ព្រលានយន្ដហោះអន្ដរជាតិតេជោ នឹងចាប់ផ្ដើមការហោះហើរសាកល្បងនៅថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ខាងមុនេះ មុននឹងដាក់ឲ្យដំណើរការផ្លូវការនៅដើមឆ្នាំ២០២៥ខាងមុខ។ ខណៈនេះគឺជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេ និងឧបករណ៍ចាំបាច់មួយចំនួន ជាពិសេសឧបករណ៍នាំផ្លូវ និងប្រព័ន្ធវិទ្យុទាក់ទងជាដើម។
បើយោងតាមការបញ្ជាក់ពីឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ដកស្រង់ដោយក្រសួងព័ត៌មាននៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា Fly test នេះ មិនតិចដងទេ គឺត្រូវធ្វើច្រើនដង គេប្រើយន្តហោះតូចមួយត្រូវឧបករណ៍ពិសេសសម្រាប់ហោះចុះឡើង ដើម្បីធានាថា ឧបករណ៍ទាំងអស់នេះធ្វើការប្រកបដោយសុវត្ថិភាព។
សូមជម្រាបថា ព្រលានយន្ដហោះអន្តរជាតិតេជោ គឺជាព្រលានយន្ដហោះធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានលំដាប់ 4F និងអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោក ដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។ យន្តហោះយក្សរបស់អាមេរិក និងរបស់អឺរ៉ុបទាំងពីរប្រភេទនេះ អាចផ្ទុកអ្នកដំណើរបានច្រើនជាង ៥០០នាក់។
ព្រលានយន្ដហោះថ្មីនេះ ត្រូវបានសាងសង់នៅលើផ្ទៃដី ២៦០០ ហិកតា មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ។ ហើយបាននិងកំពុងដំណើរការនៅឡើយពោល គឺសម្រេចបានជិត ៨៤ភាគរយ ដោយចំណាយថវិកាអស់ ១ ២២០លានដុល្លារ ក្នុងគម្រោងថវិកាសរុបចំនួន ១ ៥០០ លានដុល្លារអាមេរិក និងគ្រោងដាក់ឲ្យដំណើរការផ្លូវការនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ផងដែរ៕