ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងសប្តាហ៍នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានសកល អង្គការមូលនិធិអាស៊ាន ( The ASEAN Foundation) ក្រោមការឧបត្ថម្ភពី Google.org ដែលដែលជាមូលនិធិសាខាមនុស្សធម៌របស់ក្រុមហ៊ុន Google បានរៀបចំកិច្ចពិភាក្សាអំពីកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រោមប្រធានបទ « ការតម្រង់ទិសកសាងភាពធន់លើវិស័យឌីជីថល៖ ការពង្រឹងសហគមន៍អាស៊ានតាមរយៈអក្ខរកម្មឌីជីថល» វេទិកានេះបានបង្ហាញពីសមិទ្ធិផល និងឥទ្ធិពលជាវិជ្ជមាននៃការអនុវត្តកម្មវិធីរយៈពេល ២ ឆ្នាំក្នុងប្រទេសជាសមាជិកអាស៊ានទាំងដប់ប្រទេស។
លើសពីនេះ បេសកកម្មកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ដោយការផ្តល់នូវវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលនៅទូទាំងបណ្តាប្រទេសអាស៊ាន ក៏សមស្របនឹងប្រធានបទរបស់អង្គការយូណេស្កូសម្រាប់សប្តាហ៍នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានឆ្នាំនេះ នោះគឺ «ប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងព័ត៌មានក្នុងលំហឌីជីថល៖ របៀបវារៈសកលរួម។»
បន្ទាប់ពីការអនុវត្តរយៈពេលជិតពីរឆ្នាំ កម្មវិធីអក្ខរកម្មឌីជីថលអាស៊ានបានដំណើរការវគ្គបណ្តុះបណ្តាលគ្រូបង្វឹកចំនួន ៦១ វគ្គដោយជោគជ័យ ដោយមានការចូលរួមពីគ្រូបង្វឹកប្រមាណ ១.៤៥១ នាក់នៅទូទាំងតំបន់ ដោយសហការជាមួយដៃគូអនុវត្តក្នុងស្រុកចំនួន ១៥ ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ កម្មវិធីនេះឃើញថាមានបុគ្គលចំនួន ១៩៣.៩៥៥ ទទួលបានអត្ថប្រយោជន៍ពីសិក្ខាសាលាអក្ខរកម្មឌីជីថលចំនួន ២.៦៤៧ ។ នេះលើសពីការរំពឹងទុករបស់កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ក្នុងការឈានដល់បុគ្គលចំនួន ១០០.០០០ នាក់ក្នុងរយៈពេលពីរឆ្នាំ។ នៅប្រទេសកម្ពុជា កម្មវិធីនេះបានបង្កើនចំណះដឹងដល់គ្រូបង្វឹកចំនួន ៨៩នាក់ និងអ្នកចូលរួមចំនួន ៧.១៦៥ នាក់ ហើយបានធ្វើការជាមួយអង្គការសកម្មភាពលើកកម្ពស់ការអប់រំនៅកម្ពុជា (KAPE) ក្នុងនាមជាដៃគូអនុវត្តក្នុងស្រុក។
លើសពីនេះក្រុមទីប្រឹក្សាយុវជនអាស៊ាន (YAG) បានធ្វើយុទ្ធនាការអក្ខរកម្មតាមអ៊ីនធឺណិត និងតាមទីកន្លែងផ្ទាល់ដែលមាន ចំនួន ១២ នៅទូទាំងបណ្តាប្រទេសអាស៊ាន ដោយផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់បុគ្គលចំនួន ៣.៨៨១ និងសម្រេចបានការចាប់អារម្មណ៍លើបណ្តាញទំនាក់ទំនងសង្គមជាង ៩៣០.០០០ ។នៅកម្ពុជា យុទ្ធនាការ PUTHI ត្រូវបានផ្តួចផ្តើមដោយ ម៉ា រក្សា ដែលជាសមាជិកក្រុមទីប្រឹក្សាយុវជនអាស៊ាន (YAG)។យុទ្ធនាការនេះមានគោលបំណងនាំយកការយល់ដឹងអំពីឧក្រិដ្ឋកម្មតាមលើអ៊ីនធឺណិតដល់និស្សិតសាកលវិទ្យាល័យឆ្នាំទី ១ ដោយផ្តល់ជូនគេនូវវគ្គសិក្សាមូលដ្ឋានពីសុវត្ថិភាពតាមអ៊ីនធឺណិត ។ PUTHI ក៏ទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) snoopedu និង សមាគមធុរកិច្ចកម្ពុជាអ៊ីតាលី (ICBA)។
កិច្ចពិភាក្សាអំពីកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានប្រមូលផ្តុំដៃគូអនុវត្តក្នុងស្រុក គ្រូបង្គោល អ្នកណែនាំ សមាជិកក្រុមទីប្រឹក្សាយុវជនអាស៊ាន អ្នកតំណាង Google.org លេខាធិការដ្ឋានអាស៊ាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិអាស៊ាន ដើម្បីអបអរសាទរសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ទាំងនេះ។ តាមរយៈមហាសន្និបាត ការពិភាក្សាជាក្រុមប្រកបដោយការយល់ដឹង និងសិក្ខាសាលាដែលចូលរួមលើប្រធានបទអក្ខរកម្មឌីជីថលផ្សេងៗ វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មឌីជីថល ជំរុញកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងផ្តល់នូវឧបករណ៍ និងយុទ្ធសាស្ត្រចាំបាច់ដើម្បីលើកកម្ពស់ការដាក់បញ្ចូលឌីជីថល និងដោះស្រាយបញ្ហាប្រឈមឌីជីថលនៅទូទាំង អាស៊ាន។
លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន បានថ្លែងថា «សមិទ្ធិផលនៃ កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន គឺជាសមិទ្ធិផលរួមមួយ ដែលពាក់ព័ន្ធនឹងការចូលរួមយ៉ាងសកម្ម និងការលះបង់របស់អ្នកពាក់ព័ន្ធទាំងអស់ដែលចូលរួមក្នុងកម្មវិធីនេះ។ យើងកាន់តែខិតទៅជិតមួយជំហានឆ្ពោះទៅរកចក្ខុវិស័យនៃការអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ដែលរួមបញ្ចូលដោយឌីជីថល។ បំពាក់ដោយចំណេះដឹង និងជំនាញឌីជីថល អ្នកទទួលផលវិជ្ជមានពីកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន គឺជាភ្នាក់ងារនៃការផ្លាស់ប្តូរក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតតាមអ៊ីនធឺណិត និងព័ត៌មានមិនពិតនៅក្នុងសហគមន៍របស់ពួកគេ ។»
លោកស្រី Marija Ralic តំណាង Google.org APAC បានបង្ហាញមោទកភាពរបស់គាត់ក្នុងការគាំទ្រកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានដោយថ្លែងថា៖ « កម្មវិធីអក្ខរកម្មឌីជីថលរបស់មូលនិធិអាស៊ាន ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ហើយជាលទ្ធផលជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅទូទាំងអាស៊ីអាគ្នេយ៍។ ការប្តេជ្ញាចិត្ត ការលះបង់ និងឆន្ទៈដែលបង្ហាញដោយអ្នកចូលរួម គ្រូបណ្តុះបណ្តាល និងអង្គការទាំងអស់ពិតជាមានការបំផុសគំនិត ហើយយើងពិតជាមានមោទនភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមនេះតាមរយៈ Google.org ។ នៅពេលយើងបន្តដំណើរឆ្ពោះទៅកាន់អ៊ីនធឺណិតដែលមានសុវត្ថិភាពជាងមុន យើងអាចទទួលបានការបំផុសគំនិតពីការផ្លាស់ប្តូរជាវិជ្ជមាន និងការពង្រឹងអំណាចទាំងនេះ។ ថ្មីៗនេះ Google.org បានគាំទ្រអង្គការមូលនិធិអាស៊ានជាមួយនឹងជំនួយចំនួន ១,៥ លានដុល្លារ ដើម្បីជួយដល់ការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤។ ក្នុងនាមជាដៃគូអនុវត្ត អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) បានកត់សម្គាល់ពីការយល់ដឹងដ៏អស្ចារ្យពីប្រជាជនកម្ពុជាក្នុងការដើរតួនាទីយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។ លោក ស សុផាណាក់ ប្រធានសម្របសម្រួលផ្នែកបច្ចេកវិទ្យាសម្រាប់ការអប់រំ នៃអង្គការ KAPE បានមានប្រសាសន៍ថា « អង្គការ KAPE មានមោទកភាពដែលក្លាយជាផ្នែកមួយនៃ កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ក្នុងការកសាងថ្នាលឌីជីថលដែលមានសុវត្ថិភាពជាងមុន។ ក្នុងអំឡុងពេលបួនខែនៃកម្មវិធីនេះ យើងបានអប់រំមនុស្សជាង ៧.២០០ នាក់នៅក្នុង ១៥ ខេត្តទូទាំងប្រទេសកម្ពុជា ដែលនឹងក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរ ពង្រីកការយល់ដឹងអំពីអក្ខរកម្មឌីជីថលដល់សហគមន៍របស់ពួកគាត់។»
DigitalClassASEAN.org ដឹកនាំកិច្ចខិតខំប្រឹងប្រែងសម្រាប់ចំណេះដឹងឌីជីថលទូទាំងអាស៊ាន
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថលនៅទូទាំងតំបន់ កម្មវិធីអក្ខរកម្មឌីជីថលអាស៊ានបានចាប់ផ្តើមវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកដែលមានឈ្មោះ DigitalClassASEAN.org ។ វេទិកានេះ មិនមែនបង្កើតសម្រាប់តែយុវជនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកអប់រំ អ្នកដឹកនាំសហគមន៍ មន្ត្រីរដ្ឋាភិបាល មនុស្សចាស់ និងបុគ្គលមានពិការភាពផងដែរ។ វេទិកានេះផ្តល់អាទិភាពដល់ការរួមបញ្ចូល និងភាពងាយស្រួល ដោយផ្តល់ឧបករណ៍ជំនួយដល់បុគ្គលដែលមានពិការភាពក្នុងដំណើរការសិក្សារបស់ពួកគេ។
