ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារដល់ ព្រះមេធានុរ័ត្ន គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា “សម្តេចព្រះឧត្តមវស្សា” គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
ដោយការផ្ដល់គោរមងារនេះ គឺតបតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចព្រះឧត្តមវស្សា គូ សុភាព គឺជាសាស្តាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ឯកទេសផ្នែកគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ ចរិយាវិទ្យា និងបណ្តុះគុណធម៌ គូ សុភាព ព្រះអង្គក៏ជាអ្នកនិពន្ធសៀវភៅដ៏ពេញនិយម “អាហារផ្លូវចិត្ត” និង “ជំនួយសុខភាពផ្លូវចិត្ត”។
ព្រះតេជគុណជាវាគ្មិនដែលមានប្រជាប្រិយ ក្នុងការបង្រៀនព្រះពុទ្ធសាសនា ភាពជាអ្នកដឹកនាំ និងការលើកទឺកចិត្ត។ ព្រះតេជគុណបានបញ្ចប់ថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងសាកលវិទ្យាល័យ Troy University នៅសហរដ្ឋអាមេរិក ឯកទេសផ្នែកអប់រំផងដែរ។ ទន្ទឹមនឹងនេះ ព្រះអង្គ ក៏ជាស្ថាបនិកនៃមូលនិធិធម្មឱសថផងដែរ៕