ការជ្រើសរើស និងឈានដល់ការចាប់ដៃគូរ សហការ រវាងស្ថាប័នទាំងពីរខាងលើ ត្រូវបានប្រកាសជាសាធារណះ និងយ៉ាងឱឡារិក នៅក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈ ដែលបានធ្វើឡើងនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧកញ៉ា លីម កុកឡុង CEO of The Flora Group និងលោក Mr. Yeung Kin Man, Deputy CEO of Bank of China ព្រមទាំងថ្នាក់ដឹកនាំ និង បុគ្គលិក The Flora Group និង ធនាគារចិន Bank of China (Hong Kong) Limited Phnom Penh Branch រួមនិងបងប្អូនសារព័ត៌មាន ជាច្រើនទៀត។
លោក ឧកញ៉ា លីម កុកឡុង អគ្គនាយកក្រុមហ៊ុន ឌឹ ផ្លរ៉ា គ្រុប (THE FLORA Group) បានឡើងថ្លែងសន្ទរកថា ដោយបង្ហាញក្តីសោមនស្សរីករាយ និងមានការពេញចិត្តជាខ្លាំង ដែលបានចូលរួម ក្នុងការចុះហត្ថលេខាលើ អនុស្សរណៈ នាវេលានេះ។
ជាមួយគ្នានេះ លោកឧកញ៉ា ក៏បានរំលឹកនិងរំលេចអំពីប្រវត្តិសាវតា នៃក្រុមហ៊ុន ឌឹ ផ្លរ៉ា គ្រុប (THE FLORA Group)។ លោកឧកញ៉ាមានប្រសាសន៍ថា ក្រុមហ៊ុន ឌឹ ផ្លរ៉ា គ្រុប (THE FLORA Group) បានចាប់ផ្តើមដំបូង ក្រោមស្លាកយីហោ ឌឹ ផ្លរ៉ា (THE FLORA) ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០១៥ ហើយបើគិតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយះពេល១០ឆ្នាំមកហើយ។ យើងបានចាប់ផ្តើមគំរោងសាងសង់ផ្ទះ ក្នុងបុរី ឌឹ ផ្លរ៉ា ដោយផ្តើមចាប់តាំងពីគម្រោងទី១ រហូតដល់គម្រោងទី៣ ដែលបច្ចុប្បន្នមានផ្ទះជាង២០០០ខ្នង សាងសង់ នៅលើទំហំដីប្រមាណ ២០០ហិចតា។
យើងក៏បានបោះជំហានទៅមុខ មួយកម្រិតទៀត ដោយចាប់ផ្តើមសាងសង អាគារខុនដូរ The FLORA Suites ក្នុងឆ្នាំ ២០២០ និងបន្តបើកការសាងសង សណ្ឋាគារ Mercure Hotel លំដាប់ផ្កាយ៤ ក្នុងឆ្នាំ២០២៤ ។ ពិសេសទៀតនោះ គឺនៅដើមឆ្នាំ២០២៥ កន្លងទៅនេះ យើងបាននាំចូល និងលក់រថយន្តអគ្គិសនី (EV) ដ៏ធំនិងឈានមុខគេ នៃក្រុមហ៊ុន BYD ដែលមានឈ្មោះថា BYD KHIEV Auto មានទីតាំងក្នុងរាជធានីភ្នំពេញ នាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម ដ៏រស់រវើក។
អំពីក្រុមហ៊ុន ឌឹ ផ្លរ៉ា គ្រុប បើតាមប្រសាសន៍លោក ឧកញ៉ា លីម កុកឡុង គឺផ្តោតលើកត្តាធំ ៤សំខាន់ៗ រួមមាន៖
ទី១.គុណភាព និងប្រណិតភាពនៃការរស់នៅជាសហគមន៍ ដែលយើងបង្កើត Borey The Flora.
ទី២.ការរស់នៅទាន់សម័យ និងរចនាម៉ូតបែបទំនើប ដែលជាខុនដូ The Flora Suites.
ទី៣.សណ្ឋាគារលំដាប់ផ្កាយ ដែលផ្តល់នូវសេវាកម្ម និងបដិសណ្ឋារកិច្ចខ្ពស់ គឺ Mercure Hotel
ទី៤. រថយន្តអគ្គិសនី ដែលមានគុណភាព បច្ចេកវិទ្យាទំនើប និងសន្សំសំចៃ គឺជា BYD KHIEV Auto។
ដោយឡែក សំរាប់ថ្ងៃនេះផងដែរ ការចាប់ដៃគូរ រវាងក្រុមហ៊ុន ឌឹ ផ្លរ៉ា គ្រុប (THE FLORA Group) និងធនាគារ ចិន Bank of China (Hong Kong) Limited Phnom Penh Branch គឺជាការយកចិត្តទុកដាក់ និងបោះជំហានថ្មីមួយជំហានទៀត ជូនដល់អតិថិជន នៃក្រុមហ៊ុន ឌឹ ផ្លរ៉ា គ្រុប (THE FLORA Group) និង ធនាគារចិន (Bank of China) ។ (លោកឧកញ៉ា លីម កុកឡុង បន្ថែម..)
សូមបញ្ជាក់ថា ក្រុមហ៊ុន ឌឹ ផ្លរ៉ា គ្រុប (THE FLORA Group) បានជ្រើសរើស ធនាគារចិន (Bank of China) ជាដៃគូរសហការ គឺដោយសារ ធនាគារ ចិន (Bank of China) ជាធនាគារធំមួយ លំដាប់ពិភពលោក ដែលមានផ្តល់នូវ ឥណទាន ប្រាក់កម្ចី ដែលមានការប្រាក់ទាប សេវាកម្មល្អ ជាមួយភាពជាដៃគូរ និងកិច្ចសហការអភិវឌ្ឍដ៏ល្អផងដែរ៕