មនុស្សប្រហែលជានឹងមិនដឹងថាខ្លួនចង់បានអ្វីខ្លះនៅក្នុងជីវិតនោះទេ រហូតដល់ពេលដែលពួកគេស្គាល់ពីខ្លួនឯងច្បាស់ជានរណាជាមុនសិន។ ការព្យាយាមស្វែងស្គាល់ពីខ្លួនឯង ជាជំហានសំខាន់ទី១ ដើម្បីឈានទៅដល់ការកំណត់នូវគោលដៅផ្សេងៗសម្រាប់ខ្លួនឯង។
យ៉ាងណាមិញ គោលដៅសម្រាប់ជីវិតមនុស្សម្នាក់ៗគឺមានភាពខុសៗគ្នា មានច្រើនបែប ច្រើនសណ្ឋាន អាស្រ័យទៅលើបុគ្គលម្នាក់ៗថា តើពួកគេចង់បានអ្វី? ខាងក្រោមនេះនៅជាគោលដៅធំៗចំនួន ៥ ដែលយុវវ័យ ជាពិសេសមនុស្សដែលមានវ័យក្រោម ៣០ឆ្នាំ គួរព្យាយាមសម្រេចឱ្យបាន ប្រសិនបើពួកគេមិនចង់មានអារម្មណ៍ថា ជីវិតខ្លួនកំពុងតែបរាជ័យពេលដែលមានវ័យកាន់តែចំណាស់។
១. គោលដៅការងារ៖ គោលដៅការងារនេះ គឺត្រូវតែច្បាស់ថា មុនអាយុ ៣០ឆ្នាំ អ្នកអាចរកឃើញនូវការងារដែលអ្នកស្រលាញ់ ការងារដែលអ្នករីករាយនឹងធ្វើវាពេញមួយជីវិត បើទោះបីជាពេលខ្លះប្រាក់ចំណូលដែលអ្នកអាចទទួលបានពីការងារនោះមិនសូវច្រើនក៏ដោយ។ នៅក្នុងដំណាក់កាលដែលអ្នកកំពុងតែស្វែងរកការងារដែលអ្នកស្រលាញ់ សូមកុំទាន់សូវខ្វល់ខ្លាំងពេកអំពីប្រាក់ខែ ព្រោះនៅពេលដែលអ្នកអាចរកឃើញការងារដែលអ្នកស្រលាញ់ អ្នកក៏នឹងអាចធ្វើឱ្យខ្លួនឯងអាចរកបាននូវប្រាក់ចំណូល ឬប្រាក់ខែច្រើនផងដែរ ប្រសិនបើអ្នកពង្រឹងទៅលើចំណុចមួយខាងក្រោមនេះគឺ ការពង្រឹងជំនាញ។
២. គោលដៅពង្រឹងជំនាញ៖ តើអ្នកដឹងទេថា ប្រាក់ខែ ឬប្រាក់ចំណូលដែលអ្នកទទួលបានទោះបីជាតិច ឬច្រើនគឺវាអាស្រ័យទៅលើជំនាញរបស់អ្នកតែប៉ុណ្ណោះ។ នៅពេលដែលអ្នកមានជំនាញកាន់តែខ្លាំង អ្នកក៏នឹងទទួលបាននូវប្រាក់ចំណូលកាន់តែច្រើនផងដែរ។ ដូច្នេះមុនអាយុ ៣០ឆ្នាំ អ្នកត្រូវតែក្លាយជាមនុស្សម្នាក់ដែលមានជំនាញច្បាស់លាស់ទៅលើផ្នែកអ្វីមួយឱ្យបាន។
៣. គោលដៅ ប្រាក់ចំណូល៖ ជារៀងរាល់ឆ្នាំ អ្នកគួរតែព្យាយាមដាក់គោលដៅក្នុងការកសាងនូវប្រាក់ចំណូលសម្រាប់ខ្លួនឯង។ ជាឧទាហរណ៍ ប្រសិនបើឆ្នាំនេះអ្នកមានប្រាក់ចំណូលត្រឹម $៥០០ ឆ្នាំក្រោយអ្នកគួរតែបង្កើនវាឱ្យឡើងដល់ ៨០០ ឬ១០០០ ដុល្លារតាមរយៈការពង្រឹងជំនាញ ការស្វែងរកឱកាសវិនិយោគផ្សេងៗ ដើម្បីបង្កើននូវប្រាក់ចំណូលបន្ថែមឱ្យកាន់តែច្រើនឡើងៗ។
