នកដោះស្រាយបញ្ហាបានច្រើន ហើយក៏អាចការពារអ្នកពីបញ្ហាអត់ឃ្លាន ព្រោះថាជំនាញគឺជាប្រភពនៃចំណូល។
៩. កុំដើរផ្សារដោយគ្មានផែនការ៖ អ្នកជំនាញហិរញ្ញវត្ថុរូបនេះ បាននិយាយដោយសង្កត់ធ្ងន់ថា មុនពេលចេញទៅផ្សារអ្នកត្រូវតែរាយឈ្មោះមុខទំនិញដែលអ្នកចាំបាច់ត្រូវទិញជាមុនសិន។ ការទៅផ្សារដោយមានផែនការអាចការពារអ្នកពីការចំណាយតាមចំណង់ ជួយឱ្យលែងចាយខុសខ្ទង់ និងសន្សំសំចៃបានច្រើន។
១០. រៀនអ្វីដែលអ្នកមិនចេះ៖ ចំណុចចុងក្រោយនិងសំខាន់បំផុតនោះគឺ អ្នកត្រូវអភិវឌ្ឍន៍ចំណេះដឹង ដោយការរៀនសូត្រអ្វីថ្មីៗជានិច្ច។ មានវិធីជាច្រើនសម្រាប់ការរៀនសូត្រ ក្នុងនោះលោក Dave បានណែនាំឱ្យអ្នករៀនផ្ទាល់ពីអ្នកជំនាញ។ មានន័យថាបើចង់ចេះផ្នែកអចលនទ្រព្យត្រូវរត់រកអ្នកជំនាញអចលនទ្រព្យ បើចង់ចេះហិរញ្ញវត្ថុ ត្រូវរត់រកអ្នកជំនាញហិរញ្ញវត្ថុ។
អត្ថបទដោយ៖ សូ សុខលី