គិតមកដល់ពេលនេះគម្រោងផ្លូវជាតិលេខ ៤៨ សម្រេចការសាងសង់បាន ៨៣,១២% ហើយ ក្រោយបើកដំណើរការសាងសង់រយៈពេលប្រមាណ ៣ ឆ្នាំកន្លងមក។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកញ្ជូន។
ប្រភពដដែលបញ្ជាក់ថា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងខាងលើ និងមានការចូលរួមពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមជម្រាបថា ផ្លូវជាតិលេខ ៤៨ មានប្រវែងសរុប ១៤៨,០៣ គីឡូម៉ែត្រ (PK០០០+០០០ - PK១៤៨+០៣៨) ប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ (AC) ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គ.មលេខ១៤១+៧៥០ (ចម្ការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គម្រោងសាងសង់បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។
ផ្លូវនេះគឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍ ហើយខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