តំបន់ផ្លូវ ៦០ ម៉ែត្រគឺជាតំបន់មួយដែលមានសក្ដានុពលខ្លាំងនៅក្នុងរាជធានីភ្នំពេញ ខណៈទីតាំងនេះ បានឆក់យកគម្រោងធំៗជាច្រើនដូចជា ផ្សារទំនើប និងបុរីល្បីៗមកបណ្ដាក់ទុននិយោគសាងសង់គម្រោងរបស់ខ្លួន។ អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះគឺ តំបន់នេះបានទាញយកគម្រោងផ្សារទំនើបល្បីៗចំនួន ៣ដែលមានដូចជា ផ្សារទំនើប ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល, ផ្សារទំនើប ប៉េង ហ៊ូត, និងផ្សារទំនើប អ៊ីអន ទី៣ ជាដើម។
យ៉ាងណាគិតមកដល់ពេលនេះ ក្នុងចំណោមផ្សារទាំង ៣ ខាងលើ មានផ្សារទំនើបមួយហើយដែលដំណើរការសាងសង់រួចរាល់ និងបើកដំណើរការជាផ្លូវការ នោះគឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល។ ដោយនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរៀបចំពិធីសម្ពោធបើដំណើរការសាកល្បងជាផ្លូវការ។
តាមការបញ្ជាក់ពីលោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុនជីប ម៉ុង រីថែល បានឲ្យដឹងថា ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល នេះមានកម្ពស់ ៤ ជាន់ មានផ្ទៃក្រឡាសរុប ១៦ ម៉ឺនម៉ែត្រការ៉េ។ ហើយផ្សារនំនើបនេះ ប្រមូលផ្តុំទៅដោយផលិតផលល្បីៗ នៅក្នុងស្រុក និងអន្តរជាតិ ដែលមានទៅដល់ ១៧០ ម៉ាកសម្រាប់បំពេញតម្រូវការចាំបាច់របស់អតិថិជនផងដែរ។
បញ្ជក់ដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល មានទីតាំងស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្ដានុពល និងសម្បូរទៅដោយប្រជាជនរស់នៅយ៉ាងច្រើនកុះករ។
ដោយឡែក សម្រាប់ផ្សារទំនើប ប៉េង ហ៊ួត និងផ្សារទំនើប អ៊ីអនទី ៣ វិញបច្ចុប្បន្នក៏កំពុងធ្វើការសាងសង់យ៉ាងសស្រាក់សស្រាំផងដែរ។ ក្នុងនោះចំពោះផ្សារទំនើប អ៊ីអនទី៣ តាមការបញ្ជាក់ពីក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា កន្លងមក គម្រោងគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២២ ដែរ ខណៈផ្សារនេះបានសាងសង់នៅលើផ្ទៃដីជាង១៧ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ និងមានហាងសរុបប្រមាណ ២៥០ហាង៕
អត្ថបទ៖ កឹម ប៊ុនធឿន