DigitalClassASEAN.org មាននូវម៉ូឌុលសំខាន់ៗចំនួនប្រាំដែលគ្របដណ្តប់លើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថល ដែលក្នុងនោះរួមមាន ឌីជីថលសម្រាប់ពលរដ្ឋ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ការចូលរួមជាវិជ្ជមានលើអ៊ីនធឺណិត និងប្រធានបទពិសេសផ្សេងទៀត រួមមានសីលធម៌ក្នុងការប្រើប្រាស់បណ្តាញសង្គម ការចិញ្ចឹមកូនក្នុងសម័យឌីជីថល និងការជៀសវាងពីការបោកប្រាស់តាមអ៊ីនធឺណិត។ មូលនិធិអាស៊ានបានសហការជាមួយ Break the Fake Movement ដែលជាដៃគូអនុវត្តក្នុងស្រុករបស់កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន និងជាអង្គការត្រួតពិនិត្យការពិតនៅក្នុងប្រទេសហ្វីលីពីន សម្រាប់ការអភិវឌ្ឍន៍ម៉ូឌុល។ ទាំងម៉ូឌុល និងវេទិកាគឺបានដាក់ឱ្យប្រើប្រាស់ជាភាសាក្នុងតំបន់អាស៊ានចំនួនប្រាំបី៖ ឥណ្ឌូនេស៊ី, ម៉ាឡេ, ខ្មែរ, ហ្វីលីពីណ, ថៃ, ឡាវ, ភូមា, និងវៀតណាម។ នៅពេលបញ្ចប់ជំពូកទាំងអស់នៃមេរៀន អ្នកសិក្សានឹងអាចទាញវិញ្ញាបនបត្រមកបាន។
កិច្ចពិភាក្សាអំពីកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ត្រូវបានចូលរួមដោយឥស្សរជនសំខាន់ៗពីលេខាធិការដ្ឋានអាស៊ាន សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការមូលនិធិអាស៊ាន ស្ថាប័នតាមវិស័យនាៗនៃអាស៊ាន តំណាងរដ្ឋាភិបាល អ្នកតំណាង Google អង្គការយូណេស្កូ VERA Files និងលោក Syed Saddiq ដែលជាសមាជិកសភាសម្រាប់ទីក្រុងMuar ប្រទេស ម៉ាឡេស៊ី ។
អំពីអង្គការមូលនិធិអាស៊ាន
បីទស្សវត្សរ៍បន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង មេដឹកនាំអាស៊ានបានទទួលស្គាល់ថា ភាពខ្វះខាតគឺនៅតែមានសម្រាប់ភាពរីកចម្រើនរួម ការយល់ដឹងពីអាស៊ាន និងការទំនាក់ទំនងគ្នាក្នុងចំណោមប្រជាជនអាស៊ាន។ ដោយមូលហេតុនេះមេដឹកនាំអាស៊ានបានសម្រេចបង្កើតនូវអង្គការមូលនិធិអាស៊ានក្នុងអំឡុងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ របស់អាស៊ាននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៧។
អង្គការមូលនិធិអាស៊ាន គឺជាអង្គការមួយដែលបង្កើតឡើងពី និងសម្រាប់ប្រជាជនអាស៊ាន។ មូលនិធិនេះកើតឡើងដោយចក្ខុវិស័យមួយគឺដើម្បីកសាងសហគមន៍អាស៊ានមួយដែលមានវិបុលភាពនិងទំនាក់ទំនងល្អ។ ក្នុងនាមជាស្ថាប័នមួយរបស់អាស៊ាន មូលនិធិនេះមានភារកិច្ចជួយដល់អាស៊ានជាចម្បងក្នុងការលើកកម្ពស់ការយល់ដឹង អត្តសញ្ញាណ អន្តរកម្ម និងការអភិវឌ្ឍន៍របស់ប្រជាជនអាស៊ាន។ សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិអាស៊ាន សូមចូលទៅកាន់គេហទំព័រ៖ www.aseanfoundation.org
អំពី Google.org
Google.org ដែលជាផ្នែកសប្បុរសធម៌របស់ក្រុមហ៊ុន Google នាំមកជូននូវអ្វីដែលល្អបំផុតពី Google ដើម្បីជួយដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតមួយចំនួនរបស់មនុស្សជាតិ ដែលរួមមានការផ្ដល់មូលនិធិ ការបរិច្ចាគផលិតផល និងជំនាញបច្ចេកទេស ដើម្បីគាំទ្រសហគមន៍ដែលមិនសូវទទួលបានឱកាសនេះ និងផ្តល់ឱកាសសម្រាប់មនុស្សគ្រប់គ្នា។ Google.org ធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល សហគ្រាសសង្គម និងអង្គភាពពលរដ្ឋដែលផ្តល់ឥទ្ធិពលជាវិជ្ជមានយ៉ាងសំខាន់លើសហគមន៍ដែលពួកគេបម្រើ ហើយដែលការងាររបស់ពួកគេមានសក្តានុពលក្នុងការបង្កើតការផ្លាស់ប្តូរប្រកបដោយអត្ថន័យ ។