ថ្ងៃទី១០ កក្កដា ផ្អាកប្រតិបត្ដិការហោះហើរ តស់មកដឹងប្រវត្ដិខ្លះៗនៃព្រលានយន្ដហោះអន្ដរជាតិពោធិ៍ចិនតុង
Bunthoeun KoemMAY 13 202556 views

 ប្រសិនបើសិនគ្មានការប្រែប្រួលទេ ប្រតិបត្ដិការព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ឬព្រលានយន្ដហោះអន្ដរជាតិពោធិ៍ចិនតុង នឹងត្រូវរើទៅកាន់ព្រលានយន្ដហោះអន្ដរជាតិតេជោ នៅរាត្រីថ្ងៃទី៩ ឈានចូលទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះហើយ។ ខណៈប្រត្ដិបត្ដិការនៅក្នុងព្រលានយន្ដហោះចំណាស់មួយនេះ នឹងត្រូវផ្អាកដំណើរការចាប់ពីពេលនោះតទៅតែម្ដង។ នេះបើយោងតាមមន្ដ្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនាពេលថ្មីៗនេះ។

ធ្លាប់តែជាទីតាំងដឹកជញ្ជូនអ្នកដំណើរ និងទំនិញរាប់សិបឆ្នាំ តើព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ឬពោធិ៍ចិនតុងនេះមានប្រវត្ដិបែបណាខ្លះ? ថ្ងៃនេះយើងនឹងនាំប្រិយមិត្ដមកដឹងទាំងអស់គ្នា។ 

52cc077b 2d98 4c68 Ab6c 64e0829a513c

ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ បានចាប់ផ្ដើមកសាងជាលើកដំបូងនៅឆ្នាំ ១៩៥៧ ដោយក្រុមហ៊ុនបារាំងលើផ្ទៃ លើផ្ទៃដីទំហំ ៣៦៦.៧២ហិកតា មានទីតាំងស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ១៩ មករា ឆ្នាំ ១៩៥៩ ដោយពេលនោះមានឈ្មោះថា ព្រលានយន្ដហោះអន្តរជាតិពោធិ៍ចិនតុង។

នៅខែតុលា ឆ្នាំ១៩៩៤ ផ្លូវរត់ឡើងចម្ងាយ ៣០០០ ម៉ែត្រ ត្រូវបានទទួលការរ៉ាប់រង​ជួសជុលជាថ្មីឡើងវិញដោយក្រុមហ៊ុន MEADA របស់ជប៉ុន។ បន្ទាប់មកផ្លូវរត់ឡើង ត្រូវបានសាងសង់បន្ថែមប្រវែង ៣៥០ម៉ែត្រ ទៀតដោយក្រុមហ៊ុនបារាំង G.T.M (Grand Travaux de Marseille) សម្រាប់លទ្ធភាពការចុះចតនៃយន្តហោះធុនធំដូចជា៖  ATR Boeing332 Boeing337 និង Boeing747ជាដើម។

យ៉ាងណាដើម្បីឆ្លើយតបនឹងកំណើនចំនួនអ្នកធ្វើដំណើរ ព្រលានយន្ដហោះនេះត្រូវបានបើកការដ្ឋាន​រុះរើសាងសង់ជាថ្មីឡើងវិញ​នៅឆ្នាំ ១៩៩៥ ដោយក្រុមហ៊ុន SCA (Société de Concession de l'Aéroport)។ ព្រលានយន្ដហោះនេះត្រូវបានសាងសង់រួចរាល់​ជាស្ថាពរនៅឆ្នាំ ២០០២ ដែលមានលទ្ធភាពទទួលអ្នកដំណើរ​បាន ៥លាននាក់ក្នុង១ឆ្នាំ។ ហើយព្រលានយន្ដហោះអន្តរជាតិពោធិ៍ចិនតុង ក៏ត្រូវបានប្តូរឈ្មោះថ្មីទៅជាព្រលានយន្ដហោះអន្តរជាតិភ្នំពេញ​វិញនៅថ្ងៃទី ១៥ មករា ឆ្នាំ ២០០៣។

សូមជម្រាបថា គិតមកដល់ពេលនេះ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានបើកប្រតិបត្ដិការហោះហើររយៈពេល ៦៦ ឆ្នាំហើយ។ បន្ទាប់ពីផ្អាកប្រតិបត្ដិការហោះហើរនេះហើយ គេនៅមិនទាន់ដឹងថា ព្រលានយន្ដហោះអាយុកាល ៦០ ឆ្នាំផ្លាយនេះនឹងយកទៅធ្វើអ្វីបន្ដទៀតនោះឡើយ ទាល់តែរង់ចាំសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលបន្ដទៀត៕

8ba7898d 9a68 4135 9619 Bf05e3170489

657442ef 92d8 4c5d Ad58 E3740b7cbe77

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia