សល់តែប៉ុន្មានថ្ងៃទៀត រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានមកដល់ហើយ ខណៈប្រាក់ខែក៏ហោះចូលកុងបណ្តើរៗដែរ។ តើធ្វើម៉េចទើបសល់លុយចាយដល់ថ្ងៃចូលឆ្នាំ? ខាងក្រោមគឺជា រឿងធំៗ៣ ដែលអ្នកត្រូវប្រញាប់ធ្វើភ្លាម បើចង់មានលុយចាយពេញដៃ ហើយអាចជូនពុកម៉ែ ពេលទៅលេងស្រុក៖
១/. កញ្ចប់ចាំបាច់ ៥០%៖ បើមួយថ្ងៃញ៉ាំបាយបីពេល ចាយអស់៥$ សរុបមួយខែ ១៥០$ បូកជាមួយការចំណាយផ្សេងទៀតដូចជា កន្លែងស្នាក់នៅ (ជួលបន្ទប់ /ផ្ទះ), បង់ថ្លៃទឹក, ភ្លើងអគ្គិសនី និងការធ្វើដំណើរ សរុបទាំងអស់ ១០០$។ ដូច្នេះចូរយកលុយ ២៥០$ ដាក់ក្នុងកុងធនាគារមួយសម្រាប់ចាយ សល់ប៉ុន្មានឲ្យសល់ប៉ុណឹងហាមប៉ះពាល់។
២/. កញ្ចប់ជូនពុកម៉ែ ៣០%៖ ជូនលុយឪពុកម្ដាយ សាច់ញាតិបងប្អូន និងមនុស្សជាទីស្រឡាញ់ ជួបជុំមិត្តភក្ដិ ធ្វើម្ហូបទៅវត្ត និងចូលបុណ្យ សុទ្ធសឹងតែជាសកម្មភាពដែលត្រូវចំណាយលុយ។ ចូរត្រៀមកញ្ចប់លុយ ៣០% ឬស្មើនឹង ១៥០$ ទុកសម្រាប់ពេលទៅលេងស្រុក បើពុំនោះទេប្រយ័ត្នខ្ចីលុយអ្នកផ្ទះចាយវិញ។
៣/. កញ្ចប់កម្សាន្ត ២០%៖ រដូវបុណ្យទានម្តងៗ ជាឱកាសបានឈប់សម្រាកច្រើនថ្ងៃ ហើយក៏ជាពេលវេលាដ៏ល្អដែលអាចធ្វើដំណើរកម្សាន្តសាកថ្មជីវិត ក្រោយបំពេញការងារមមាញឹកអស់រយៈពេលជាយូរ។ ចូរដកលុយ ២០% ឬស្មើនឹង ១០០$ ដាក់ក្នុងកុងធនាគារផ្សេងមួយទៀត ដើម្បីធានាថាអ្នកមានលុយគ្រប់គ្រាន់ពេលថ្ងៃដើរលេងចូលមកដល់។
សរុបជារួម ប្រសិនបើអ្នកមានប្រាក់ចំណូល ៥០០$ ក្នុងមួយខែ នោះអ្នកត្រូវចែកជាបីចំណែកគឺ ៥០% = ២៥០ដុល្លារ, ៣០% = ១៥០ដុល្លារ និង ២០% = ១០០ដុល្លារ។ ៥០% លើកញ្ចប់តម្រូវការចាំបាច់, ៣០% លើកញ្ចប់ជូនពុកម៉ែ និងទុក ២០% សម្រាប់កញ្ចប់កម្សាន្ត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook