ការធ្វើកសិកម្មបែបថ្មី! ខេត្តមួយនៅចិនកំពុងធ្វើកសិកម្មលើដី ១ម៉ឺនហិកតា ប្រើមនុស្សត្រឹម២ ៣នាក់
ធី ស្រីល័ក្ខMARCH 24 2023250 views

កាលពីមុនដើម្បីអាចធ្វើស្រែចំការនៅលើដីមួយបានគេត្រូវការប្រើប្រាស់កម្លាំងមនុស្សជាច្រើនដើម្បីធ្វើ ប៉ុន្តែបច្ចុប្បន្ន ខណៈពេលដែលភាពជឿនរបស់ពិភពលោកកំពុងតែបោះជំហានទៅមុខយ៉ាងឆាប់រហ័ស ការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាដើម្បីធ្វើការក៏កាន់តែទំនើបផងនោះ បានធ្វើឱ្យមធ្យោបាយក្នុងការធ្វើស្រែចំការក៏កាន់តែងាយស្រួល រហ័សជាងមុន។

ជាក់ស្តែង ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើស្រែនេះដែរ នៅក្នុងកសិដ្ឋានមួយនៅខេត្ត Heilongjiang ភាគឦសានប្រទេសចិន បាននឹងកំពុងធ្វើកសិកម្មបែបអនាគតមួយ ដោយការធ្វើស្រែចំការ ៩,៨៨៤ ហិចតា ប្រើមនុស្សត្រឹមតែ ២ ទៅ ៣ នាក់ប៉ុណ្ណោះ។មូលហេតុដែលធ្វើឱ្យកសិដ្ឋានដ៏ធំបំផុតមួយនេះប្រើប្រាស់កម្លាំងអស់តិចបែបនេះ គឺដោយសារតែពួកគេបានប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយ ឈ្មោះថា “ទំនើបកម្ម MAP” ដែលជាកម្មវិធីបង្កើតឡើងដោយ Sinochem Group កម្មវិធីនេះបានផ្តល់ឱ្យម្ចាស់កសិដ្ឋាន និងកសិករទូទៅ នូវភាពងាយស្រួលជាច្រើនទៅលើ ការគ្រប់ត្រួតពិនិត្យ ការពិនិត្យមើលទិន្នន័យគ្រប់សកម្មភាពទាំងអស់នៅក្នុងកសិដ្ឋាននិងទៅលើដីស្រែ។

បើតាមការលើកឡើងរបស់លោក Chen អ្នកគ្រប់គ្រងនៅក្នុងកសិដ្ឋាន Nongjiang បានឱ្យដឹងថា កម្មវិធីឆ្លាតវ័យ MAP នេះបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់គាត់ ព្រោះកម្មវីធីនេះបានបង្ហាញឱ្យគាត់ឃើញនូវស្ថានភាពគ្រប់យ៉ាងក្នុងកសិដ្ឋាន ទាំងទឹក ខ្យល់ សណ្ឋានដី ស្ថានភាពដំណាំ ដោយមិនចាំបាច់ពិបាកប្រើមនុស្សទៅដើរមើលនោះទេ ពោលគ្រាន់តែប្រើទូរស័ព្ទដៃមួយដើម្បីបញ្ជា ប្រព័ន្ធផ្កាយរណបក៏ចាប់បង្ហាញឱ្យឃើញបានយ៉ាងច្បាស់ពីបរិវេណកសិដ្ឋានទាំងមូល។

ហើយអ្វីដែលកាន់តែទំនើបជាងនេះទៅទៀតនោះគឺ កសិដ្ឋាននេះបានប្រើប្រាស់នូវប្រព័ន្ធ 5G ទៅលើការប្រើប្រាស់គ្រឿងយន្តសម្រាប់ការធ្វើស្រែដោយមិនចាំបាច់មានមនុស្សបើក ដោយមនុស្សគ្រាន់តែអង្គុយបញ្ជាពីខាងក្នុងទៅ គ្រឿងយន្តទាំងនោះនឹងធ្វើការឱ្យស្វ័យប្រវត្តិ។

គួរបញ្ជាក់ផងដែរថា កសិដ្ឋាន Nongjiang ត្រូវបានគេចាត់ទុកថាជា ស្តេចស្រូវអង្ករ ប្រចាំប្រទេសចិន ដោយកសិដ្ឋាននេះអាចផលិតស្រូវបានដល់ទៅ ៦.៧លានតោន ផ្គត់ផ្គង់ដល់គ្រួសារប្រជាជនចិនបានដល់ទៅ ៥២ លាននាក់ និងមានប្រជាជនចិនសរុបជាង ៦០ភាគរយបានបរិភោគអង្ករដែលចេញពីកសិដ្ឋានមួយនេះ៕

ប្រភព ៖ CGTN​ NEWS

អត្ថបទដោយ៖សម្បត្តិ សុខឡាង (ទំនាក់ទំនងផ្សាយពាណិជ្ជកម្មផ្សេងៗអាចទំនាក់ទំនាក់ទំនង តេឡេក្រាម -081629314)

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia