សេដ្ឋីជាច្រើន មុននឹងពួកគាត់ក្លាយជាសេដ្ឋីគឺសុទ្ធតែដឹងពីក្បាច់ក្នុងការគ្រប់គ្រងលុយនិងប្រើប្រាស់លុយឲ្យត្រូវផ្លូវបើមិនដូច្នេះទេ មិនអាចក្លាយជាសេដ្ឋីដូចសព្វថ្ងៃនេះទេ។ ទាក់ទងនឹងរឿងនេះដែរ លោក Chris Hogan ម្ចាស់សៀវភៅ Everyday Millionaires បានដើរស្រង់មតិសេដ្ឋីនិងអ្នកមានៗប្រមាណ១ម៉ឺននាក់ បង្ហាញពីរឿងចំនួន៥ សេដ្ឋីភាគច្រើនធ្វើជាមួយរបស់ពួកគាត់ដែលធ្វើឲ្យពួកគាត់មានលុយហូរហៀរ។
សេដ្ឋីជាច្រើនសុទ្ធតែមានផែនការប្រើប្រាស់លុយ។ ផែនការត្រង់នេះគឺជាផែនការក្នុងការវិនិយោគ និងផែនការចូលនិវត្តន៍។ លោក Chris Hogan ថាអ្នកមានសុទ្ធតែមានផែនការសន្សំសម្រាប់ទុកលុយបម្រុងពេលពួកគាត់ចូលនិវត្តន៍។ ដូច្នេះពួកគាត់តែងតែមានគណនីសន្សំចូលនិវត្តន៍ បើនៅអាមេរិក គណនីសន្សំត្រៀមចូលនិវត្តន៍មានដូចជា 401K និង Roth IRA ជាដើម។ ពួកគាត់ធ្វើផែនការនេះ ព្រោះបើមិនមានផែនការទេនោះច្បាស់ណាស់ពេលចាស់អាចនឹងមិនមែនលុយសម្រាប់ចាយឡើយ។
២. ចំណាយតិច
លោក Chris Hogan បានឲ្យដឹងទៀតថា ក្នុងការស្រាវជ្រាវរបស់លោក សង្កេតឃើញថា ៩៤%នៃសេដ្ឋីរស់នៅចំណាយតិចជាងលុយដែលពួកគាត់រកបានឆ្ងាយណាស់ បើធៀបនឹងប្រជាជនធម្មតាមានតែ៥៥% ប៉ុណ្ណោះដែលរស់នៅចាយតិចជាងចំណូលពួកគាត់រកបាន។ អ៊ីចឹងមិនមែនសេដ្ឋីៗសុទ្ធតែចាយច្រើននោះទេ ពោលគឺបើពួកគាត់ចេះតែចាយតាមអារម្មណ៍ ថ្ងៃណាមួយអាចនឹងធ្លាក់ខ្លួនក្រមិនខាន។
៣. ចាយលុយឆ្លាតវៃ
លោក Chris Hogan សង្កេតឃើញថាសេដ្ឋីប្រមាណ៩៣% ចាយលុយបែបឆ្លាតវៃនិងសន្សំសំចៃទៀតផង។ ជាក់ស្ដែងពេលពួកគាត់ដើរផ្សារតែងតែប្រើប្រាស់គូប៉ុងដើម្បីទទួលបានតម្លៃសមរម្យ។ លើសពីសូម្បីតែការចាយលើការញ៉ាំអីនៅក្រៅពួកគាត់មានផែនការចាយច្បាស់លាស់ដែរ មិនមែនចាយមិនគិតឡើយ។
៤. ធ្វើផែនការចាយលុយ
សេដ្ឋីប្រមាណជា៩៣% តែងតែអនុវត្តន៍តាមផែនការចាយលុយដែលពួកគាត់បានបង្កើត។ ដូចលើកឡើងខាងលើអ៊ីចឹង សេដ្ឋីគឺសុទ្ធតែមានផែនការចាយលុយទើបពួកគាត់អាចរក្សាទ្រព្យមិនឲ្យបង់បាត់ឬថយចុះ។ ផែនការចាយលុយនោះគឺគាត់កំណត់ខ្ទង់ចំណាយច្បាស់លាស់ថាតើមួយខែត្រូវចំណាយប៉ុន្មានសម្រាប់តម្រូវការចាំបាច់ ត្រូវយកលុយវិនិយោគបន្តចំនួនប៉ុន្មាន។ អ្នកត្រូវចាំថាការមានផែនការចាយលុយច្បាស់លាស់និងមានវិន័យក្នុងការចាយលុយហើយចាយត្រូវអ្នកនឹងកាន់តែមានលុយ។
៥. ពួកគាត់បង្កើតភាពមានបានដោយខ្លួនឯង
មិនមែនសេដ្ឋីភាគច្រើនក្លាយជាអ្នកមានដោយសារកើតមកក្នុងត្រកូលអ្នកមាននោះទេ ពោលគឺពួកគាត់បង្កើតភាពមានបានដោយសារការខិតខំប្រឹងប្រែងចេញពីសម្ថភាពរបស់ខ្លួនផ្ទាល់។ អ្វីដែលពួកគាត់ធ្វើគឺខិតខំរៀនដើម្បីបណ្ដុះជំនាញ សមត្ថភាពជាមួយនឹងផ្នត់គំនិតរីកចម្រើនធ្វើឲ្យជីវិតពួកគាត់កាន់តែរីកចម្រើន៕