ជាទូទៅអ្នកជំនាញហិរញ្ញវត្ថុភាគច្រើនសុទ្ធតែលើកឡើងថា ការសន្សំលុយគឺជារឿងចាំបាច់មួយដែលមនុស្សគ្រប់រូបត្រូវយកចិត្តទុកដាក់។ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនសូវនឹងនរ អ្នកស្រី Barbara Corcoran ជាសហគ្រិនស្រ្តី និងជាវិនិយោគិនរបស់សហរដ្ឋអាមេរិក បានប្រាប់ចំៗថា ក្រៅពីសន្សំនៅមានរឿងសំខាន់មួយទៀតដែលយើងត្រូវយកចិត្តទុកដាក់នោះគឺ «ពង្រឹងលំហូរសាច់ប្រាក់»។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ CNBC អ្នកស្រី Corcoran បានលើកឡើងថា «លំហូរសាច់ប្រាក់គឺជារឿងសំខាន់បំផុតសម្រាប់ជីវិតមនុស្សគ្រប់រូប»។ អ្នកស្រីពន្យល់ថា ដើម្បីពង្រឹងលំហូរសាច់ប្រាក់ឱ្យល្អបាន គឺតម្រូវឱ្យអ្នកមានចំណូលបន្ថែមក្រៅពីប្រាក់ខែ។ ជាទូទៅវាគួរតែជាចំណូលអកម្ម ដែលបានមកពីការដាក់ជួលអចលនទ្រព្យ ឬការវិនិយោគផ្សេងៗ។
នៅអាមេរិកគេមានការពេញនិយមវិនិយោគទៅលើផ្សារហ៊ុន ដែលគេគ្រប់គ្នាអាចទិញភាគហ៊ុនក្រុមហ៊ុនធំៗ ហើយទុកលក់យកចំណេញ ឬទទួលបានភាគលាភ។ ចំណែកឯនៅក្នុងស្រុកខ្មែរយើងវិញក៏មានការវិនិយោគលើផ្សារភាគហ៊ុន ដែលមាននៅក្នុងផ្សាមូលបត្រកម្ពុជា ដែលលោកអ្នកអាចវិនិយោគដោយការទិញភាគហ៊ុនក្រុមហ៊ុនធំៗមួយចំនួន ដូចជាធនាគារអេស៊ីលីដា ឬរដ្ឋករទឹកជាដើម។ ហើយការវិនិយោគនៅស្រុកខ្មែរ យើងមិនចំណាយច្រើនឡើយ មានលុយតែ២ម៉ឺនលុយខ្មែរក៏អាចវិនិយោគបាន។
ក្រៅពីការវិនិយោគ លោកអ្នកក៏អាចបង្កើតលំហូរសាច់ប្រាក់បន្ថែមពីការ ប្រើប្រាស់ជំនាញដែលខ្លួនមាន យកទៅបង្កើតវគ្គសិក្សា ឬធ្វើការងារក្រៅម៉ោងផ្សេងៗក៏បាន។ ឧទាហរណ៍ថា អ្នកធ្វើការខាងទីផ្សារ អ្នកក៏អាចបង្កើតមេរៀនអំពីការធ្វើទីផ្សារ ហើយបើកវគ្គបង្រៀន មិនខ្វះទេអ្នកដែលចង់រៀន ឱ្យតែអ្នកចេះពិតប្រាកដ និងមានចិត្តចង់ចែករំលែក។
សូមជម្រាបផងដែរថា ខាងលើនេះគ្រាន់តែជាឧទាហរណ៍ត្រួសៗ ដែលអាចជួយលោកអ្នកឱ្យដឹងពីប្រភពនៃលំហូរសាច់ប្រាក់។ ដូច្នេះលោកអ្នកអាចបំបែកគំនិតបន្ថែម ដោយការស្វែងយល់ពីចំណេះជំនាញរបស់ខ្លួនឯង លៃយ៉ាងណាឱ្យអាចបង្កើតលុយបន្ថែមឱ្យកាន់តែច្រើន ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចដែលអាចនឹងប្រែប្រួលគ្រប់ពេល៕