អ្នកទិញផ្ទះតម្លៃក្រោម ២១ ម៉ឺនដុល្លារ នឹងរួចពន្ធប្រថាប់ត្រា​ ឲ្យតែស្ថិតក្នុងករណីពិសេសនេះ
Bunthoeun KoemNOVEMBER 26 20241.1 K views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលការណ៍ថ្មី១ទៀត ដើម្បីជួយសង្រ្គោះដល់វិស័យអចលនទ្រព្យ នោះគឺអ្នកដែលទិញផ្ទះលើកទី១ លើសពី ៧ ម៉ឺនដុល្លាររហូតដល់ ២១ ម៉ឺនដុល្លារក៏នឹងទទួលបានលើកលែងការបង់ពន្ធប្រថាប់ត្រាផងដែរ។  ខណៈដែលគោលការណ៍នេះ នឹងត្រូវអនុវត្ដន៍រហូតដល់ចុងឆ្នាំ២០២៥ ខាងមុខ។

 

គោលការណ៍ខាងលើ ធ្វើឡើងក្នុងគោលបំណងទាញថវិកាឲ្យធ្លាក់ចូលទៅក្នុងវិស័យមួយនេះឲ្យបានច្រើន ខណៈកន្លងមកវិស័យអចលនទ្រព្យគឺមានភាពជាប់គាំងខ្លាំង បន្ទាប់ពីការកើតឡើងនូវវិបត្ដិសេដ្ឋកិច្ច និងបញ្ហាផ្សេងៗនៅក្នុងពិភពលោក។

 

468485799 969447858559744 6799718236901008145 N

 

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា «ឥឡូវខ្ញុំកំពុងឲ្យរៀបចំគោលការណ៍មួយទៀត គឺសម្រាប់អ្នកទិញផ្ទះលើកទី១ (First Time Home Buyer) នៅក្នុងបុរី ឬខុនដូ។ ដើម្បីជួយឲ្យគេទិញ អ្នកដែលមានតម្លៃលើស ៧ ម៉ឺនតែនៅក្រោម ២១ ម៉ឺន បើសិនជាទិញលើកទី១ មិនមែនផ្ទះទិញលើកទី២ ឲ្យរួចពន្ធប្រថាប់ត្រាដែររហូតដល់ ២០ ម៉ឺន តែអនុវត្ដន៍ដល់ចុងឆ្នាំ២០២៥»

 

សូមជម្រាបផងដែរថា ដើម្បីជួយសង្រ្គោះដល់វិស័យអចលនទ្រព្យនេះ រាជរដ្ឋាភិបាលកន្លងមកក៏បានដាក់ចេញនូវវិធានការការកាត់បន្ថយបន្ទុកចំណាយបង់ពន្ធដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងប្រជាពលរដ្ឋ​ដែលជាម្ចាស់អចលនទ្រព្យ ដែលក្នុងនោះរួមមាន៖ ការលើកលែងពន្ធលើចំណេញមូលធនលើអចលនទ្រព្យ ទី២៖ការអនុញ្ញាតបង់ពន្ធជាកញ្ចប់តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ និងទី៣ ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី មានតម្លៃថ្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ៕

 

461774589 1097382925317643 502454830265646330 N

461997892 1097382955317640 2758879621151272835 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia