ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស បានបង្ហើបឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការសាងសង់ទ្រង់ទ្រាយធំ និងមានគ្រឿងចក្រធំៗចូលសាងសង់នៅក្នុងខែវិច្ឆិកា ឬខែធ្នូ រដូវប្រាំងខាងមុខនេះ។ ខណៈការពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូបបានបញ្ចប់១០០ភាគរយនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងកម្មវិធីខាងលើឯកឧត្ដមបានមានប្រសាសន៍ថា «សព្វថ្ងៃយើងនៅក្នុងរដូវវស្សា អ៊ីចឹងយើងត្រៀមពេលទឹកស្រកទៅយ៉ាងយូរខែ ១១ និង១២ យើងនឹងឃើញសកម្មភាពទ្រង់ទ្រាយធំក្នុងការកសាងព្រែកជីករបស់យើងនេះ។ យើងត្រូវការ ៣ ដូវប្រាំង អ៊ីចឹងយើងចាប់ផ្ដើមពីខែ ១២ ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ២០២៧ ២០២៨ គឺថាគម្រោងនេះធ្វើចប់។ អ៊ីចឹងគ្រឿងចក្រធំៗនឹងចូលមកហើយនៅរដូវប្រាំង»។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
គម្រោងដ៏ធំនេះត្រូវបានចែកចេញជា ២ ដំណាក់កាលគឺ ដំណាក់កាលទី១ ជាកំណាត់ផ្លូវទឹក «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១គីឡូម៉ែត្រ និងផ្នែកទី២ ជាកំណាត់ផ្លូវទឹក «ទន្លេបាសាក់ត្រង់ចំណុចព្រែកពោធិ៍-សមុទ្រខេត្តកែប» មានចម្ងាយ ១៥៩គីឡូម៉ែត្រ។ ខណៈគម្រោងនេះដែរនឹងត្រូវចំណាយថវិកាចំនួន ១៧០០ លានដុល្លារសម្រាប់ការសាងសង់ផងដែរ។
នៅពេលសាងសង់រួចព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែងត្រង់ទៅសមុទ្រ ព្រមទាំងបង្កើនវិសាលភាពនៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ និងជួយពង្រីកនិងបង្កើនផលិតភាពនៃការដាំដុះនៅតំបន់ភាគនិរតី៕