បើកលក់ដំបូងៗអត់អ្នកស្គាល់! នេះជាគន្លឹះធំៗទាំង ៥ ជួយឲ្យគេស្គាល់ច្រើន ដោយមិនបាច់boots ផេក
Srey NuthFEBRUARY 28 20241.5 K views

អ្នករកស៊ីមួយចំនួននៅពេលដែលចេញរកស៊ីដំបូងៗ គឺធ្វើការBoots ផេក ឬក៏ជួលអ្នកមានឥទ្ធិពលឲ្យជួយផ្សព្វផ្សាយដើម្បីឲ្យគេស្គាល់ ។ មែនទែនទៅកាលដែលធ្វើបែបនេះអាចធ្វើឲ្យគេស្គាល់តែមួយឆាវៗនោះទេ។ បើផលិតផល ឬហាងរបស់លោកអ្នកមិនមានមានគុណតម្លៃអ្វីដល់គេទៀត ផ្សាយម្ដងបាត់ឆឹងតែម្តង។

 

Photo 2024 02 09 15 12 15

 

ដូច្នេះដើម្បីចៀសវាងការចំណាយលុយច្រើនក្នុងពឹងពាក់បណ្ដាយសង្គម ថ្ងៃនេះចាបក្រហម​ សូមណែនាំ គន្លឺះធំៗទាំង៥ ជួយឲ្យគេស្គាល់ច្រើន ដោយមិនបាច់ជួលអ្នកមានឥទ្ធិពលឬ Boots ផេក៖

 

១. ព្យាយាមបង្កើតមាតិកាណាដែលទាក់ទាញ

 

ដើម្បីអាចធ្វើឲ្យផលិតផលរបស់អ្នកមានមនុស្សស្គាល់ច្រើន អ្នកគួរតែគិត និងស្វែងរកអំពីយុទ្ធសាស្ត្រ ក៏ដូចជាមាតិកាប្រភេទណាដែលវាស៊ីគ្នាជាមួយនឹងផលិតផលឬសេវាកម្មដែលអ្នកកំពុងតែមាន និងអាច ជាប្រភេទមាតិកាដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិជនគោលដៅរបស់អ្នកឲ្យនៅបន្តតាមដានមើល ស្ដាប់ និងអាននូវព័ត៌មាននៃផលិតផលអ្នក តាមរយៈការលេងពាក្យពេចន៍នៅលើ Captions​ ការបង្កើតជាវីដេអូកំប្លែង ឬជាវីដេអូអប់រំទៅតាមប្រភេទនៃផលិតផលឬសេវាកម្មរបស់អ្នក ឬតាមរយៈការបង្កប់នូវភាពច្នៃប្រឌិតក្នុងការឌីហ្សាញរូបភាព និងការបង្កើត Meme កំប្លែងៗជាដើម ដើម្បីធ្វើឲ្យអ្នកមើលនៅលើបណ្ដាញសង្គមហ្នឹង មានអារម្មណ៍ស្រដៀងគ្នាជាមួយនឹងប្រភេទ Meme​ ឬវីដេអូ ឬរូបភាពទាំងនេះ និងចែករំលែកសារនោះនៅលើបណ្ដាញសង្គម។

 

២. ដឹងច្បាស់អំពី Target Audience របស់អ្នក

 

មុនពេលដែលអ្នកចំណាយពេលវិនិយោគទៅលើការគិតនូវមាតិកាថ្មីៗ និងទាក់ទាញបាន លុះត្រាតែអ្នកដឹងច្បាស់អំពី Target Audience ជាមុនសិន ថាតើពួកគេគឺជានរណា? ស្ថិតនៅក្នុងវ័យណា? ចំណង់ចំណូលចិត្តរបស់ពួកគេគឺអ្វី? ហើយអ្វីដែលអាចទាក់ទាញពួកគេឲ្យបន្តតាមដានអ្នកនៅលើបណ្ដាញសង្គម និងបន្តគាំទ្រផលិតផលរបស់អ្នក? តើពួកគេភាគច្រើនចូលចិត្តចំណាយពេលទៅលើវេទិកាមួយណាជាងគេ? សំណួរទាំងនេះគឺសុទ្ធសឹងតែជាអ្វីដែលអ្នកត្រូវដឹង មុនពេលអ្នកអាចសម្រេចចិត្តថាត្រូវបង្កើតមាតិកាណាដែលត្រូវគ្នាជាមួយនឹង Target Audience របស់អ្នកបាន និងអាចទាក់ទាញពួកគេឲ្យចាប់អារម្មណ៍ប្រភេទអាជីវកម្មរបស់អ្នកបាន។

