យុវជនភាគច្រើនខំធ្វើការរាល់ថ្ងៃយកប្រាក់ខែ ប៉ុន្តែខំធ្វើបែបណាក៏មិនសល់លុយសោះ ជាពិសេសឱ្យតែដល់ចុងខែដឹងតែដាច់លុយរាល់ៗខែ។ ទោះជាយ៉ាងណាក៏ដោយបញ្ហានៅតែមានដំណោះស្រាយ ហើយដំណោះស្រាយនោះគឺយើងត្រូវប្ដូររបៀបចាយនិងគ្រប់គ្រងលុយ ឬអាចរៀនសូត្រតាមអ្នកមានជំនាញរឿងលុយណាម្នាក់។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាលុយកាក់ដ៏រញ៉េរញ៉ៃនេះ លោកស្រី ចេន សុភាព បានចែករំលែកនៅក្នុងបទសម្ភាសន៍ជាមួយនឹង Business Cambodia អំពីវិធីសាស្រ្តសំខាន់ៗចំនួន៤ ដែលអាចជួយយុវជនឱ្យលែងដាច់លុយ។
១. ដកលុយទុក១០%៖ លោកស្រីសុភាព សង្កត់ធ្ងន់បំផុតទៅលើការដកលុយទុកនេះ គាត់បញ្ចាក់ច្បាស់ៗថា ទោះជាមានចំណូលប៉ុន្មានក៏ត្រូវដកទុកយ៉ាងតិចឱ្យបាន១០%ទៅ២០%ដែរ មានន័យថាទោះជារកបានមួយខែតែ១៥០ដុល្លារ ក៏ត្រូវដកទុកឱ្យបាន១៥ដុល្លារ។
អ្នកជំនាញម្នាក់នេះបានបន្ថែមទៀតថាដើម្បីឱ្យមានប្រសិទ្ធភាពគួរតែបង្កើត Fixed Account (គណនីសម្រាប់អនាគត) ជាមួយនឹងធនាគារដែលអ្នកប្រើស្រាប់ អ្នកអាចកំណត់រយៈពេលមួយឆ្នាំហើយដាក់លុយចូលជារៀងរាល់ខែគ្រប់មួយឆ្នាំបានដកម្ដង។
២. បង្កើនចំណូល៖ សហគ្រិនស្ត្រីម្នាក់នេះនិយាយថា បើធ្វើការអ្នកត្រូវធ្វើឱ្យខ្លាំងដើម្បីបានឡើងតំណែងនិងប្រាក់ខែ។ សមត្ថភាពការងារគឺដើរទន្ទឹមគ្នានឹងអត្តចរិត ភាពអំណត់អត់ធ្មត់ជាមួយការងារ ពេលដែលសមត្ថភាពអ្នកកើននោះចំណូលរបស់អ្នកក៏កើន ដូច្នេះ១០%ពីមុនមានតែ១៥ដុល្លារ ពេលនេះវាលែងនៅ១៥ដុល្លារទៀតហើយ។
ស្រ្តីគម្រូខាងលើបានបន្តទៀតថា មិនត្រូវទុកពេលវេលាទំនេរចោលទេជាយុវជននៅខ្លួនមួយគឺជាពេលវេលាដ៏ល្អសម្រាប់ពង្រឹងសមត្ថភាពរកផ្លូវបង្កើនចំណូល។ លោកស្រីថាទោះជាអ្នកមានការងារនៅស្ថាប័នរបស់អ្នករួចក៏ដោយ អ្នកត្រូវយកពេលទំនេរដូចជាថ្ងៃសៅរ៍អាទិត្យទៅធ្វើការងារក្រៅម៉ោងដើម្បីបានចំណូលបន្ថែម។