៤. គោលដៅ គ្រួសារ៖ សូមកុំរវល់តែធ្វើការរហូតដល់ពិការបេះដូង។ ប្រសិនបើអ្នកជោគជ័យក្នុងរឿងការងារហើយ អ្នកគួរតែព្យាយាមដាក់គោលដៅសម្រេចឱ្យបានក្នុងការកសាងនូវគ្រួសារដែលមានសុភមង្គលមួយផងដែរ។ ប្រសិនបើអ្នកអាចកសាងបាននូវគ្រួសារមួយដែលមានសុភមង្គល នោះជីវិតរបស់អ្នកក៏នឹងជួយឱ្យអ្នកអាចទទួលបាននូវភាពជោគជ័យកាន់តែច្រើនផងដែរ ព្រោះគ្រួសារគឺជាកម្លាំងចិត្ត ជាអ្នកជួយជ្រោមជ្រែងនូវចំណុចខ្វះខាតរបស់អ្នក។ ប៉ុន្តែបើសិនជាអ្នកមិនទាន់មានគូក៏សូមកុំទាន់តូចចិត្ត ឬអស់សង្ឃឹមនោះដែរ ព្រោះជីវិតរបស់អ្នកគឺអ្នកជាអ្នកសម្រេច ហើយមានតែអ្នកខ្លួនឯងតែម្នាក់គត់់ដែលដឹងថា អ្នកត្រៀមខ្លួនរួចរាល់សម្រាប់ទំនាក់ទំនងស្នេហា ឬការកសាងគ្រួសារហើយឬនៅ។ ពាក្យមួយឃ្លាគេបាននិយាយថា “ចូរស្រលាញ់នៅពេលដែលអ្នកត្រៀមខ្លួនរួចរាល់ កុំស្រលាញ់ដោយសារតែអ្នកមានអារម្មណ៍ឯកោ (Love when you are READY, Not when you are LONELY)”។
៥. គោលដៅអាជីវកម្ម៖ បន្ទាប់ពីអ្នកធ្វើការឱ្យគេបានមួយរយៈមានបទពិសោធន៍ក្រាស់ក្រែងហើយ អ្នកក៏គួរតែដាក់គោលដៅក្នុងការចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងផងដែរ។ ប៉ុន្តែអ្នកត្រូវដឹងថា ការចេញមកចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង មិនមែនចេញមកដើម្បីកើបលុយនោះទេ គឺដើម្បីដៅស្រាយបញ្ហាមនុស្ស។ ដូច្នេះប្រសិនបើអ្នកចង់ចេញមកធ្វើអាជីវកម្មអ្នកគួរតែត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហា និងខិតខំពង្រឹងជំនាញឱ្យកាន់តែខ្លាំង។ ទន្ទឹមនឹងនេះដែរ អ្នកត្រូវចង់ចាំថាមិនមែនមនុស្សគ្រប់រូបសុទ្ធតែស្រលាញ់ចូលចិត្តការរកស៊ីនោះដែរ ព្រោះមនុស្សមួយចំនួនចង់ស្រលាញ់ការងាររដ្ឋ ឬបុគ្គលិកក្រុមហ៊ុនឯកជន ឬតួនាទីផ្សេងៗទៀតដែលមិនមែនជាម្ចាស់អាជីវកម្មជាដើម។ ដូច្នេះបើសិនជាអ្នកមានក្ដីស្រមៃចង់ក្លាយជាម្ចាស់អាជីវកម្ម សូមចាប់ផ្ដើមធ្វើវាចុះ ប៉ុន្តែបើក្ដីស្រមៃរបស់អ្នកមិនមែនទេក៏មិនជាអ្វីដែរ សូមបន្តធ្វើកិច្ចការងារផ្សេងៗដែលជាសេចក្ដីសុខ ជាក្ដីស្រមៃរបស់អ្នកចុះ។
ជារួមមកវិញ អ្នកគួរតែខិតខំសម្រេចបាននូវគោលដៅទាំង ៥នេះ ប្រសិនបើអ្នកមិនចង់មានអារម្មណ៍ថា ជីវិតខ្លួនកំពុងតែបរាជ័យនៅខណៈពេលដែលមានវ័យកាន់តែចាស់។ អ្នកនឹងមិនអាចទទួលបាននូវសមិទ្ធផលអ្វីមួយក្នុងជីវិតបានទេ ប្រសិនបើអ្នកមិនបានកំណត់ពីគោលដៅដែលអ្នកចង់បាន៕