 

៣. ជ្រើសរើសវេទិកាក្នុងការផ្សព្វផ្សាយ

 

ដោយសារតែបច្ចុប្បន្ននេះវេទិកាដែលមានប្រជាប្រិយភាពជាងគេ គឺ Facebook Tik Tok និង Intstagram។ ដូច្នេះ ជាដំបូង អ្នកត្រូវកំណត់សិនថា តើវេទិកាផ្សព្វផ្សាយមួយណាដែលវាមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្សព្វផ្សាយផលិតផលថ្មីរបស់អ្នក ដើម្បីឲ្យមានមនុស្សស្គាល់កាន់តែច្រើនបាន? តែមុននឹងអ្នកអាចដឹងបានថាវេទិកាមួយណាល្អសម្រាប់ផលិតផលរបស់អ្នកបាន គឺទាល់តែអ្នកសាកល្បងបង្ហោះឲ្យបានគ្រប់វេទិកាសិន។

 

៤. បង្ហោះមាតិកា ឲ្យបានទៀងទាត់

 

បើទោះបីជាអ្នកបានបង្ហោះនូវមាតិកាល្អៗ និងអាចទាក់ទាញអ្នកមើលច្រើនក៏ដោយ ប៉ុន្តែប្រសិនបើអ្នកមិនមានកាលវិភាគក្នុងការបង្ហោះមាតិការបស់អ្នកឲ្យបានជាប់លាប់ទេ អ្នកទស្សនា (Target Audience) នៅលើបណ្ដាញសង្គមអាចនឹងភ្លេចនូវផលិតផលឬសេវាកម្មរបស់អ្នក ឬអាចនឹងលែងឃើញអំពីផលិតផលរបស់អ្នករហូត។ មួយវិញទៀត ប្រសិនបើអ្នកបង្ហោះមិនបានទៀងទាត់ឬយូរៗទើបបង្ហោះម្ដង នោះអ្នកទស្សនារបស់អ្នកនឹងបាត់បង់ទំនុកចិត្តលើអ្នក ហើយក៏មិនដឹងថាអ្នកជាក្រុមហ៊ុនអ្វីនោះដែរ។ ដូចនេះ ប្រសិនបើអ្នកចង់ឲ្យគេដឹងថាអ្នកជា ក្រុមហ៊ុនបែបណា អ្នកគប្បីរៀបចំកាលវិភាគក្នុងការបង្ហោះ ឲ្យបានទៀងទាត់និងជាប់លាប់ ដើម្បីឲ្យម៉ាកសញ្ញារបស់អ្នកដក់ជាប់នៅក្នុងអារម្មណ៍របស់អ្នកទស្សនា(Audience)។

 

៥.ផ្ដោតលើគុណតម្លៃ

 

ចំណុចចុងក្រោយដែលជាចំណុចសំខាន់ជាងគេ និងជាអ្វីដែមនុស្សត្រូវការជាងគេនោះគឺ ការផ្ដោតទៅលើគុណតម្លៃ ការកសាងទំនុកចិត្ត និងការដោះស្រាយបញ្ហាជូនទៅដល់អតិថិជនរបស់អ្នក។ ដោយសារតែនៅលើបណ្ដាញសង្គមគឺមានផលិតផលនិងសេវាកម្មច្រើនមែនទែន ប៉ុន្តែមិនប្រាកដថាផលិតផលទាំងនោះវាសុទ្ធតែអាចជួយដោះស្រាយបញ្ហាដល់គ្រប់អតិថិជននោះទេ ហើយក៏មិនប្រាកដថាវាជាផលិតផលដែលអាចទុកចិត្តបានដែរ។ ដូចនេះ ដើម្បីឲ្យផលិតផលរបស់អ្នកមានអ្នកប្រើប្រាស់ច្រើន អ្នកគប្បីបង្កើតនូវគុណតម្លៃមួយសម្រាប់អាជីវកម្មរបស់អ្នក កសាងទំនុកចិត្ត និងភាពជឿជាក់ ព្រមទាំងព្យាយាមស្វែងរកដំណោះស្រាយជូនអតិថិជនតាមដែលអាចទៅរួចបន្ទាប់មកបង្ហាញផលិតផលរបស់អ្នកនៅលើបណ្ដាញសង្គមដើម្បីឲ្យមនុស្សបានឃើញ និងចង់ទិញ៕

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia