កាលពីពេលកន្លងទៅថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលើកពេលសម្រាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងផ្លូវក្រវាត់ក្រុងទី៣ ដោយហេតុថាសម្ដេចមានកម្មវិធីរវល់ច្រើន និងគ្រោងលើកកម្មវិធីនេះទៅរៀបចំនៅពេលបោះឆ្នោតរួចវិញ។ ប៉ុន្ដែយ៉ាងណានៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោបានប្រកាសថា នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣នេះនៅថ្ងៃទី៣០ ខែមិថុនា ខាងមុខតែម្ដង។
ថ្លែងនៅក្នុងពិធីសម្ពោធបើកការដ្ឋានខាងលើសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា “ឥឡូវដាក់កម្មវិធីហ្នឹង កំណត់ថ្ងៃ ៣០ ខែមិថុនា គឺសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ដើម្បីឲ្យហើយតែម្ដងទៅ”។
សូមរំលឹកថា ក្រវាត់ក្រុងទី៣ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក និងអនុវត្តការងារត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥,៣៨ លានដុល្លារអាមេរិកក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
គម្រោងផ្លូវនេះមានប្រវែងជិត ៥៣ គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ។ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕
អត្ថបទ៖ កឹម ប៊ុនធឿន