ការរកស៊ីមិនសំដៅតែលើការប្រើដើមទុនរាប់ពាន់ រាប់ម៉ឺន រាប់លានដុល្លារ ទើបហៅថាការរកស៊ីនោះទេ ព្រោះការរកស៊ីដែលអាចប្រើដើមទុនត្រឹម១ដុល្លារ ឱ្យរកចំណូលបាន១ដុល្លារ ក៏អាចហៅថាជាការរកស៊ីផងដែរ។ តើអ្នកជឿទេថា មានជំនួញខ្លះចាយទុនតិចជាង ១០០ដុល្លារ ក៏អាចមានឱកាសរកចំណូលបានរាប់ពាន់ រាប់ម៉ឺនដុល្លារត្រឡប់មកវិញដែរ? ខាងក្រោមនេះ គឺជាជំនួញក្រៅម៉ោងល្អបំផុតចំនួន ៤ ដែលស័ក្តិសមបំផុតសម្រាប់អ្នកមានទុនតិច ដែលវាសុទ្ធតែជាប្រភេទជំនួញប្រើទុនតិចតែអាចទាញចំណូលខ្ពស់ត្រឡប់មកវិញ។
១. និពន្ធសៀវភៅ
ជំនួញនេះអាចនឹងមិនត្រូវជាមួយនឹងមនុស្សគ្រប់រូបនោះទេ ប៉ុន្តែវាជាជំនួញដែលល្អបំផុតសម្រាប់អ្នកចូលចិត្តអាន ចូលចិត្តសរសេរ ឬអ្នកដែលមានទេពកោសល្យតាក់តែងនិពន្ធពីកំណើត។ ជំនាញនិពន្ធសៀវភៅ គឺជាជំនាញចំណូលខ្ពស់ ហើយក៏មានសេដ្ឋីនៅលើលោកជាច្រើនអ្នក អាចកសាងកេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិរាប់លានដុល្លារ ពីជំនាញនិពន្ធសៀវភៅនេះផងដែរ។ ពិតណាស់លុយ ១០០ដុល្លារ វាអាចនឹងតិចសម្រាប់ការបោះពុម្ពសៀវភៅ ប៉ុន្តែអ្នកអាចច្នៃវាជាលុយសម្រាប់ប៊ូសធ្វើទីផ្សារ ដើម្បីកក់យកលុយមុន ឬអាចប្រើសម្រាប់ប៊ូសលក់ជាសៀវភៅ eBook ក៏បាន។ បើសិនសៀវភៅអ្នកពិតជាមានអត្ថន័យល្អ ការឌីហ្សាញក្របទាក់ទាញ និងមានតម្រូវការខ្ពស់ក្នុងទីផ្សារ អ្នកអាចមានឱកាសជោគជ័យខ្ពស់បំផុត។
២. ប្រឹក្សាយុទ្ធសាស្ត្រទីផ្សារឌីជីថល
ក្នុងសម័យឌីជីថលនេះ អ្នកអាចរកចំណូលបានខ្ពស់ ដោយពឹងលើជំនាញ ជាជាងពឹងលើដើមទុនជាលុយតែមួយមុខ។ ជាក់ស្ដែងមានអាជីវកម្មក្នុងស្រុកច្រើនណាស់ ដែលកំពុងមានបញ្ហាទាក់ទងនឹងការធ្វើទីផ្សារផលិតផល ឬសេវាកម្មឱ្យគេស្គាល់ ទៅដល់អតិថិជនគោលដៅ។ អាស្រ័យហេតុនេះ បើសិនអ្នកមានជំនាញទីផ្សារ បូកនឹងជំនាញបច្ចេកវិទ្យាមួយចំនួន អ្នកអាចធ្វើជាសេវាកម្មប្រឹក្សាយោបល់គិតជាម៉ោង ជាខែ ក៏ជាជម្រើសល្អ។
