ការស្តាប់គឺមុខវិជ្ជាគោលមួយក្នុងការសិក្សាភាសា ដើម្បីពង្រឹងការនិយាយ ការសរសេរ ការអាននិងចំណេះដឹងទូទៅ។ ក្នុងនោះការស្តាប់ PodCast- ផតខាសជាភាសាអង់គ្លេសប្រចាំថ្ងៃក៏ជាមធ្យាបាយ សម្រាប់រៀនស្តាប់មួយដ៏ល្អផងដែរ ដើម្បីបង្កើន ការស្តាប់ភាសាឱ្យស្ទាត់ជំនាញ។
យ៉ាងណាមិញខាងក្រោមនេះគឺជាផតខាសចំនួន១០ ដែលលោកអ្នកអាចប្រើ ស្តាប់ដើម្បីរៀនសូត្រនិងអនុវត្តភាសាអង់គ្លេស ជាច្រើនកម្រិត បានដោយឥតគិតថ្លៃ ស្តាប់គ្រប់ពេល ស្តាប់គ្រប់កន្លែង ខណៈអ្នកកម្រិតដំបូងឬមធ្យមឡើងក៏អាចយល់បាន។
១. Espresso English៖ គឺជាវេបសាយផតខាសដែលផ្តល់ការរៀនភាសាអង់គ្លេសរយៈពេល១០នាទី តាមរយៈការស្តាប់ ផ្តោតសំខាន់លើមេរៀនសង្ខេបអំពីវេយ្យាករណ៍ វាក្យសព្ទ និងកន្សោមទូទៅ ល្អសម្រាប់អ្នកសិក្សាដែលស្វែងរកគន្លឹះរហ័ស និងតិចនិកជាក់ស្តែង។
២. Coffee Break English៖ គឺជាវេបសាយផតខាសដែលអ្នកអាចចំណាយពេលត្រឹម១៥នាទីក្នុងមួយថ្ងៃ ដើម្បីស្តាប់ការសន្ទនារបស់ វាគ្មិននិយាយភាសាកំណើត អមដោយការពន្យល់អំពីចំណុចនៃភាសា ដែលសមរម្យសម្រាប់អ្នកចាប់ផ្តើមដំបូង។
៣. All Ears English Podcast៖ គឺជាវេបសាយផតខាសដែលផ្តោតលើការសន្ទនានិងស្តាប់ភាសាអង់គ្លេស ពិសេសលើការពង្រឹងជំនាញស្តាប់ក្នុងតេស្ត IELTS នោងការស្តាប់ដើម្បីយល់ដឹងអំពីវប្បធម៌ផ្សេងៗ ក៏ដូចជាជួយអ្នកសិក្សាឱ្យពង្រឹងជំនាញទំនាក់ទំនងជាភាសាទីពីរបានល្អដូចធម្មជាតិ។
៤. Luke’s English Podcast៖ គឺជាវេបសាយផតខាសដែលបង្រៀនដោយគ្រូជនជាតិអង់គ្លេស និងជាអ្នកកំប្លែង ផតខាសនេះនិយាយអំពីប្រធានបទផ្សេងៗជាមួយនឹងការលេងសើចកំប្លែង ជួយឱ្យអ្នករៀនសូត្រអាចបង្កើនជំនាញស្តាប់ និងការយល់ដឹងអំពីវប្បធម៌។
៥. Learn English Podcast by the British Council៖ គឺជាវេបសាយផតខាសមួយផ្នែករបស់ BBC ដែលមានការសន្ទនាពិភាក្សាអំពីវាក្យសព្ទ និងស្ថានភាពប្រចាំថ្ងៃ ព័ត៌មាននិងព្រឹត្តិការណ៍ផ្សេងៗ និងកម្រងសំណួរដើម្បីពង្រឹងការរៀនសូត្រផងដែរ។
៦. 6 Minute English៖ គឺជាវេបសាយផតខាសមួយផ្នែកនៃ BBC ដែលផ្តោតសំខាន់លើការពិភាក្សាអំពីប្រធានបទថ្មីៗនានា ដើម្បីស្តាប់និងស្រង់ពាក្យថ្មីៗ ល្អសិក្ត័សមសម្រាប់អ្នកសិក្សាកម្រិតមធ្យម។
៧. Cullips ESL Podcast៖ គឺជាវេបសាយផតខាសដែលផ្តោតសំខាន់លើការស្តាប់បែបរីករាយ ជួយអ្នកសិក្សារៀនអំពីពាក្យស្លោក និងគ្រៀមភាសាថ្មីៗ មានការពន្យល់លម្អិតនិងការសន្ទនាភាសាអង់គ្លេសដើម្បីបង្កើនភាពស្ទាត់ជំនាញ។
៨. The English Made Simple Podcast៖ គឺជាផតខាសភាសាអង់គ្លេសដែលផ្តោតសំខាន់លើការស្តាប់ ការសន្ទនាភាសាអង់គ្លេស បែបងាយស្រួលក្នុងជីវភាពរស់ប្រចាំថ្ងៃ ដូចជាភាសាអង់គ្លេសសម្រាប់ការធ្វើដំណើរកម្សាន្តជាដើម ស័ក្តិសមបំផុតសម្រាប់អ្នកសិក្សាកម្រិតដំបូង។
៩. Voice of America: Learning English៖ គឺជាផតខាសភាសាអង់គ្លេសសម្រាប់ពង្រឹងជំនាញស្តាប់ ដោយផ្តោតលើការយល់ដឹងប្រធានបទថ្មីៗ និងការកសាងពាក្យថ្មីៗតាមរយៈអត្ថបទសារព័ត៌មាន ល្អនិងសិក្ត័សមបំផុតសម្រាប់អ្នកចង់ពង្រឹងជំនាញស្តាប់សម្រាប់ការងារ។
១0. English as a Second Language (ESL) Podcast៖ គឺជាផតខាសភាសាអង់គ្លេសសម្រាប់អ្នកសិក្សា រៀនភាសាអង់គ្លេសយកជាភាសាទីពីរ ផ្តោតទៅលើភាសាអង់គ្លេសនិងវប្បធម៌ ចំពោះអ្នកសិក្សាកម្រិតលើមធ្យមនិងកម្រិតខ្ពស់ សិក័្តសមបំផុតសម្រាប់និស្សិតមហាវិទ្យាល័យនិងនិស្សិតផ្លាស់ប្តូរការសិក្សាទៅអន្តរជាតិ។
សរុបមកការបញ្ចូលទម្លាប់ស្តាប់ដើម្បីពង្រឹងភាសាបរទេស មិនថាជាការស្តាប់វីដេអូយូធូបឬផតខាសនោះទេ ទម្លាប់នេះអាចជួយឱ្យអ្នកសិក្សាមានភាពស្ទាត់ជំនាញលើសមត្ថភាពស្តាប់ និងការយល់ដឹងអំពីភាសា ខណៈការស្តាប់ខ្លះអាចស្តាប់បានគ្រប់ទីកន្លែង ដោយចំណាយពេលត្រឹម១០-១៥នាទីប៉ុណ្ណោះ មិនថានៅក្នុងរថយន្តតាមផ្លូវទៅធ្វើការ ឬកំពុងធ្វើការងារផ្ទះនោះទេ៕
អត្ថបទដោយ៖ ពីង ជូអេង