មុនខ្ចីលុយត្រូវគិត! ខ្ចីលុយទៅរកស៊ី ត្រូវគិតលើរឿង៥នេះ ចៀសវាងខ្ចីហើយធ្លាក់ក្នុងបញ្ហាបំណុល
Toeuy HongJANUARY 25 2024374 views

 អ្នករកស៊ីជាច្រើនតែងតែប្រើប្រាស់កម្ចីមិនថាកម្ចីពីធនាគារឬកម្ចីពីឯកជននោះទេ ដើម្បីបានទុនចាប់ផ្ដើមអាជីវកម្មឬបានទុនមកយកពង្រីកអាជីវកម្មបន្ថែម។ យ៉ាងណាមិញ អ្នកខ្លះខ្ចីទៅរកស៊ីប្រើប្រាស់កម្ចីមានប្រសិទ្ធភាពធ្វើឲ្យអាជីវកម្មរីកធំធាត់ជាលំដាប់ ចំណែកអ្នកខ្លះទៀតប្រើប្រាស់កម្ចីមិនបានល្អធ្វើឲ្យពួកគាត់ធ្លាក់ក្នុងបញ្ហាបំណុល។

 

ជុំវិញការខ្ចីលុយមករកស៊ី ខាងក្រោមនេះគឺជារឿងមួយចំនួនដែលបងប្អូនគួរធ្វើមុននឹងខ្ចីលុយទៅរកស៊ី ចៀសវាងខ្ចីលុយជួបបញ្ហាបំណុល។

 

. ខ្ចីដោយមានគោលបំណងច្បាស់លាស់

 ត្រង់នេះអ្នកត្រូវច្បាស់ថាតើលុយដែលអ្នកខ្ចីគេលុយយកធ្វើអីឲ្យពិតប្រាកដ ពោលគឺបើខ្ចីយកទៅទិញដីឲ្យច្បាស់ថាទិញដី បើខ្ចីទៅធ្វើជាទុនបង្វិលឲ្យច្បាស់ជាទុនបង្វិលរកស៊ី ហើយបើយកទៅពង្រីកអាជីវកម្មឲ្យច្បាស់ថាពង្រីកអាជីវកម្ម។

 

យ៉ាងណាមិញបើអ្នកខ្ចីធនាគារហើយលាក់លៀមថ្ងៃក្រោយនឹងមានបញ្ហាបំណុលខ្លួនឯង។ ឧទាហរណ៍ខ្ចីលុយទៅទិញឡានតែប្រាប់មន្រ្តីឬបុគ្គលិកធនាគារថាខ្ចីយកទៅរកស៊ី ពេលខ្លះធ្វើឲ្យអ្នកធ្លាក់ទៅក្នុងបញ្ហាបំណុល។ ជាក់ស្ដែងអ្នកខ្លះទៅខ្ចីកុហក់គេ ដូចជាខ្ចីទិញឡានតែប្រាប់គេថាខ្ចីទៅរកស៊ី ជាលទ្ធផលអ្នកជួបបញ្ហាបំណុលគ្មានលទ្ធភាពបង់សងទៅម្ចាស់បំណុលវិញព្រោះខ្ចីទៅទិញរបស់ដែលមិនអាចបង្កើតជាប្រភពចំណូលបាន។

 

. ដឹងពីទំហំកម្ចីត្រូវខ្ចីនិងលទ្ធភាពបង់សង

អ្នកត្រូវដឹងថាតើអ្នកមានលទ្ធភាពអាចខ្ចីលុយគេបានប៉ុន្មានដែលមិនច្រើនជ្រុសលដែលធ្វើឲ្យអ្នកពិបាកក្នុងការបង់សងទៅវិញ។ លើសពីនេះអ្នកក៏ត្រូវដឹងពីលទ្ធភាពក្នុងការបង់សង។ ឧទាហរណ៍បើអ្នកខ្ចីលុយហើយត្រូវបង់សងប្រចាំខែ៥០០ដុល្លារ តើអ្នកមានលទ្ធភាពបង់សងប្រចាំខែចំនួននេះគ្រប់គ្រាន់ឬទេ។ កាលណាអ្នកខ្ចីលុយច្រើនពេកលើសពីលទ្ធភាពនឹងធ្វើឲ្យអ្នករងសម្ពាធលុយកាក់ក្នុងការរស់នៅ ដូចជាមិនមានលុយគ្រប់គ្រាន់សម្រាប់ចំណាយចាំបាច់ក្នុងគ្រួសារព្រោះតែរវល់យកលុយបង់សងបំណុលប្រចាំខែ ដូច្នេះត្រូវដឹងពីទំហំគួរខ្ចីលុយលទ្ធភាពបង់សងប្រចាំខែ។