៣. ឈ្មួញកណ្ដាលលក់អចលនទ្រព្យ
តើអ្នកជឿទេថាលុយ១០០ដុល្លារ អ្នកអាចមានឱកាសបង្កើតលុយបានរាប់ម៉ឺនដុល្លារមកវិញ? ចម្លើយនោះពិតជាអាច បើសិនជាអ្នកចេះជ្រើសរើសអចលនទ្រព្យដែលមានសក្ដានុពល ចេះជំនាញលក់ ចេះជំនាញប៊ូសហ្វេសប៊ុក និងចេះចំណេះដឹងទាក់ទងនឹងដំណើរការទិញលក់អចនលទ្រព្យ។ ចំពោះជំនួញនេះ វាអាចនឹងមួយចានទឹកមួយចានគោក ប៉ុន្តែបើសិនជាអ្នកដើរត្រូវផ្លូវគឺអ្នកអាចរកចំណូលរាប់ពាន់ រាប់ម៉ឺនមកវិញបាន។ ឧទាហរណ៍ជាក់ស្ដែង អ្នកជ្រើសរើសដីដែលគេលក់ក្នុងតម្លៃ ៥ម៉ឺនដុល្លារ មកជួយផុសលក់លើបណ្ដាញសង្គមហ្វេសប៊ុក ហើយអ្នកអាចលក់ដាច់វាដោយចាយទុនតែ១០០ដុល្លារសម្រាប់ប៊ូស នោះមានន័យថាអ្នកអាចរកចំណូលខ្ទង់៣%មកវិញ ស្មើនឹង ១៥០០ដុល្លារ។
៤. អ្នកគ្រប់គ្រងគ្រុបតាមបណ្ដាញសង្គម
ការផ្សព្វផ្សាយគឺជារឿងសំខាន់បំផុតមួយសម្រាប់ម្ចាស់អាជីវកម្មរាប់ពាន់នៅក្នុងស្រុក។ អាស្រ័យហេតុនេះ បើសិនជាអ្នកមានសហគមន៍មួយ ដែលប្រមូលផ្ដុំមនុស្សរាប់ម៉ឺន រាប់សែន ឬរាប់លាននាក់នោះ អ្នកមានឱកាសរកចំណូលបានច្រើនផងដែរតាមរយៈការផុសពាណិជ្ជកម្មនានាចូលក្នុងគ្រុបរបស់អ្នក។ ជាក់ស្ដែងបើសិនជាអ្នកមានគ្រុបដែលមានសមាជិក១០ម៉ឺននាក់ ហើយអ្នកអាចជជែកជាមួយម្ចាស់អាជីវកម្ម ដើម្បីឱ្យគាត់ជួលគ្រុបរបស់អ្នកផុសជាប្រចាំខែត្រឹម ១០០ដុល្លារ/ខែ នោះមានន័យថាបើសិនជាអ្នករកបានម្ចាស់អាជីវកម្មចំនួន១០ នោះមានន័យថាអ្នកអាចរកចំណូលបាន១ខែ ១០០០ដុល្លារដែរ។
ជាការពិតណាស់ជំនាញទាំង៤ខាងលើនេះ វាមិនសូវទាមទារដើមទុនច្រើនសម្រាប់ចាប់ផ្ដើម ប៉ុន្តែវាត្រូវការនូវជំនាញ ការអត់ធ្មត់ ភាពឆ្លាតវៃក្នុងការស្វែងយល់ឱ្យច្បាស់ ពីតម្រូវការក្នុងមុខជំនួញដែលអ្នកធ្វើនិងកត្តាមួយចំនួនផ្សេងទៀត។ ជាចុងក្រោយ បើសិនជាអ្នកចង់រៀនអំពីគំនិតរកស៊ីល្អៗជាច្រើន និងគំនិតដឹកនាំជីវិតឱ្យល្អប្រសើរឡើងរាល់ថ្ងៃ ដោយឥតគិតថ្លៃ សូមចុចទីនេះ ( https://t.me/LongVathanak777 )៕