ហាងឆេងមាសអន្តរជាតិបានបំបែកកំណត់ត្រាតម្លៃថ្មីដោយឡើងខ្ពស់បំផុតចាប់តាំងពីខែមេសាឆ្នាំ២០២៥នេះ។ គិតត្រឹមព្រឹកនេះ ហាងឆេងមាសអន្តរជាតិបន្តឡើងថ្លៃចំនួន៣៥ដុល្លារបន្ថែមទៀតដោយឡើងដល់៣,៥៦៣ដុល្លារក្នុងមួយអោន( ស្មើនឹង៤,២៩២ដុល្លារក្នុងមួយតម្លឹង)។ ចំណែកហាងឆេងមាសក្នុងស្រុកយើងព្រឹកនេះឡើងដល់ ៤២៩ដុល្លារក្នុងមួយជី។
ខាងក្រោមនេះគឺជាកត្តាធំៗដែលបន្តរុញតម្លៃហាងឆេងមាសអន្តរជាតិនិងហាងឆេងមាសក្នុងស្រុកឲ្យកាន់តែកើនឡើងគំហុក។
១. ការរំពឹងទុកនៃការទម្លាក់ការប្រាក់ដុល្លារ៖ នៅអំឡុងខែកញ្ញានេះ មនុស្សគ្រប់គ្នារំពឹងទុកថា ធនាគារកណ្ដាលអាមេរិកនឹងទម្លាក់ការប្រាក់ដុល្លារ។ ការទម្លាក់ការប្រាក់ដុល្លារធ្វើឲ្យមាសកាន់តែមានភាពទាក់ទាញខណៈការប្រាក់ដុល្លារកាន់តែទាបមនុស្សចាប់ផ្ដើមលក់ដុល្លារមកទិញមាសវិញ។
២. ការចុះខ្សោយនៃប្រាក់ដុល្លារ៖ ចាប់តាំងពីលោកត្រាំឡើងកាន់តំណែងជាប្រធានាធិបតីជាលើកទី២មក ប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកចាប់ផ្ដើមចុះខ្សោយប្រមាណជាង១១%។ ហើយការចុះខ្សោយនៃប្រាក់ដុល្លារនេះជាកត្តាធំមួយផងដែរធ្វើឲ្យមាសឡើងខ្លាំង។
៣. តម្រូវការមាសខ្លាំង៖ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់ ធនាគារកណ្ដាលនៃប្រទេសជាច្រើនបន្តទិញមាសស្ដុកទុក។ ក្នុងនោះដែរ ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងលោកបានបន្តទុកមាសស្តុកទុកយ៉ាងច្រើន។
៤. កត្តាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចមិនច្បាស់លាស់៖ កត្តាសេដ្ឋកិច្ចមិនច្បាស់លាស់ក៏ជាកត្តាធំដែលធ្វើឲ្យមាសនៅតែមានឱកាសកើនតម្លៃ។ ជាពិសេស ការអនុវត្តពន្ធនាំចូលរបស់លោកត្រាំទៅកាន់ប្រទេសដែលដៃគូពាណិជ្ជកម្មបស់អាមេរិកបានធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មសកល។
៥. កត្តាអតិផរណា៖ នៅក្នុងឆ្នាំ២០២៥នេះ អតិផរណារបស់សហរដ្ឋអាមេរិកនៅតែកើនឡើង។ ជាក់ស្ដែងនៅខែកក្កដាឆ្នាំ២០២៥នេះ អតិផរណាអាមេរិកបានកើនចំនួន២.៩%ខណៈអតិផរណាដែលអាមេរិកចង់បានគឺត្រឹមតែ២%ប៉ុណ្ណោះ៕