គេថាចង់បានចំណូលច្រើន ចង់មានត្រូវ មានប្រភពចំណូលឲ្យច្រើន។ ដូច្នេះបើអ្នកជាអ្នកធ្វើការឲ្យគេ ក្រោយពីចប់ការងារពេញម៉ោង អ្នកអាចគិតគូឆ្លៀតរកចំណូលបន្ថែមពេលល្ងាចដើម្បីបង្កើនចំណូលបន្ថែមជាជាងពឹងតែលើប្រាក់ខែមួយមុខ លុយអ្នកមិនងាយកើនហើយក៏ងាយសល់លុយដើម្បីសម្រេចគោលដៅជីវិតឡើយ។
និយាយដល់ការបង្កើនចំណូលបន្ថែម Business Cambodia សូមណែនាំនូវគំនិតមួយចំនួនទាក់ទងនឹងប្រភពចំណូលឬការងារមុខរបរដែលបងប្អូនអាចគិតគូធ្វើបាននៅពេលល្ងាចក្រោយពីបំពេញការងារពេញម៉ោងរួច។
១. បង្រៀនភាសា
បច្ចុប្បន្នអ្នកចេះភាសាងាយស្រួលក្នុងការរកការងារធ្វើ មិនថាការងារពេញម៉ោងឬក្រៅម៉ោងនោះទេ។ ដូច្នេះបើអ្នកចេះភាសា ហើយចង់បង្កើនចំណូល អ្នកមិនគួរទុកចំណេះដឹងផ្នែកភាសារបស់អ្នកឲ្យទំនេរចោលនោះទេ។ បើអ្នកចេះភាសា មិនថាភាសាអង់គ្លេស ចិន ជប៉ុន ឬកូរ៉េនោះទេ អ្នកអាចឆ្លៀតបង្រៀនក្រៅម៉ោងនៅតាមសាលាឯកជនឬវិទ្យស្ថានសាភាដើម្បីបង្កើនចំណូលហើយថែមទាំងអាចបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងទៀតផង។
២. លក់ផលិតផល
បច្ចុប្បន្នជាសម័យឌីជីថល ដូច្នេះយើងអាចធ្វើរឿងជាច្រើនបានលើអនឡាញ ដូច្នេះវាអំណោយផលសម្រាប់យើងឆ្លៀតរកចំណូលតាមអនឡាញ ជាពិសេសការលក់ផលិតផលជាដើម។ យ៉ាងណាមិញដើម្បីឲ្យការលក់ផលិតផលទទួលបានផ្លែផ្កា អ្នកគួរកសាងបណ្ដាញសង្គមជាមុនសិន ដូចជា ហ្វេសប៊ុកផេក យូធូប និង Tik Tokជាដើម។ អ្នកត្រូវកសាងកេរ្តិ៍ឈ្មោះឲ្យគេស្គាល់លើបណ្ដាញសង្គមឲ្យគេជឿទុកចិត្ត មានទំនុកចិត្តនោះអ្នកងាយនឹងលក់ផលិតផលលើអនឡាញបាន។
៣. លក់ដូរម្ហូបអាហារ
តាមពិតទៅមិនថាអ្នកធ្វើការពេញម៉ោងនោះទេ អ្នកក៏អាចឆ្លៀតប្រកបមុខរបរជាអ្នកលក់ដូរម្ហូបអាហារបានដែរ។ ពេលខ្លះរបរលក់ដូរម្ហួបអាហារនេះទៀតសោតមើលកំប៉ិកកំប៉ុកពិតមែន តែបានចំណូលច្រើនអាចនិយយាយបានថាមិនល្អមើលតែល្អស៊ី។ ត្រង់នេះអ្នកអាចគិតថាតើគួរបើកលក់ម្ហូបអាហារប្រភេទណា ចាប់យកអតិថិជនប្រភេទណា។ ត្រូវចាំថាការប្រកបមុខរបរទាមទារឲ្យអ្នកគិតច្រើនទាំងដើមទុន ការគ្រប់គ្រង ចំណេញខាត និងការធ្វើទីផ្សារជាដើម។
៤. ការងារទាក់ទងបច្ចេកវិទ្យា
អ្នកដែលមានជំនាញបច្ចេកវិទ្យាក៏អាចឆ្លៀតពេលរកចំណូលចេញពីជំនាញរបស់ខ្លួនបន្ទាប់ពីការងារពេញម៉ោងបានដែរ ដូចជាជំនាញ Design, web developer សុទ្ធតែអាចប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការបង្កើនចំណូលបន្ថែមបាន។ មិនតែប៉ុណ្ណោះការងារទាំងនេះអ្នកធ្វើបានទាំងការងារក្នុងស្រុកនិងក្រៅស្រុកទៀតផង។
៥. បង្រៀនអនឡាញ
ការបង្រៀនអនឡាញគឺកាន់តែពេញនិយមតាំងពីកើតមានបញ្ហាកូវីដ១៩មកម្ល៉េះ។ អ្នកអាចប្រើប្រាស់ជំនាញដែលខ្លួនឯងមានក្នុងការឆ្លៀតបង្កើនចំណូលតាមអនឡាញតាមរយៈការបង្រៀនអនឡាញដូចជាបង្រៀនភាសាបរទេស បង្រៀនមុខវិជ្ជាសិក្សានៅសាលាវិទ្យាល័យនិងមហាវិទ្យាល័យនិងមុខវិជ្ជាក៏ដូចជំនាញផ្សេងៗដែលអ្នកអាចបង្រៀនបានទៅតាមសមត្ថភាពជាក់ស្ដែង។
គួរបញ្ជាក់ផងដែរថាមុខរបរនិងការងារដែលបានរៀបរាប់ខាងលើគឺ អ្នកអាចពិចារណាឆ្លៀតធ្វើបានបន្ទាប់ពីបញ្ចប់ការងារពេញម៉ោង ហើយវាជាផ្នែកមួយក្នុងការបង្កើនចំណូលបន្ថែមក្រៅពីប្រាក់ខែថែមទាំងជួយខុសខាត់ជំនាញអ្នកកាន់តែខ្លាំងក៏ដូចជាអាចចែករំលែកចំណេះដឹងទៅកាន់អ្នកដទៃទៀតផង៕