ផ្លែត្នោតគឺជាផ្លែឈើមួយប្រភេទដែលត្រូវបានប្រជាជនខ្មែរនិយមយកទៅធ្វើជានំ សម្ល បង្អែម និងធ្វើជាចំណីគោផ្សេងៗជាដើម។ ហើយថ្មីៗនេះ មានម្ចាស់ហាងនំបានកែច្នៃផ្លែត្នោតធ្វើជានំប៉័ងយ៉ាងឈ្ងុយឆ្ងាញ់ថែមទៀតផង ប៉ុន្តែដោយឡែកសម្រាប់អ្នកស្រី ឡោ ស្រីល័ក្ខ បានកែច្នៃផ្លែត្នោតទុំ ធ្វើជាការ៉េម រសជាតិបែបខ្មែរ ដែលអាចដាក់លក់នៅតាមភោជនីយដ្ឋាន និងហាងផ្សេងៗ រហូតមានភ្ញៀវបរទេសចូលញ៉ាំ។
អ្នកស្រី ឡោ ស្រីល័ក្ខ បច្ចុប្បន្នគឺជាស្ថាបនិក The Plam Ice Cream ដែលមានទីតាំងស្ថិតនៅផ្សារផលិតផលកម្ពុជា ក្នុងខេត្តសៀមរាប។ អ្នកស្រីបានចាប់ផ្តើមបង្កើតយីហោលក់ការ៉េមនេះឡើង នៅចុងឆ្នាំ២០២១ ដោយមានតូបតូចល្មមមួយតែប៉ុណ្ណោះ ប៉ុន្តែអ្នកស្រីបានខិតខំកែច្នៃការ៉េមថ្មីៗជាបន្តបន្ទាប់ រហូតដល់ពេលនេះ លោកស្រីបានកែច្នៃត្នោតទុំបន្ថែម ដែលជាផលិតផលថ្មីមានការចាប់អារម្មណ៍ខ្លាំង។
អ្នកស្រីបានបង្ហើបប្រាប់ Business Cambodia យ៉ាងដូច្នេះថា “គំនិតនៅក្នុងការច្នៃប្រឌិតយកផ្លែត្នោតទុំមកធ្វើចេញជាការ៉េមដែលមានរសជាតិបែបខ្មែរមួយនេះ គឺដោយសារខ្ញុំចង់លើកស្ទួយកសិផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ហើយវាជាចក្ខុវិស័យនៅក្នុងការបង្កើតយីហោ The Plam Ice Cream នេះផងដែរ” ។
អ្នកស្រី ឡោ ស្រីល័ក្ខ បានឱ្យរំលឹកដែរថា ទម្រាំតែអាចកែច្នៃការ៉េមពីត្នោតទុំនេះបាន អ្នកស្រីបានចំណាយពេលរៀនពីរបៀបកែច្នៃការរ៉េមពីសាលាសណ្ឋាគារនិងទេសចរណ៍ក្នុងខេត្តសៀមរាបអស់រយៈពេល៩ខែ និងបានចំណាយពេលប្រមាណ២ខែទៀត នៅក្នុងការរិះរករូបមន្តដើម្បីផ្សំជាការ៉េមផ្លែត្នោតទុំនេះឡើង។
ម្ចាស់យីហោការ៉េម The Plam Ice Cream វ័យ៣២ឆ្នាំរូបនេះ បានគូសបញ្ជាក់ដែរថា ត្បិតថាអាជីវកម្មរបស់អ្នកស្រីទើបតែនឹងចាប់ផ្តើមថ្មីៗក៏ដោយ ប៉ុន្តែអ្នកស្រីបានចែកចាយការ៉េមរបស់ខ្លួនមួយចំនួនធំ ទៅតាមភោជនីយដ្ឋាន និងហាងអាហារផ្សេងៗ នៅក្នុងខេត្តសៀមរាប។ ហើយជាគោលដៅបន្ទាប់នៅពេលដែលអាចពង្រីកការលក់បានច្រើននៅសៀមរាបហើយនោះ អ្នកស្រីនឹងបង្វែរគោលដៅទៅភ្នំពេញបន្ត ៕
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅកាន់ The Palm Ice Cream
អត្ថបទដោយ៖ ពីង ជូអេង (កូនត្រចៀកកាំ )