នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២២ នឹងត្រូវផុតកំណត់ ហេតុនេះម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបង់ពន្ធសូមរួសរាន់ដាក់លិខិតប្រកាសពន្ធឱ្យបានទាន់ពេលវេលាដើម្បីចៀសវាងការទទួលទោសទណ្ឌ។
ជាក់ស្តែង យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅបានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ហើយ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ក្នុងន័យនេះអគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាត្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២។
ដោយឡែកចំពោះ យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើរសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតបត្របង់ពន្ធ(ជាបន្ទុករបស់រដ្ឋ)។ចំពោះយានយន្តរបស់ក្រសួង ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ(ពន្ធជាបន្ទុករបស់រដ្ឋឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយាយយន្តទ្រព្យសម្បតិ្តរដ្ឋ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង