តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លើការជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល មកដល់ពេលនេះគឺមានសប្បុរសជនបានចូលរួមបរិច្ចាគថវិកាជាហូរហែ។ ក្នុងនោះឃើញថាឧកញ៉ា ៣ រូបបានប្រកាសបរិច្ចាគថវិកាសរុបជាង ១ លានដុល្លារដើម្បីជួយដល់គម្រោងនេះផងដែរ។
១. លោកជំទាវលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ បានប្រកាសបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក
២. អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវអ្នកឧកញ៉ា បានប្រកាសបរិច្ចាគថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិក
៣. អ្នកឧកញ៉ា សំ អាង សហស្ថាបនិកក្រុមហ៊ុនវឌ្ឍនៈគ្រុប និងអ្នកឧកញ៉ា ឈុន លាង បានប្រកាសបរិច្ចាគថវិកាចំនួន២៥ម៉ឺនដុល្លារអាមេរិក
សូមជម្រាបថា ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះសប្បុរសជននានាសូមចូលរួមសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្ស និងមូលធនមនុស្សសម្រាប់សម្រេច «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០»៕