កាលពីថ្ងៃពុធសប្ដាហ៍លោក Donald Trump បានឈ្នះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ហើយក្រោយពីត្រាំឈ្នះឆ្នោតធ្វើជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិកធ្វើឲ្យសេដ្ឋីកំពូលមួយចំនួនបានកើនទ្រព្យសម្បត្តិកាន់តែច្រើនឡើង។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNN បានឲ្យដឹងមានអ្នកមានបំផុតរបស់ពិភពលោកចំនួន១០នាក់បានកើនទ្រព្យសម្បត្តិដែលជារួមទ្រព្យសម្បត្តិពួកគាត់បូកបញ្ចូលគ្នាកើនឡើងដល់ទៅជាង៦៤ពាន់លានដុល្លារអាមេរិក។
ក្នុងនោះដែរលោក Elon Musk ដែលជាអ្នកគាំទ្រត្រាំពេញទំហឹងទទួលបានអត្ថប្រយោជន៍ពីការឈ្នះឆ្នោតរបស់លោកត្រាំពោលគឺទ្រព្យរបស់ Elon Musk បានកើនឡើង២៦.៥ពាន់លានដុល្លារធ្វើឲ្យទ្រព្យសរុបគាត់ឡើងដល់២៩០ពាន់លានដុល្លារបន្ទាប់ពីលទ្ធផលបង្ហាញថាត្រាំបានឈ្នះឆ្នោត។
លើសពីនេះក៏មានសេដ្ឋីកំពូលៗជាច្រើនទៀតដែលទ្រព្យពួកគាត់បានកើនបន្ទាប់ពីត្រាំឈ្នះឆ្នោតដូចជាសេដ្ឋី Jeff Bezos, ទ្រព្យកើនឡើង៧.១ពាន់លានដុល្លារ។ ចំណែកលោក Larry Ellison ទ្រព្យកើនឡើងចំនួន៥.៥ពាន់លានដុល្លារផងដែរ។
ក្រៅពីនេះក៏មានសេដ្ឋីកំពូលៗជាច្រើនទៀតដែលទ្រព្យកើនឡើងបន្ទាប់ពីត្រាំឈ្នះឆ្នោតមានដូចជាសេដ្ឋី Bill Gates, Steve Ballmer, Larry Page, Warren Buffett និង Sergey Brin ជាដើម។
គួរបញ្ជាក់ផងដែរថាសេដ្ឋីទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើគឺកើនទ្រព្យដោយសារតែភាគហ៊ុននៃក្រុមហ៊ុនពួកគាត់កើនឡើង។ បន្ទាប់ពីត្រាំឈ្នះឆ្នោតមានភាគហ៊ុនក្រុមហ៊ុនជាច្រើនបានឡើងថ្លៃព្រោះរំពឹងថាត្រាំនឹងនាំយកគោលការណ៍នយោបាយដែលក្រុមអ្នកវិនិយោគជឿថាវានឹងផ្ដល់ប្រយោជន៍ដល់ផ្សារហ៊ុនទាំងមូល៕