សព្វថ្ងៃនេះវិស័យធនាគារបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជួយឱ្យអាជីវកម្មគ្រប់ខ្នាតទាំងអស់ ដំណើរការទៅមុខបានដោយរលូន។ ហេតុនេះហើយ មនុស្សភាគច្រើនដែលរស់នៅក្នុងសង្គមមួយនេះ ចៀសមិនផុតពីការត្រូវប្រើកម្ចីពីធនាគារឡើយ។
ពាក់ព័ន្ធនឹងរឿងកម្ចីនេះដែរ មនុស្សម្នាក់ៗសុទ្ធតែប្រាថ្នាចង់បានទំហំកម្ចីធំ ព្រមជាមួយការប្រាក់ទាប ពេលដែលខ្លួនត្រូវការលុយសម្រាប់ប្រើប្រាស់ម្ដងៗ។ ដូច្នេះហើយ អ្នកជំនាញរបស់ក្រុមហ៊ុន (CBC) បានបង្ហាញពីគន្លឹះសម្ងាត់៩យ៉ាង ដែលអាចជួយឱ្យប្រវត្តិឥណទានរបស់អ្នក កាន់តែប្រសើរ និងងាយស្រូលក្នុងការស្នើកម្ចីទៅកាន់ធនាគារជាងមុន។
ទី១. ការស្នើសុំពិនិត្យរបាយការណ៍ឥណទានផ្ទាល់ខ្លួន
របាយការណ៍ ឥណទានផ្ទាល់ខ្លួនក៏ដូចជាសុខភាពរបស់យើងដែរ ដើម្បីឱ្យប្រាកដថាមិនមានបញ្ហា អ្នកគួរតែពិនិត្យវាឱ្យបានទៀងទាត់ យ៉ាងហោចណាស់មួយឆ្នាំពិនិត្យម្ដង។ ដើម្បីពិនិត្យរបាយការណ៍ឥណទានផ្ទាល់របស់អ្នកបាន អ្នកអាចស្នើសុំទៅកាន់ ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា (CBC) ឬតាមរយៈកម្មវិធីទូរស័ព្ទCBC Mobile ដែលអាចដោនលោតនៅក្នុង App Store ឬ Play Stores។
ទី២. ពិនិត្យមើលព័ត៌មានឥណទាន
ពេលអ្នកទទួលបានរបាយការណ៍ឥណទានហើយ អ្នកគួរពិនិត្យលើរាល់ព័ត៌មានលម្អិតរបស់អ្នក ឱ្យបានច្បាស់លាស់ ដើម្បីប្រាកដថាវាត្រឹមត្រូវឬក៏មានកន្លែងណាខុសឬអត់ទេ។ ជាពិសេសលើប្រវត្តិកម្ចី ចំនួនកម្ចី និងប្រវត្តិទូទាត់សង ព្រមទាំងថ្ងៃខែដែលបានសងត្រឡប់ តើមានយឺតឬខកខានឬទេ។
ទី៣. ស្នើការកែប្រែបើករណីព័ត៌មានក្នុងរបាយការណ៍ណាមួយមិនត្រឹមត្រូវ
ប្រសិនបើលោកអ្នកពិនិត្យឃើញថាមានព័ត៌មានណាមួយមិនត្រឹមត្រូវ អ្នកត្រូវប្រញាប់ស្នើសុំការកែសម្រួលទៅកាន់ស្ថាប័នហរិញ្ញវត្ថុដែលបានបំពេញព័ត៌មានមិនត្រឹមត្រូវ ឬដើម្បីឱ្យកាន់តែងាយស្រួលនិងឆាប់រហ័ស អ្នកគួរតែស្នើទៅកាន់ CBC ផ្ទាល់តែម្ដង។ ស៊ីប៊ីស៊ី នឹងធ្វើការសើរើ ស៊ើបអង្កេតលើករណីរបស់លោកអ្នក និងធ្វើការកែសម្រួលបាន។ អ្វីដែលរឹតតែពិសេសទៀតនោះគឺ អ្នកអាចស្នើដាក់ពាក្យកែសម្រួលតាមរយៈកម្មវិធីទូរស័ព្ទ CBC Mobile ដោយផ្ទាល់បានទៀតផង ធ្វើបែបនេះអ្នករឹតតែចំណេញពេលវេលាជាងមុន។
ទី៤. បង្កើតប្រវត្តិឥណទាន
