ដំណឹងល្អ! ទុរេនខ្មែរអាចនាំទៅចិនបានហើយ ខណៈក្រសួងកសិកម្មសើ្នឲ្យម្ចាស់ចម្ការអនុវត្ដលក្ខខណ្ឌទាំងនេះ
Bunthoeun KoemJULY 5 202547 views

ជាដំណឹងរីករាយមួយសម្រាប់ប្រជាកសិករ ពិសេសម្ចាស់ចម្ការទុរេន ខណៈថ្មីៗនេះកម្ពុជាទទួលបានការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។

495573625 1077706254169688 101212748614288136 N

យ៉ាងណា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឲ្យបានឲ្យដឹងថា ដើម្បីធានានូវគុណភាពនិងនិរន្តរភាពនៃការនាំចេញ ក្រសួងបានអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រ វេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់។

496557398 1077706327503014 7705491118532970178 N

ទន្ទឹមជាមួយគ្នានេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានជំរុញឱ្យម្ចាស់ចម្ការនិងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។

សូមជម្រាបថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករនិងកញ្ចុងអង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង៕

Photo 2025 07 05 13 34 29

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia