ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា មានក្រុមហ៊ុនធំៗចំនួន៣ បាននឹងកំពុងសិក្សាអំពីសក្ដានុពលនៃការវិនិយោគបង្កើតរោងចក្រក្នុងខេត្តព្រៃវែង ក្នុងនោះមានក្រុមហ៊ុនចំនួន២ នឹងចាប់ផ្ដើមសកម្មភាពនាពេលឆាប់ៗខាងមុខនេះហើយ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ការទាក់ទាញបានក្រុមហ៊ុនមកបោះទុនវិនិយោគនេះ គឺជាផ្នែកមួយនៃការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋ និងពង្រីកការនាំចេញផលិតផលផ្សេងៗទៅក្រៅប្រទេស។
ដើម្បីជំរុញបន្ថែមទៀតនូវសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជម្រាបជូនប្រជាពលរដ្ឋ និងអង្គពិធីដែរថា រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នឹងរួមគ្នាសិក្សាអំពីផលិតផលដែលមានសក្ដានុពលនៅតាមមូលដ្ឋានក្រុង ស្រុក ទាំងផលិតផលកសិកម្ម និងសិប្បកម្មនានា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស ក្នុងនោះក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ រួមទាំងអង្គភាពចំណុះរដ្ឋបាលខេត្តព្រៃវែង នឹងមានចលនារួមមួយ ដោយសម្រាំងយកផលិតមួយចំនួនរៀបចំវេចខ្ចប់ធ្វើជាអំណោយជូនភ្ញៀវជាតិ និងអន្តរជាតិ៕