បើអ្នកជាមនុស្សមិនធ្លាប់មានកម្ចីទាល់តែសោះ វាជារឿងល្អហើយ ប៉ុន្តែប្រសិនបើថ្ងៃក្រោយទៅអ្នកគិតថាខ្លួនឯងអាចនឹងត្រូវការប្រើប្រាស់កម្ចី អ្នកគួរតែចាប់ផ្តើមបង្កើតប្រវត្តិឥណទាន ។ អ្នកអាចជ្រើសរើសខ្ចីលុយសម្រាប់ប្រើប្រាស់តែម្ដងដោយមានគោលដៅច្បាស់លាស់ និងប្រាកដថាមានលទ្ធភាពក្នុងការបង់សងត្រឡប់ ដោយមានទំនួលខុសត្រូវ ឬដោយចាប់ផ្តើមប្រើប្រាស់កាតឥណទាន(Credit Card) ក៏បានដែរ។
ទី៥. ខ្ចីត្រឹមចំនួនសមល្មម
កម្ចីដែលអ្នកខ្ចី គឺគួរតែនៅក្នុងចំនួនសមល្មមបានហើយ កុំឱ្យលើសពីលទ្ធភាពដែលអ្នកអាចសងត្រឡប់ បើទោះបីធនាគារឱ្យកម្ចីអ្នកច្រើនក៏ដោយ។ ឧទាហរណ៍ថាធនាគារអាចឱ្យអ្នកខ្ចីច្រើន ហើយត្រូវបង់ប្រចាំខែដល់ទៅ ៤៥០ដុល្លារ ប៉ុន្តែអ្នកមានចំណូលត្រឹមតែ ៥០០ដុល្លារ អ្នកមិនគួរបង្កើតកម្ចីធំដល់ម្លឹងឡើយ ព្រោះថា៥០ដុល្លារចាយមួយខែមិនគ្រាន់ទេ។ កម្ចីដោយមានទំនួលខុសត្រូវ និងចំគោលដៅចាំបាច់របស់អ្នក ចៀសវាងពីបំណុលលើសលប់។
ទី៦. ទុករយៈពេលឱ្យកម្ចីនីមួយៗ
ដកឃ្លាពីកម្ចីមួយទៅកម្ចីមួយទៀត ក្នុងចន្លោះពេលសមល្មម កុំញឹកញាប់ពេក ដើម្បីរក្សាប្រវត្តិឥណទានរបស់អ្នកឱ្យល្អ។
ទី៧. ស្វែងរកតុល្យភាព
នៅពេលបង្កើតកម្ចីម្ដងៗ អ្នកត្រូវសិក្សាឱ្យបានច្បាស់ ដើម្បីប្រាកដថា វាជាចំនួនដែលអ្នកអាចទទួលខុសត្រូវបាន និងមិនធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុ។
ទី៨. បង់ឱ្យទាន់ពេលវេលា
ការទូទាត់សងត្រឡប់ ឱ្យបានត្រូវទៅតាមកាលកំណត់ កុំឱ្យមានការយឺតយ៉ាវសូម្បីតែមួយថ្ងៃ ព្រោះបើអ្នកខកខាន អាចធ្វើឱ្យ ប្រវត្តិឥណទានធ្លាក់ចុះបាន។ ប្រសិនបើអ្នកដឹងថា របាយការណ៍ឥណទានរបស់អ្នកមានប្រវត្តិយឺតយ៉ាវ អ្នកចាំបាច់ត្រូវប្តូរឥរិយាបទ ដោយចាប់ផ្តើមបង់សងត្រឡប់ឲ្យទាន់ពេល ដើម្បីស្តារប្រវត្តិឥណទានល្អឡើងវិញ។ បើក្នុងករណីមានកម្ចីដែលនៅសល់មិនទាន់បង់សងរួច អ្នកចាំបាច់ត្រូវធ្វើការបង់សងប្រាក់ដែលនៅសល់ឲ្យ
អស់។ ដូច្នេះហើយអ្នកចាំបាច់ត្រូវតាមដានព័ត៌មានប្រវត្តិឥណទានផ្ទាល់ខ្លួនរបស់អ្នក ឲ្យបានទៀងទាត់។
ទី៩. ខ្ចីឱ្យត្រូវ
ខ្ចីលុយឱ្យត្រូវ មានន័យថា មុននឹងស្នើសុំកម្ចី អ្នកត្រូវពិចារណាឲ្យច្បាស់ ថាអ្នកពិតជាត្រូវការកម្ចី និងយកទៅប្រើឱ្យចំគោលដៅ និងមានគោលបំណងច្បាស់លាស់។
ចំនុចខាងលើទាំងនេះនឹងជួយឲ្យអ្នកមានប្រវត្តិឥណទានកាន់តែប្រសើរ ហើយថែមទាំងជួយឲ្យបង្កើតឪកាសក្នុងការចចារជាមួយធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ ដើម្បីទទួលបានហរិញ្ញវត្ថុ ទៅតាមផែនការរបស់អ្នក។
អត្ថបទដោយ៖ សូ សុខលី
ចង់បានគំនិតល្អៗ សម្រាប់ដោះស្រាយបញ្ហាបំណុល សូមចុចចូលគ្រុប Telegram មួយនេះ ( https://t.me/so_soklyofficial )