ដូចការគ្រោងទុកនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ សិស្សានុសិស្ស រួមទាំងបុគ្គលិកសិក្សាប្រមាណ៣០០នាក់ មកពីគ្រឹះស្ថានអប់រំរបស់អ្នកឧកញ៉ាគួច ម៉េងលី បានរៀបចំទិវាបរិស្ថាន ដោយនាំគ្នាដើររើសសំរាមនៅតាមទីតាំងសំខាន់ៗចំនួន៨ ក្នុងក្រុងខេត្តសៀមរាប ខេត្តសៀមរាប ដើម្បីរួមចំណែកផ្សព្វផ្សាយចំណេះដឹង ស្ដីពីបរិស្ថានរស់នៅអនាម័យ សុខុមាលភាព សោភ័ណភាព និងចូលរួមយុទ្ធនាការលើកកម្ពស់បរិស្ថានបៃតងដល់សាធារណជន ជាពិសេសផ្ដល់គំរូល្អក្នុងការថែរក្សាអនាម័យបរិស្ថាននៅកម្ពុជា។
លោក រឿង សុភាព នាយកចាងហ្វាងសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា ទីតាំងដែលត្រូវយុទ្ធនាការសម្អាតនោះចាប់ពីអគារមជ្ឈមណ្ឌលភាសាអេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តសៀមរាប ដែលស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដោយក្រុមទី១ និងទី២ ចាប់ពីស្តុបផ្សារលើកាត់តាមបណ្តោយផ្លូវលោកតាណឺយ បត់តាមផ្លូវ៧មករាទៅរង្វង់មូលវត្តដំណាក់។ ក្រុមទី៣ និងទី៤ ពីផ្លូវលំលូទឹកស្អុយក្រោយផ្សារទំនើបអង្គរ បត់ឡើងតាមផ្លូវបាក់ខែង ហើយបត់តាមផ្លូវតាភុល រួចបត់តាមផ្លូវ សម្តេច ទេព វង្ស ទៅកាន់មន្ទីរពេទ្យខេត្ត។
ដោយឡែក ក្រុមទី៥ និងទី៦ ពីស្តុបផ្សារញ៉ែតាមផ្លូវជាតិលេខ៦ បត់ចូលផ្លូវស៊ីវុត្ថា តាមស្តុបសុខា រួចបត់ឡើងតាមផ្លូវសម្តេច ទេព វង្ស ឆ្ពោះទៅស្ពានវត្តបូព៌ បត់ស្តាំទៅកាន់ស្ថានីយប្រេងឥន្ទនៈតូលតាល់។ ខណៈក្រុមទី៧ និងទី៨ ពីស្តុបផ្សារលើតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់សាលារៀន អន្តរទ្វីប អាមេរិកកាំង (ទល់មុខផ្សារទំនើបអង្គរ)។
នាយកចាងហ្វាងរូបនេះ បានបញ្ជាក់ថា យុទ្ធនាការនេះ ធ្វើឡើងក្នុងវត្ថុគោលបំណងជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចូលរួមចំណែកក្នុងការផ្សព្វផ្សាយអប់រំ ចំណេះដឹងស្ដីពីបរិស្ថានរស់នៅ អនាម័យ សុខភាព សោភ័ណភាព នៃក្រុងសៀមរាបឱ្យកាន់តែប្រសើរ។
លោក បាននិយាយថា៖ «សកម្មភាពនេះយើងធ្វើឡើងដើម្បីចូលរួមបំផុសគំនិត លើកកម្ពស់ស្មារតីមហាជន លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សឱ្យគាត់ជួយចូលរួមថែរក្សាសោភណ្ឌភាពបរិស្ថាននៅក្នុងសហគមន៍របស់សាលា ក៏ដូចជានៅក្នុងក្រុងនៃខេត្តសៀមរាបតែម្តង។ អ្វីដែលពិសេសជាងនេះ ទៅទៀតនោះ គឺដើម្បីចូលរួមថែរក្សាបរិស្ថានបៃតងដល់សង្គម លើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងខេត្តសៀបរាមឱ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក។»
លោកបន្ថែមថា «បរិស្ថានរស់នៅមានសារៈសំខាន់សម្រាប់សុខភាពរបស់យើងគ្រប់គ្នាក៏ដូចជាសុខុមាលភាពសាធារណៈ កាលណាយើងមានបរិស្ថានល្អចឹងវានឹងបង្កភាពងាយស្រួលដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដូចយើងបានដឹងហើយថា ក្រុងសៀមរាប គឺជាក្រុងទេសចរណ៍ ចឹងបរិស្ថានគឺពិតជាសំខាន់ណាស់ ហើយជាមុខមាត់របស់ប្រទេសជាតិយើងទាំងមូលផងដែរ អ៊ីចឹងក្រៅពីបរិស្ថានល្អ សម្រាប់វិស័យទេសចរណ៍ សុខុមាលភាព វិស័យសុខាភិបាល សេដ្ឋកិច្ច និងសង្គមក៏ជាសារៈសំខាន់ដែលយើងមិនគួរមើលរំលងដែរ។
