នេះជាដំណឹងល្អមែនទែន ខណៈនាពេលថ្មីៗនេះគណៈប្រតិភូវិនិយោគិនដែលអញ្ជើញមកពីប្រទេសចិន និងសិង្ហបុរីបាន មកស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យនៅកម្ពុជាផងដែរ។
ជាក់ស្តែង នាពេលថ្មីៗនេះឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន និងសិង្ហបុរីតំណាងដោយ លោក Darren Teng នាយកគ្រប់គ្រងនៃ Cambodia Securities Plc. ក្នុងគោលបំណងផ្លាស់ប្តូរនូវព័ត៌មានសំខាន់នានាពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបខាងលើ ឯកឧត្តមបានគូសរំលេចអំពីបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពធន់នៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃផលិតផលក្នុងស្រុកសរុបជាលំដាប់, ស្ថិរភាពនៃអត្រាប្តូរប្រាក់ និងអតិផរណា, និងកំណើននៃគម្រោងវិនិយោគ។
ជាការឆ្លើយតប លោក Darren Teng បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បន្ថែមពីនេះ លោកក៏បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងក្រៃលែងនូវវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលបានរីកចម្រើនគួរជាទីកត់សម្គាល់ក្រោមការដឹកនាំចង្អុលទិសរបស់រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ធុរកិច្ច។
មុននឹងបញ្ចប់ លោកជឿជាក់ថាវិនិយោគិនដែលបានអមដំណើរក្នុងបេសកកម្មការងារនេះនឹងសម្លឹងមើលឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ៕