៣. អភិវឌ្ឍខ្លួនជាប្រចាំ៖ ស្ថាបនិកកីតម្បាញខ្មែរម្នាក់នេះឱ្យតម្លៃទៅលើការសិក្សាអភិវឌ្ឍខ្លួនរាល់ថ្ងៃ គាត់ប្រាប់ថាចំណេះដែលមានម្សិលមិញមិនអាចយកមកប្រើថ្ងៃនេះបានទេហើយចំណេះថ្ងៃនេះក៏មិនអាចប្រើថ្ងៃស្អែកដែរ។ ជាក់ស្ដែងពេលវេលាចេះតែដើរទៅមុខហេតុនេះមនុស្សយើងត្រូវតែរៀនរាល់ថ្ងៃទើបមានចំណេះអាចដោះស្រាយបញ្ហាចំពោះមុខថ្មីៗបាន។
ស្ត្រីដ៏ពូកែខាងលើបានបន្ថែមថា អ្នកអាចបន្ថែមចំណេះតាមរយៈការអាន ឬការចូលរួមកម្មវិធីនិងវគ្គសិក្សាផ្សេងៗ។ អ្វីដែលសំខាន់បំផុតនោះគឺការបង្កើតទំនាក់ទំនង លោកស្រីសុភាពចាត់ទុកការទំនាក់ទំនងជាស្ពានមាស ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ននៅក្នុងការរាប់អានអ្នកណាម្នាក់ ព្រោះពាក្យខ្មែរពោលថាដើរជាមួយពាលក្លាយជាពាល ដើរជាមួយបណ្ឌិតនឹងក្លាយជាបណ្ឌិត។ ជាក់ស្ដែងបើអ្នកមានទំនាក់ទំនងល្អជាមួយនឹងមនុស្សល្អៗ អ្នកនឹងរៀនសូត្របានច្រើន ហើយថែមទាំងមានឱកាសល្អៗច្រើនផងដែរ។
៤. យកលុយបង្កើតលុយ៖ ត្រង់ចំណុចនេះលោកស្រី ចេន សុភាព បានលើកឡើងថាអ្នកអាចបង្កើនលុយតាមរយៈ ការវិនិយោគលើអចលនទ្រព្យ ឬក៏ផ្ដល់កម្ចីយកការប្រាក់ឱ្យមនុស្សដែលអាចទុកចិត្តបាន និងអ្វីដែលពិសេសគឺវិនិយោគលើផ្សារហ៊ុនកម្ពុជា។
លោកស្រីបន្តថា ដើម្បីវិនិយោគអ្វីមួយបានអ្នកត្រូវតែសិក្សាជាមុនដើម្បីឱ្យដឹងពីវិធីចៀសពីហានិភ័យ ព្រោះថាការវិនិយោគមានទាំងឱកាសចំណេញនិងឱកាសខាតបង់។ ឧទាហរណ៍ថាអ្នកចង់វិនិយោគលើផ្សារហ៊ុនអ្នកត្រូវចំណាយពេលរៀនឱ្យចេះមើលពីឱកាសចំណេញខាតឱ្យបានច្បាស់លាស់ជាមុនសិនចាំចាប់ផ្ដើមទិញហ៊ុន និងអ្វីដែលសំខាន់គឺត្រូវស្វែងរករៀនពីអ្នកមានជំនាញពិតប្រាកដណាម្នាក់។
មែនទែនទៅចំណូលប៉ុណ្ណាក៏មិនធ្វើឱ្យអ្នកទៅជាក្រដែរឱ្យតែអ្នកចេះចាត់ចែងទុកដាក់លុយឱ្យបានត្រឹមត្រូវ។ ពួកយើងសង្ឃឹមយ៉ាងមុតមាំថាវិធីសាស្ត្រខាងលើ នឹងអាចឈរជាដំណោះស្រាយសម្រាប់ប្រិយមិត្តដែលកំពុងតែជួបបញ្ហារកលុយមិនសល់ ឱ្យក្លាយជាអ្នកមានស្ថេរភាពហិរញ្ញវត្ថុវិញ។