បច្ចុប្បន្នយើងសង្គេតឃើញថា មានហាងការហ្វេជាច្រើន មិនថាជាហាង តូប តាមផ្ទះ ពិសេសគឺតាមម៉ូតូតែម្តង។ ប៉ុន្តែអ្វីដែលយើងសង្គេហាងកាហ្វេខ្លះ បើមិនទាន់បានប៉ុន្មានផងស្រាប់តែបិទទ្វាបាត់ ព្រោះតែគ្នាតិចនិចច្បាស់លាស់។ មែនទែនទៅ ហាងកាហ្វេមួយដែលចេញរូបរាងហើយ គឺជាអ្វីដែលយើងរមែងសាទរ ប៉ុន្តែដំណាក់កាលមិនចប់ត្រឹមនេះទេ ដើម្បីឲ្យអាជីវកម្មឈរជើងក្នុងទីផ្សារបានយូរ ក្នុងនាមម្ចាស់ហាងត្រូវបញ្ចេញម្លាំង និងសមត្ថភាពមួយកម្រិតទៀត។ ដូច្នេះថ្ងៃនេះ Business Cambodia នឹងលើកយកក្បួនមួយចំនួន ដើម្បីជួយជំរុញភាពជោគជ័យរបស់ហាងកាហ្វេរបស់លោកអ្នក ឲ្យឈរជើងបានយូរអង្វែង៖
១. គុណភាព និងតម្លៃ
គុណភាពពិតជាសំខាន់ និងជាជម្រើសទី១ ដែលអតិថិជនផ្ដល់អាទិភាព។ តាំងពីគ្រាប់់កាហ្វេ គ្រឿងផ្សំ ម៉ាសុីនឆុង ឬចម្រាញ់កាហ្វេ គួបផ្សំនឹងជំនាញឆុងត្រឹមត្រូវ ចាំបាច់ត្រូវសម្រិតសម្រាំងប្រកបនូវស្តងដាខ្ពស់ បន្ថែមជាមួយរសជាតិដែលឆ្ងាញ់។ អាជីវករក៏ត្រូវគិតគូរផងដែរអំពីការកំណត់តម្លៃកាហ្វេ ថាត្រូវលក់ចេញប៉ុន្មានរៀលក្នុងមួយកែវ ដែលតម្លៃសមរម្យ មិនចាកឆ្ងាយពីទីផ្សារ (មិនយកចំណេញច្រើនពេក ឬតិចពេក)។
២. ពង្រឹងការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន
ចំណុចសំខាន់មួយទៀតដែលអាចឲ្យហាងកាហ្វេបង្ហាញវត្តមានបានយូរជាមួយដៃគូប្រកួតប្រជែង គឺការយកចិត្តទុកដាក់ ខ្វល់ខ្វាយពីអតិថិជន តាមរយៈយុទ្ធសាស្ត្រនានា។ ម្ចាស់ហាងត្រូវយល់ដឹងពីការធ្វើទីផ្សារ របៀបទាក់ទាញអតិថិជនថ្មី ព្រមទាំងរក្សាអតិថិជនចាស់ផងដែរ តាមរយៈតិចនិកផ្សេងៗ ដូចជាការប្រមូលមតិយោបល់ពីអតិថិជន ការបញ្ចុះតម្លៃ ផ្ដល់កាតសមាជិក និងគូប៉ុងជាដើម ដើម្បីបង្ហាញពីភាពយកចិត្តទុកដាក់ចេញពីជម្រៅបេះដូងពីសំណាក់អាជីវកម្ម ទៅកាន់ភ្ញៀវ។
៣. សមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម
ការរកសុីជាធំតម្រូវឲ្យមានការគ្រប់គ្រងលុយកាក់បានល្អ។ ចំណូល ចំណាយ អាជីវករត្រូវកត់ត្រារាល់លំហូរសាច់ប្រាក់ឱ្យបានច្បាស់លាស់ ទុកដាក់នៅកន្លែងណា និងប្រើប្រាស់លុយចំណេញបែបណា ទើបមានប្រសិទ្ធភាព។ បើពុំនោះសោត ហានិភ័យដូចជាការធ្លាក់ចូលក្នុងបំណុល ឬក្ស័យធន អាចនឹងកើតឡើងគ្រប់ពេលវេលា។