ការសម្ភាសន៍ការងារនីមួយៗអាចគឺមានលក្ខណៈខុសគ្នា ដោយផ្អែកទៅលើប្រភេទការងារ និងក្រុមហ៊ុនដែល អ្នកដាក់ពាក្យទៅសម្ភាសន៍។
យ៉ាងណាមិញបើតាមការវិភាគដោយ Glassdoor ផ្អែកលើការសម្ភាសន៍ចំនួន២ម៉ឺនដងនៅក្រុមហ៊ុនអាមេរិកចំនួន១៧៩ បានឱ្យដឹងថាមានសំណួរជាក់លាក់ចំនួន៣ ដែលត្រូវបានគេនិយមសួរបេក្ខជន។
ក្នុងនោះដែរអ្នកជំនាញផ្នែកធនធានមនុស្សមកពី៣ស្ថាប័នផ្សេងគ្នា បានចែករំលែកថា ខាងក្រោមនេះជាតិចនិកឆ្លើយសំណួរសម្ភាសន៍ដ៏ពេញនិយមទាំង៣នោះឱ្យបានល្អបំផុត។
១. ហេតុអ្វីបានជាអ្នកចង់ធ្វើការនៅទីនេះ?៖ ក្នុងនាមជាអ្នកជ្រើសរើសបុគ្គលិកនិងមានជំនាញធនធានមនុស្ស ដែលមានបទពិសោធន៍ទទួលខុសត្រូវក្នុងការស្វែងរកបុគ្គលិកឱ្យក្រុមហ៊ុនកំពូលដូចជា Fortune 500 គ្រូបង្វឹកផ្នែកអាជីពអ្នកស្រី Emily Liou បានប្រាប់ CNBC ថានៅពេលអ្នកសម្ភាសន៍សួរអំពីមូលហេតុមូលដែល អ្នកចង់ធ្វើការនៅក្រុមហ៊ុនរបស់គេគឺជាវិធីមួយដែលគេចង់វាយតម្លៃអ្នកនឹងបេក្ខជនផ្សេងទៀត ថាតើនរណាស្គាល់ក្រុមហ៊ុននិងចក្ខុវិស័យរបស់គេបានច្បាស់ជាង ឬមួយគ្រាន់តែចង់បានការងារធ្វើ។
ដូច្នេះដើម្បីឆ្លើយសំណួរនេះបានល្អ អ្នកស្រី Liou បានឱ្យបញ្ជាក់ថាបេក្ខជនត្រូវស្វែងយល់នឹងបង្ហាញពីគោលបំណងការងាររបស់ខ្លួនជាមួយបេសសកម្មរបស់ក្រុមហ៊ុន ដោយបង្ហាញថាអ្នកបានគិតយ៉ាងស៊ីជម្រៅអំពីតួនាទីរបស់ខ្លួនឯងសម្រាប់ក្រុមហ៊ុន លទ្ធផលដែលអ្នកសង្ឃឹមថានឹងបង្កើតឱ្យក្រុមហ៊ុន ក៏ដូចជាអ្វីដែលជំនាញដែលអ្នកមាន អាចជួយដោះស្រាយបញ្ហាឬរួមចំណែកឱ្យក្រុមហ៊ុន។
២. ចូរប្រាប់ខ្ញុំអំពីខ្លួនអ្នក៖ នេះជាសំណួរធម្មតានិងទូទៅមួយនៃការសម្ភាសន៍ការងារ ប៉ុន្តែបើតាមលោក Jeff Hyman ជាអតីតប្រធានHR និងបច្ចុប្បន្នជាប្រធានផ្នែកទេពកោសល្យបុគ្គលិកមកពីក្រុមហ៊ុន Strong Suit Executive Search បានប្រាប់ CNBC ថាប្រសិនបើអ្នកមានចម្លើយដ៏វែងអន្លាយនិងគួរឱ្យធុញអំពីខ្លួនឯងនោះ ការសម្ភាសន៍នឹងបញ្ចប់ទៅយ៉ាងរហ័សហើយគ្មានលទ្ធផលឡើយ។
ដូច្នេះអ្នកមិនចាំបាច់រៀបរាប់អំពីដំណើររឿងនៃជីវិតអ្នកនោះទេ តែត្រូវផ្តោតលើការផ្តល់សេចក្តីសង្ខេប ដោយសង្កត់ធ្ងន់អំពីភាពខ្លាំងរបស់អ្នកជាមួយបទពិសោធន៍ការងារ ពាក់ព័ន្ធនឹងតំណែងដែលអ្នកកំពុងដាក់ពាក្យសុំធ្វើការ និងការទទួលស្គាល់អំពីលទ្ធផលឬតួនាទីដែលអ្នកធ្លាប់បានធ្វើ។
៣. តើអ្វីជាចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក?៖ តាមរយៈអ្នកស្រី J.T. O'Donnell ដែលបច្ចុប្បន្នជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Work It Daily ជាវេទិកាអនឡាញមួយជួយមនុស្សដោះស្រាយបញ្ហាអាជីព និងមានបទពិសោធន៍ការងារជាប្រធានធនធានមនុស្សចំនួន១៥ឆ្នាំ អ្នកស្រី Donnell បានបញ្ជាក់ថានៅពេលដែលគេសួរអំពីភាពខ្លាំងនៅក្នុងការសម្ភាសន៍ការងារ សូមអ្នកឆ្លើយដោយការឧទាហរណ៍ជាក់លាក់នៃភាពជោគជ័យកន្លងមក ដែលបានមកពីភាពខ្លាំងរបស់អ្នក។
ដោយឡែកនៅពេលពិភាក្សាអំពីភាពខ្សោយ សូមឆ្លើយអំពីចំណុចខ្សោយរបស់អ្នកប៉ុន្តែវាមិនអាចរារាំងសមត្ថភាពរបស់អ្នកក្នុងការអនុវត្តការងារឡើយ ទោះបីជាអ្នកខ្សោយលើចំណុចនោះក៏ដោយ។ ម្យ៉ាងវិញទៀតអ្នកគួរតែផ្តោត ១០% លើការឆ្លើយពន្យល់ពីភាពទន់ខ្សោយរបស់អ្នក ដោយ៩០%ទៀតគឺត្រូវផ្តោតលើជំហានដែលអ្នកកំពុងធ្វើដើម្បីកែលម្អចំណុចខ្សោយនោះ។
ជាការពិតណាស់ការរៀបចំចម្លើយចំពោះសំណួរទូទៅនៅពេលសម្ភាសន៍ នឹងអាចជួយបេក្ខជនកំណត់និយមន័យសម្រាប់ការសន្ទនា វាជួយបង្កើតអារម្មណ៍វិជ្ជមាន និងអាចបង្កើនទំនុកចិត្តរបស់បេក្ខជនអំឡុងពេលសម្ភាសន៍បាន៕
អត្ថបទដោយ៖ ពីង ជូអេង