ក្រោយប្រកាសលក់ឡៃឡុង! ពេលនេះក្រុមហ៊ុន Thai Airways លក់យន្តហោះបាន ១១ គ្រឿងហើយ
Bunthoeun KoemJULY 1 2022410 views

បន្ទាប់ពីប្រកាសការក្ស័យធនតាំងពីឆ្នាំ ២០២០ ពេលនេះក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងងើបឡើងវិញ ក្រោយសម្រេចជោគជ័យលើការលក់យន្តហោះ ​១១ គ្រឿងដំបូងរបស់ខ្លួន ក្នុងចំណោមយន្តហោះដាក់លក់សរុប ៣៧ គ្រឿង។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Thaiger បានឱ្យដឹងការពីថ្ងៃទី ២៩ ខែ មិថុនា​ ឆ្នាំ ២០២២ នេះថា លោក Chansin Treenuchagron ប្រធានស្តីទីក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសថៃបានអនុញ្ញាតឱ្យក្រុមហ៊ុន Thai Airways លក់យន្តហោះ Boeing 737-400 ចាស់ចំនួន ១ គ្រឿង និងយន្តហោះ Boeing 747-400 'Jumbo' ចំនួន ១០ គ្រឿង។

សូមជម្រាបថា ក្រុមអាកាសចរណ៍ Thai Airway បានដាក់ពាក្យស្នើសុំលក់យន្តហោះចំនួន ១១គ្រឿងនេះ តាំងពីឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែមិនអាចលក់បាន ឬ ផ្ទេរតាមអាជ្ញាប័ណ្ណប្រតិបត្តិការអាកាសចរណ៍ស៊ីវិលរបស់ខ្លួនបាន ដោយសារមិនទាន់មានការអនុញ្ញាតពីរដ្ឋមន្ត្រីទទួលបន្ទុក។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃមួយនេះបានព្យាយាមងើបឡើងវិញចាប់តាំងពីការដាក់ពាក្យសុំក្ស័យធនក្នុងខែឧសភា ឆ្នាំ ២០២០ ដោយកាត់បន្ថយការចំណាយ កំណែទម្រង់ស្ថាប័ន កាត់បន្ថយបុគ្គលិក និងអ្នកគ្រប់គ្រងជាន់ខ្ពស់ និងលក់ទ្រព្យសម្បត្តិបន្ទាប់បន្សំដែលមិនចាំបាច់ រួមទាំងអ្នកបើក យន្តហោះចាស់ៗមួយចំនួន លើសពីនេះទៅទៀតក្រុមហ៊ុនក៏បាន ​លក់​ដី អគារ និង​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Bangkok Aviation Fuel និង Nok Air ផងដែរ។

រំលឹកថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមហ៊ុនអាកាសចរណ៍ Thai Airway បានដាក់លក់យន្តហោះចំនួន ៣៧ គ្រឿងទាំងនោះរួមមាន Boeing 747-400 ចំនួន ១០ គ្រឿង យន្តហោះ Boeing 777-200 ចំនួន ៦ គ្រឿង និង Boeing 777-300 ចំនួន ៦ គ្រឿង យន្តហោះ Airbus A340-600 ចំនួន ៦ គ្រឿង យន្តហោះ A340-500 ចំនួន ៣ គ្រឿង យន្តហោះ Boeing 737-400 ចំនួន ២ គ្រឿង យន្តហោះ Airbus A330-300 ចំនួន ៣ គ្រឿង និងយន្តហោះ Airbus A300-600៕

អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ

Thai Airways B747 400 Hs Tgj Arp

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia