មនុស្សម្នាក់ៗទម្រាំអាចកសាងទ្រព្យសម្បត្តិបានគឺត្រូវខិតខំប្រឹងប្រែងចំណាយទាំងកម្លាំងកាយ កម្លាំងបញ្ញានិងពេលវេលា។ ដូច្នេះបើមានទ្រព្យសម្បត្តិហើយអ្នកត្រូវរក្សាវាកុំឲ្យខាតបង់។ ទាក់ទងនឹងទ្រព្យសម្បត្តិនេះដែរលោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា ក្រៅពីល្បែង ស្រីស្រា និងការចាញ់បោកអ្នកដទៃ មានរឿង៥ទៀតអាចធ្វើអោយអ្នកខាតបង់ទ្រព្យសម្បត្តិដែលខិតខំរកដោយលំបាកដោយមិនដឹងខ្លួន។ រឿង៥មានដូចខាងក្រោមនេះ។
១. ជីវិតហ៊ឺហាហួសសមត្ថភាព៖ បច្ចុប្បន្នមនុស្សមួយចំនួនបានរស់នៅក្នុងជីវិតមួយហ៊ឺហាដែលហួសពីសមត្ថភាពនិងលទ្ធភាពរបស់ខ្លួន។ ការរស់នៅបែបនេះមិនធ្វើឲ្យអ្នករីកចម្រើនទេ តែផ្ទុយទៅវិញធ្វើឲ្យអ្នកជួបបញ្ហាដូចជារស់នៅខ្វះមុខខ្វះក្រោយជាពិសេសគឺជួបបញ្ហាបំណុលព្រោះតែចាយហួសលទ្ធភាពនេះឯង។
២. ធ្វេប្រហែសមិនថែទាំសុខភាព៖ គេថាសុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុតព្រោះពេលមានអ្នកសុខភាពមាំមួន អ្នកនឹងមានកម្លាំងនិងពេលវេលាអាចរកលុយបានច្រើនដើម្បីកសាងទ្រព្យសម្បត្តិ។ យ៉ាងណាមិញបើសុខភាពអ្នកមិនល្អឬទ្រុឌទ្រោមអ្នកមិនអាចរកលុយបានឡើយហើយថែមទាំងត្រូវចាយលុយយ៉ាងច្រើនដើម្បីព្យាបាល។
៣. បំណុលនិងការចំណាយលើការប្រាក់៖ មានមនុស្សជាច្រើនបានសម្រេចខ្ចីលុយគេនិងបង់រំលស់ប្រចាំខែដោយមិនបានគិតពីការប្រាក់នោះទេពោលគឺឲ្យតែបានរបស់ក៏សម្រេចចិត្តបង់រំលស់។ យ៉ាងណាមិញការបង់រំលស់របស់មួយចំនួនគឺអ្នកត្រូវចំណាយការប្រាក់ច្រើនណាស់ ហើយរបស់ដែលអ្នកបង់រំលស់នោះមិនបានធ្វើឲ្យអ្នករកចំណូលឬបង្កើនទ្រព្យបានឡើយ។
៤. វិបត្តិសេដ្ឋកិច្ចនិងអតិផរណា៖ អតិផរណាគឺមានន័យថាទំនិញឬសេវាកម្មលើទីផ្សារឡើងថ្លៃហើយលុយរបស់អ្នកកាន់តែចុះថោកដូច្នេះវាធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នក។ ដូច្នេះអ្នកគួរចេះប្រើលុយដែលរកបានយកទៅវិនិយោគដើម្បីឲ្យលុយរបស់អ្នកកើនឡើងជាលំដាប់រត់បានបានមុនអតិផរណា។
៥. ការតព្វកិច្ចពន្ធដែលជាប់ពិន័យដោយមិនបានជំរះបញ្ជីត្រឹមត្រូវ៖ មនុស្សមួយចំនួនមិនបានយកចិត្តទុកដាក់លើពេលវេលាក្នុងការបង់ពន្ធឲ្យបានត្រឹមត្រូវជាលទ្ធផលជាប់ពិន័យពន្ធដែលត្រូវចំណាយលុយច្រើនដើម្បីបង់សងពីការពិន័យផ្នែកពន្ធដារនេះ៕