លោក រឿង សុភាព អះអាងថា ទីណាមាន មជ្ឈមណ្ឌលភាសាអេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទីនោះជាគំរូដ៏ល្អមួយក្នុងការចូលរួម ចំណែកការពារបរិស្ថានក្នុងទីក្រុង ជាពិសេសសិស្សានុសិស្សជាគំរូល្អ ក្នុងសង្គមធ្វើជាពលរដ្ឋល្អក្នុងការចូលរួម សហការ និងថែរក្សាអនាម័យ សុខភាព។
ជុំវិញបញ្ហានេះអ្នកឧកញ៉ា គួច ម៉េងលី កាលពីពេលកន្លងទៅធ្លាប់មានប្រសាសន៍ថា ការប្រារព្ធទិវាបរិស្ថានេះ គឺចង់ដាស់តឿនស្មារតីដល់សិស្ស ដើម្បីឱ្យពួកគេបន្តដាស់តឿន ស្មារតីដល់ក្រុមគ្រួសារពួកគេក្នុងការថែរក្សាអនាម័យបរិស្ថាន។ ជាពិសេស គឺណែនាំឱ្យប្រជាពលរដ្ឋចេះទុកដាក់ គ្រប់គ្រង និងចេះចោលសំរាមឱ្យបានត្រឹមត្រូវ។
អ្នកឧកញ៉ា បន្តថា ការបោះសំរាមពាសវាលពាសកាល ពេលភ្លៀងមកម្តងៗធ្វើឱ្យសំរាមទាំងនះ ហូរចូលលូបណ្តាលឱ្យស្ទះលូ ព្រមទាំងនាំឱ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលមជ្ឈមណ្ឌលភាសាអេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង សហការជាមួយអាជ្ញាធរពាក់ព័ន្ធប្រារព្ធយុទ្ធនាការសម្អាតបរិស្ថាន ដើម្បីឱ្យបរិស្ថានគ្មានសំរាម។ លើសពីនេះគ្រឹះស្ថានសិក្សាដ៏មានប្រជាប្រិយភាពនេះ បានផ្សព្វផ្សាយពីគ្រោះថ្នាក់នានា ដែលគំរាមកំហែងដល់បរិស្ថាន រួមទាំងចំណេះដឹងស្តីពីបរិស្ថាន ព្រោះបញ្ហានេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងការចូលរួមចំណែករបស់ពលរដ្ឋ សិស្សានុសិស្ស ក្នុងការចូលរួមកាត់បន្ថយសំរាមជាមួយនឹងរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ការថែរក្សាបរិស្ថានបៃតង ក្នុងសង្គមជាតិ និងពិភពលោក។
បវេសនកាលថ្មីឆ្នាំសិក្សា២០២២-២០២៣ សម្រាប់មជ្ឈមណ្ឌលភាសាអេ អាយ អាយ សាខា សៀមរាប ចូលរៀនថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ជាមួយនឹងការផ្តល់ជូនអាហារូបករណ៍ ពី១០-៤០%។ ជាមួយគ្នានេះ កម្មវិធីសិក្សាពេញមួយថ្ងៃនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តសៀមរាប ក៏មានការផ្តល់ជូនអាហារូបករណ៍រហូតដល់១៥% ការលើកលែងពាក្យសុំចូលរៀន៥០% និងបានចូលរួមកម្មវិធីរៀនត្រៀមសម្រាប់ឆ្នាំសិក្សាថ្មីដោយឥតគិតថ្លៃ និងចូលរៀននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
សូមជម្រាបជូនថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលភាសាអង់គ្លេស ចិន និងភាសាថៃ ឈានមុខគេនៅកម្ពុជា និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានអប់រំ ដែលផ្ដោតសំខាន់ទៅលើចំណេះដឹងទូទៅចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ ដោយផ្ដោតទៅលើគុណភាព វិន័យ និងសេវាកម្មល្អ។ បច្ចុប្បន្នគ្រឹះអប់រំឈានមុខគេមួយនេះ មាន៦សាខាធំៗនៅក្នុងរាជធានីភ្នំពេញ រួមមាន សាខាម៉ៅសេទុង ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី សាខាជ្រោយចង្វារ និងបន្តពង្រីកសក្តានុពលរបស់ខ្លួនទូទាំង២៥រាជធានីខេត្ត៕