បើគិតចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ប៉ូលីសថៃបានទទួលពាក្យបណ្ដឹងទាក់ទងនឹងឧក្រិដ្ឋកម្មអនឡាញ ជាង១៦ ករណី ដែលបានធ្វើឱ្យជនរងគ្រោះទាំងអស់ខាតបង់ប្រាក់សរុប ប្រមាណជាង ២៧.៣ពាន់លានបាត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Bangkok Post។
ប្រភពដដែលបានឱ្យដឹងថា មនុស្សរាប់សិបនាក់ត្រូវបានជនខិលខូចបោក ឱ្យផ្ទេរប្រាក់ទៅកាន់គណនីបញ្ឆោត ឬចុចតាមតំណលីង ដែលផ្ដល់ដោយជនបោកប្រាស់ដែលសំអាងខ្លួនថាជាមន្រ្តីមកពីភ្នាក់ងាររដ្ឋឬស្ថាប័នស្របច្បាប់ណាមួយ។
រូបភាពនៃការបោកបញ្ឆោតមានច្រើនយ៉ាង ដែលជាទូទៅគេឃើញមានដូចជា ការខលតាមលេខទូរស័ព្ទ, ការចែកចាយតំណលីង, ការបង្កើតជាក្រុមវិនិយោគ, ការបង្កើតជាពាណិជ្ជកម្មអេឡិចត្រូនិច, ការបន្លំធ្វើជាធនាគារ ឬការលក់ក្លែងក្លាយជាដើម។
ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) បានបង្ហាញឱ្យឃើញថា ការលក់តាមអ៊ីនធឺណេតក្លែងក្លាយ ដែលភាគច្រើនជនរងគ្រោះបង់លុយទិញទំនិញរួចតែមិនបានទំនិញ បានក្លាយជាប្រភេទបណ្ដឹងលេខ១ ដែលសម្បូរជាងករណីណាៗទាំងអស់។
នៅខែមករា ឆ្នាំ២០២៣នេះ មានការបោកប្រាស់មួយ ដែលយកការធ្វើដំណើរតាមផ្លូវអាកាសជានុយ ដោយមនុស្សរាប់រយនាក់បានទទួលសារមួយដែលផ្ដល់សំបុត្រយន្តហោះជារង្វានពី ក្រុមហ៊ុន Lion Air ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយរបស់ប្រទេសថៃ។
អ្នកបោកប្រាស់បានទាញយកទិន្នន័យផ្ទាល់ខ្លួនពីជនរងគ្រោះ និងដកប្រាក់ប្រហែល ១០លានបាតពីគណនីធនាគាររបស់គេ កាលពីថ្ងៃទី២៣ ខែមករា។ ក្នុងនោះករណីតែមួយនោះក៏មានជនរងគ្រោះ ៣នាក់ផ្សេងទៀត បានបាត់បង់លុយអ្នកម្នាក់ ១០ម៉ឺនដុល្លារផងដែរ។
ក្រុមហ៊ុន Thai Lion Air បានប្រកាសថា ខ្លួនបានរាយការណ៍ទៅកាន់ការិយាល័យស៊ើបអង្គេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណេត (CCIB) ហើយបានបានជូនដំណឹងដល់អាជ្ញាធរថា មានអ្នកប្រើប្រាស់ជាង ៣០០នាក់ត្រូវបានទទួលសារបោកបន្លំខាងលើនេះដូចៗគ្នា។
សូមជម្រាបផងដែរថាពេលនេះ រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរថៃ បានចេញវិធានការទប់ស្កាត់ជាច្រើន ដើម្បីកាត់បន្ថយករណីឆបោក តាមអ៊ីនធឺណេត ដែលជាបញ្ហាដ៏ក្ដៅគគុក នៅក្នុងសម័យឌីជីថលនេះ៕
អត្ថបទដោយ៖ សូ សុខលី