កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៥នេះរំពឹងថានឹងទទួលបានក្នុងរង្វង់៦,៣ភាគរយ ខណៈផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២៩២៤ ដុល្លារ។ នេះបើយោងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានដកស្រង់ដោយក្រសួងព័ត៌មាននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ។
ប្រភពដដែលបញ្ជាក់ថា ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះ បានធ្វើឡើងយោងទៅតាម កំណើនសេដ្ឋកិច្ចកម្ពុជា ដែលបានរំពឹងថានឹងងើបឡើងវិញក្នុងអត្រា ៦,០% នៅក្នុងឆ្នាំ ២០២៤នេះ ដោយយោងទៅលើសកម្មភាពនៃការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង ជាមួយ នឹងការចាប់ផ្តើម និងពន្លឿនការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងបង្កើនតម្លៃបន្ថែមទៀតដល់សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៤ កន្លងនេះ។
ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះដែរ ក៏ដោយសារការត្រលប់ទៅរកភាពល្អបន្តិចម្តងៗ នៃសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា, ស្របពេល ដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាស្ថិរភាព។ ទន្ទឹមនេះយោងទៅតាមលទ្ធផលរីកចំរើននៃវិស័យឧស្សាហកម្ម អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យសេវាកម្ម និងវិស័យកសិកម្ម ដែលបានពង្រឹងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា រួមជាមួយនឹងការបន្តពង្រឹងការកែទម្រង់ស៊ីជម្រៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកទៀតផង ។
សូមរំលឹកថា នៅក្នុងអំឡុងឆ្នាំរាតត្បាតដោយជំងឺកូវីដ១៩នៅឆ្នាំ២០២០បានធ្វើអោយសេដ្ឋកិច្ចកម្ពុជាធ្លាក់ដល់ក្រោមសូន្យ ប៉ុន្តែចាប់ពីឆ្នាំ២០២១មកសេដ្ឋកិច្ចកម្ពុជាបានងើបដល់៣,១ភាគរយ ឡើងវិញ ខណៈឆ្នាំ២០២២ ឡើងបាន៥,១ ភាគរយ និងឆ្នាំ២០២៣ រក្សាបាន៥ភាគរយ៕