អាយុ២៩ឆ្នាំសល់លុយ៣៨ម៉ឺន$ លោក Tanner Firl ត្រៀមចូលនិវត្តន៍ទាំងវ័យក្មេង ដោយដើរតាមផ្លូវទាំងនេះ
SOKLY SOMARCH 24 2023263 views

ស្របពេលដែលមានមនុស្សជាច្រើន អាយុក្រាសក្រែលហើយតែមិនទាន់មានទ្រព្យជាប់នឹងខ្លួន ឬរកលុយមិនទាន់ការចំណាយ លោក Tanner Firl បែរជាជាអាចសន្សំលុយសល់ដល់ទៅ ៣៨ម៉ឺនដុល្លារនៅអាយុត្រឹមតែ២៩ឆ្នាំ ហើយមានគម្រោងចូលនិវត្តន៍នៅអាយុត្រឹម៣៥ឆ្នាំទៀតផង។

​នៅក្នុងការចុះផ្សាយរបស់ CNBC បានឱ្យទៀតថា លោក Tanner រៀបគម្រោងថានឹងចូលនិវត្តន៍ជាមួយនឹងលុយសន្សំ ប្រមាណជាង ៦២ម៉ឺនដុល្លារ។ ដូច្នេះមានន័យថាគាត់នឹងត្រូវសន្សំលុយឱ្យបានជាង ២៤ម៉ឺនដុល្លារថែមទៀត នៅក្នុងរយៈពេលត្រឹមតែជាង៥ឆ្នាំប៉ុណ្ណោះ។ តើគាត់នឹងធ្វើបែបណាខ្លះទើបសល់លុយ?

ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលលោក Tanner តែងតែអនុវត្តន៍រហូតគាត់អាចកសាងទ្រព្យសម្បត្តិបានយ៉ាងច្រើនសម្រាប់ក្រុមគ្រួសារតូចរបស់គាត់។

១. ធ្វើជាកំពូលអ្នកសន្សំ

នៅក្នុងគ្រួសាររបស់លោក Tanner មានទស្សនៈពិសេសមួយគឺ អាលែកហ្ស៊ីនឹងការចាយលុយលើរបស់មិនចាំបាច់។ មានន័យថា ពួកគេមិនចូលចិត្តចាយលុយទៅលើរឿងណាដែល មិនអាចបង្កើនចំណូលមកវិញនោះទេ លើសពីនោះពួកគេក៏ពូកែរកវិធីសន្សំសំចៃការចំណាយណាស់ដែរ។

ជាក់ស្ដែងក្រោយពេលដែលលោក Tanner គាត់ចំណាយលុយទិញផ្ទះអស់ជាង ១៨ម៉ឺនដុល្លារ គាត់ក៏បានបង្កើតបន្ទប់បន្ថែមសម្រាប់ដាក់ជួលឱ្យគេ ដើម្បីបានចំណូលមកទប់ការចំណាយនៅផ្ទះ។

ដោយឡែកចំណុចពិសេសមួយទៀតគឺ ទោះបីជាលោក Tanner រកចំណូលបានច្រើនប៉ុនណាក៏គ្រួសាររបស់គាត់ទាំងមូល មិនដែលផ្លាស់ប្ដូរទម្លាប់ចាយវាយឬការរស់នៅឡើយ។

ឧបមាថា មួយខែរកបាន ១ពាន់ដុល្លារ គាត់ចំណាយលើការរស់នៅខ្ទង់ ៥០០ដុល្លារ លុះដល់រកបាន ១ម៉ឺនដុល្លារក៏គាត់នៅតែចំណាយខ្ទង់ ៥០០ដុល្លារ ទៅ៧០០ដុល្លារដដែល។

២. ត្រៀមសម្រាប់អនាគត

លោក Tanner បានលើកឡើងថា ទោះជាធ្វើអ្វីក៏ដោយពួកយើងមិនដែលភ្លេចត្រៀមខ្លួនសម្រាប់អនាគតឡើយ។ គ្រប់សកម្មភាពដែលយើចសម្រេចចិត្តធ្វើ គឺសុទ្ធសឹងតែមានគោលដៅច្បាស់លាស់ ដូច្នេះយើងកម្រសាងកំហុសណាស់ ជាពិសេសការចាយវាយលុយតែម្ដង។

លោកបានបន្តទៀតថា ជំហានដំបូងយើងត្រូវកំណត់នូវអ្វីដែលយើងចង់បានសិន បន្ទាប់មកជឿជាក់លើខ្លួនឯងថាអាចធ្វើបាន ហើយខំរកវិធីដើម្បីសម្រេចវា។ ជាក់ស្ដែងគាត់មានគោលបំណងចង់រកចំណូលឱ្យបាន ចូលនិវត្តន៍នៅអាយុខ្ទង់៣៥ឆ្នាំ ជាមួយនឹងលុយសន្សំប្រមាណជាង ៦២៥,០០ដុល្លារ គាត់ដឹងថាវាជាចំនួនច្រើន ប៉ុន្តែគាត់មិនបោះបង់ឡើយ ហើយខំរកគ្រប់វិធីដើម្បីបង្កើនចំណូល សម្រាប់សម្រេចគោលដៅដែលចង់បាន។

ទន្ទឹមនឹងនោះគាត់ក៏បាននិយាយថា ពាក្យថាចូលនិវត្តន៍មិនមែនសម្ដៅដល់ការដែលយើងឈប់ធ្វើការហើយមានពេលវេលាពេញលេញសម្រាប់ដើរកម្សាន្តតែមួយមុខនោះទេ។ និយមន័យនៃការចូលនិវត្តន៍របស់គាត់គឺ ជាការធ្វើអ្វីដែលអ្នកចង់ធ្វើក្នុងមួយជីវិតនេះ។

សរុបមកវិញតាមសាច់រឿងរបស់លោក Tanner បានបង្ហាញឱ្យឃើញថា ការសន្សំលុយមិនមែនជារឿងពិបាកហួសនឹងអាចធ្វើបាននោះទេ វាអាស្រ័យលើថា តើយើងមានគោលដៅច្បាស់ឬទេ? តើយើងស្មោះស្រង់នឹងខ្លួនឯងឬទេ? ហើយតើយើងមានការតាំងចិត្តគ្រប់គ្រាន់រួចហើយឬនៅ?

អត្ថបទដោយ៖ សូ សុខលី

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia