ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple កំពុងតែក្រពុលមុខ ខណៈទើបតែចេញទូរស័ព្ទស៊េរីថ្មី iPhone16 បានរយៈពេលជាង ៤ខែប៉ុណ្ណោះ មានអតិថិជនជាច្រើនតែងតែត្អូញត្អែរពីបញ្ហាផ្សេងៗបន្ទាប់ពីទិញប្រើប្រាស់រួច។
ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយកេហទំព័រ bgr.com បានឱ្យដឹងថា អ្នកដែលប្រើប្រាស់ iPhone16 ភាគច្រើនបាននាំគ្នានិយាយថា ទូរស័ព្ទពេលប្រើប្រាស់ទៅគឺឆាប់ឡើងកម្តៅជាពិសេសគឺនៅពេលដែលពួកគេមើលយូធូប ឬលេងហ្គេមនិងប្រើប្រាស់អ៊ីនធីណេតគឺឆាប់ក្តៅយ៉ាងខ្លាំង។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ស៊េរីទូរស័ព្ទ iPhone16 និង iPhone16 Pro នេះ ក្រៅពីជួបបញ្ហាខាងលើ អ្នកប្រើប្រាស់ក៏បានត្អូញត្អែរពីបញ្ហាថ្មដែលឆាប់ថយចុះខ្លាំង ជាពិសេសគឺនៅពេលដែលពួកគេអាប់ដេតទៅប្រតិបត្តិការ iOS 18 ទោះបីជាពួកគេមិនបានប្រើអ្វីច្រើនក៏ដោយ។
យ៉ាងណាមិញ បើទោះបីជាបញ្ហាថ្មមិនមែនជារឿងចម្លែក បន្ទាប់ពីអាប់ដេត iOS ថ្មីក៏ដោយ ក៏ប៉ុន្តែបរិមាណនៃការត្អូញត្អែររបស់អ្នកប្រើប្រាស់ប្រតិបត្តិការ iOS 18 លើIphone16 មានច្រើនគួរឱ្យកត់សម្គាល់៕