 

បើតាមច្បាប់ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ចំពោះការបង់សងកម្ចីប្រចាំខែមិនគួរលើសពី៣៥%នៃចំណូលប្រចាំខែរបស់អ្នកនោះទេ។ ឧទាហរណ៍បើអ្នកមានចំណូល១ពាន់ដុល្លារក្នុងមួយខែ អ្នកមិនគួរបង់សងប្រចាំខែលើសពី៣៥០ដុល្លារឡើយ ព្រោះបើអ្នកបង់លើស៣៥%នៃចំណូលប្រចាំខែ ក្នុងករណីចំណូលធ្លាក់ចុះ ឬមានបញ្ហាអ្វីមួយអ្នកច្បាស់ជាជួបបញ្ហាលុយកាក់មិនខានឡើយ។

 

. គិតលើអត្រាការប្រាក់និងលក្ខខណ្ឌកម្ចី

 អ្នកខ្លះខ្ចីធនាគារតែមិនដឹងថាលក្ខខណ្ឌកម្ចីគេបែបណាខ្លះ។ មិនតែប៉ុណ្ណោះអ្នកខ្លះមិនដឹងថាតើការប្រាក់គេយកប៉ុន្មានភាគរយផង។ ដូច្នេះមុននឹងខ្ចីលុយត្រូវមើលពីលក្ខខណ្ឌកម្ចីឲ្យបានច្បាស់ជាពិសេសត្រូវអាននូវលក្ខខណ្ឌកម្ចីដែលគ្រឹះស្ថានហិរញ្ញវត្ថុបានចែងមុននឹងចុះហត្ថលេខាទទួលកម្ចី។ បើអ្នកមិនបានគិតពីអត្រាការប្រាក់និងលក្ខខណ្ឌកម្ចីទេនោះពេលខ្ចីលុយអ្នកអាចនឹងជួបបញ្ហាមួយចំនួនអំឡុងពេលខ្លី។

 

. ភាពច្បាស់លាស់លើមុខរបររបស់អ្នក

អ្នកត្រូវដឹងថាតើអ្នកច្បាស់លាស់និងមានទំនុកចិត្តប៉ុនណាចំពោះមុខរបរអាជីវកម្មរបស់អ្នកដែលធ្វើឲ្យអ្នកហ៊ានសម្រេចចិត្តខ្ចីលុយធនាគារយកទៅរកស៊ីឬពង្រីកមុខរបរនោះ។ ត្រង់នេះមានសំណួរមួយចំនួនអ្នកត្រូវសួរហើយឆ្លើយខ្លួនឯងដូចជា តើអ្នកមានជំនាញនិងចំណេះដឹងលើមុខរបរនោះកម្រិតណា មុខរបរនោះអាចមានហានិភ័យអ្វីខ្លះ ហើយដើម្បីចៀសវាងហានិភ័យតើអ្នកបានត្រៀមខ្លួនអ្វីខ្លះដើម្បីទប់ទល់។ បើអ្នកអាចឆ្លើយនូវសំណួរទាំងនេះដោយភាពជឿជាកនោះអ្នកអាចខ្ចីលុយគេដោយភាពជឿជាក់ដូចគ្នា។

 

. ត្រូវជ្រើសរើសកម្ចីដែលត្រូវនឹងគោលបំណងរបស់អ្នក

ត្រង់នេះបើអ្នកខ្ចីលុយទៅទិញអចលនទ្រព្យរយៈពេលវែង អ្នកគួរជ្រើសរើសកម្ចីរយៈពេលវែង ហើយបើអ្នកខ្ចីធ្វើជាទុនបង្វិលរយៈពេលខ្លះអ្នកអាចស្វែងរកកម្ចីរយៈពេលខ្លី។ កម្ចីមានច្រើនប្រភេទដូច្នេះអ្នកអាចចាយពេលដើរជ្រេរមើលប្រភេទកម្ចីណាដែលសក្ដិសមសម្រាប់អ្នក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia