បើចៀសបានបំណុលឆាប់អស់! កំហុសធំៗ៥ គួរចៀសវាងដាច់ខាតអំឡុងពេលដោះបំណុល បើចង់ឲ្យបំណុលឆាប់អស់
Toeuy HongJULY 6 202525 views

បច្ចុប្បន្នមនុស្សជាច្រើនកំពុងតែមានបញ្ហាបំណុលហើយក៏កំពុងព្យាយាមដោះបំណុល។ យ៉ាងណាមិញបើអ្នកកំពុងព្យាយាមដោះបំណុលតែមិនដឹងពីក្បួនក្នុងការដោះទេនោះ បំណុលអ្នកមិនងាយអស់ឡើយ ហើយស្រួលមិនស្រួលអាចធ្វើឲ្យបំណុលកាន់តែកើនក៏ថាបាន។

 ខាងក្រោមនេះគឺជាកំហុសធំៗចំនួន៥ដែលអ្នកគួរចៀសវាងអំឡុងពេលដោះបំណុល បើចង់ដោះបំណុលឲ្យបានឆាប់។

. ការមិនប្ដូរទម្លាប់ចាយលុយ

បើអ្នកកំពុងមានបំណុលជាប់ខ្លួន អ្នកមិនគួរចាយលុយដូចកាលដែលមិនទាន់មានបំណុលបានទេព្រោះបើអ្នកនៅតែរក្សាទម្លាប់ចាយដូចពីមុននោះបំណុលអ្នកមិនងាយអស់ឡើយ។ ដូច្នេះអ្នកគួរប្ដូរទម្លាប់ដោយចាយសន្សំសំចៃជាងមុនឬកាត់ផ្ដាច់ឬកាត់បន្ថយចំណាយមិនចាំបាច់ដើម្បីសល់លុយសម្រាប់យកមកដោះបំណុល។

. ការព្យាយាមដោះបំណុលតែម្នាក់ឯង

ត្រង់នេះគឺមានន័យថាអ្នកចេះតែព្យាយាមធ្វើទាំងទទឹងទិសដោយមិបានសុំការប្រឹក្សាយោបល់ពីអ្នកដទៃ។ ពេលខ្លះបើអ្នកមិនដឹងផ្លូវក្នុងការធ្វើអ្វីមួយទេនោះ អ្នកធ្វើមិនងាយជោគជ័យឡើយ។ ចំពោះការដោះបំណុលគឺក៏ដូច្នេះដែរពោលគឺអ្នកអាចសុំយោបល់ឬជំនួយពីអ្នកដទៃដែលគេមានបទពិសោធន៍ក្នុងការដោះបំណុលដើម្បីដឹងពីគន្លឹះក្នុងការដោះបំណុល។

. ការមិនធ្វើផែនការចំណាយប្រចាំខែ

មនុស្សជាច្រើនមើលរំលងការចាត់ចែងលុយកាក់ និងការធ្វើផែនការចំណាយ ដោយពួកគាត់គិតថាពេលជាប់បំណុលប្រឹងរកលុយឲ្យបានច្រើនទៅគឺដោះបំណុលបានហើយ។ ជាការពិតណាស់ពេលជាប់បំណុលការប្រឹងរកចំណូលបានច្រើនពិតជាល្អ តែទន្ទឹមនឹងនេះអ្នកត្រូវធ្វើផែនការចំណាយប្រចាំខែតាមរយៈកត់ត្រាការចំណាយនិងកំណត់ខ្ទង់ចំណាយដើម្បីឲ្យអ្នកអាចសល់លុយទុកដោះបំណុល។

. ការព្យាយាមដោះបំណុលច្រើនកន្លែងក្នុងពេលតែមួយ

ត្រូវចាំថាបើធ្វើរឿងច្រើនក្នុងពេលតែមួយមិនងាយជោគជ័យឡើយដូចពាក្យខ្មែរពោលថា” ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច”។ ចំពោះការដោះបំណុលអ្នកមិនគួរព្យាតយាមដោះបំណុលច្រើនកន្លែងក្នុងពេលតែមួយឡើយ។ ត្រង់នេះទោះជាអ្នកមានបំណុលច្រើនកន្លែងពិតមែន តែអ្នកគួរផ្ដោតដោះបំណុលតូចបំផុតមុនគេ ព្រោះក្បួនដោះបំផុតបែបនេះធ្វើឲ្យអ្នកមានទឹកចិត្តដោះ​ព្រោះអ្នកឃើញបំណុលចាប់ផ្ដើមបាត់បន្តិចម្ដងៗ។

. មិនសន្សំលុយបម្រុងទុកពេលមានអាសន្ន

មនុស្សមួយចំនួនធំអំឡុងពេលជាប់បំណុលមិនបានគិតគូរឿងសន្សំលុយទុកការពារពេលមានអាសន្ននោះពោលគឺគិតតែពីរកលុយដោះបំណុល។ យ៉ាងណាមិញអំឡុងពេលជាប់បំណុលអ្នកគួរសន្សំលុយទុកការពារពេលមានអាសន្នចំពោះហេតុការណ៍ដែលអ្នកមិនអាចដឹងមុន ដូចជា បាត់បង់ការងារ ធ្លាក់ខ្លួនឈឺជាដើម។ អ្នកអាចប្រើប្រាស់លុយសន្សំមកដោះស្រាយបញ្ហាទាំងនោះ តែបើអ្នកគ្មានលុយសន្សំទេនោះ អ្នកអាចនឹងកាន់តែជាប់បំណុលថែមព្រោះពេលជួបបញ្ហា អ្នកខ្ចីលុយគេភ្លាមៗដើម្បីដោះស្រាយដែលជាកម្ចីការប្រាក់ខ្ពស់៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia