2NE1 គឺជាក្រុមចម្រៀងនារីកូរ៉េខាងត្បូងដែលបង្កើតឡើងដោយផលិតកម្ម YG Entertainment ក្នុងឆ្នាំ ២០០៩។ ក្រុមនេះមានសមាជិកស្រី៤រូប ដូចជា Park Bom, CL, Sandara Park និង Minzy ដែលត្រូវបានគេស្គាល់ក្រុមតន្រ្តីមានឥទ្ធិពលលំដាប់ពិភពលោក និងក្នុងចំណោមក្រុមនារី K-pop ដែលល្បីគ្រប់ពេលនៅកូរ៉េ។
យ៉ាងណាមិញចំពោះចំណូលប៉ាន់ស្មានដែលក្រុម 2NE1 អាចរកបានសម្រាប់ការសម្តែងលើឆាកតន្រ្តីមួយលើកៗ គឺចន្លោះពី១.៦៣ លានដុល្លារក្នុងមួយកម្មវិធីទេសចរណ៍តន្រ្តីទៅតាមប្រទេសនីមួយៗ ពីការលក់សំបុត្រ។ ជាមួយនឹងការធ្វើដំណើរប្រគុំតន្រ្តីទេសចរណ៍នេះ តម្លៃសំបុត្រមានការប្រែប្រួលទៅតាមប្រទេសផ្សេងៗគ្នា។
ដូចជាការប្រគុំតន្ត្រីមួយនៅប្រទេសម៉ាឡេស៊ីពីដំណើរតន្រ្តីទេសចរណ៍នេះ 2NE1 ទទួលបានចំណូលសរុបចំនួន ២.៦៥ លានដុល្លារ ជាមួយនឹងការសម្តែងពីរលើក។ ក្នុងនោះសម្រាប់ការប្រគុំតន្រ្តីទេសចរណ៍ "Welcome Back Tour" របស់ពួកគេរាប់ចាប់ ពីខែតុលា ឆ្នាំ ២០២៤ ដល់ខែមេសា ឆ្នាំ ២០២៥ ក្រុមនេះអាចរកចំណូលបានជាង៤៤លានដុល្លារ។
សូមរំលឹកផងដែរថានៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន GANZBERG បានដឹកនាំកំពូលតារាចម្រៀងស្រី 2NE1 ទាំងមូលមកសម្ដែងក្នុងមហាព្រឹត្តិការប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក “GANZBERG SUPER IDOL– I am the best” នៅកោះពេជ្រ រាជធានីភ្នំពេញ។
ដោយនេះជាលើកទី១ហើយក្នុងប្រវត្តិសាស្ត្រដែល 2NE1 មានឱកាសមកសម្ដែងទាំងក្រុមនៅស្រុកខ្មែរ អមដោយឆាកតន្ត្រីខ្នាតអន្តរជាតិដ៏ធំអស្ចារ្យ និងបានចូលរួមចំណែកយ៉ាងខ្លាំងវិស័យទេសចរណ៍កម្ពុជា៕