ក្រសួងពន្ធដារប្រកាសពីការផុតកំណត់បង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៣ ខណ៖ការបង់ពន្ធនេះនឹងផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ ហើយក្នុងករណីបងប្អូនខកខាន មិនបានទៅបង់ពន្ធលើអចលនទ្រព្យតាមកាលបរិច្ឆេទកំណត់ នោះម្ចាស់អចលនទ្រព្យនឹងទទួលរងនូវការពិន័យ ទោសទណ្ឌផ្សេងៗ ស្របតាមច្បាប់ជាធរមាន។
តាមការបញ្ជាក់របស់ក្រសួងពន្ធដារបានឲ្យដឹងផងដែរថា ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលប្រមូលលើអចលនទ្រព្យ រួមមាន ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលស្ថិតនៅក្នុងរដ្ឋបាលរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ពន្ធលើអចលនទ្រព្យត្រូវប្រមូលពីអចលនទ្រព្យមានតម្លៃលើសពី ១០០ ០០០ ០០០ (មួយរយលាន) រៀល តាមអត្រា ០,១% ដោយត្រូវគណនាតាមរូបមន្តខាងក្រោម ៖
- ពន្ធអចលនទ្រព្យ = មូលដ្ឋានគិតពន្ធ * ០,១%
ដើម្បីផ្ដល់ភាពងាយស្រួល សាមញ្ញ និងទាន់ពេលវេលាអគ្គនាយកដ្ឋានពន្ធដារ បានផ្ដល់ជម្រើសកាន់តែប្រសើរ ដល់ម្ចាស់អចលនទ្រព្យក្នុងការបង់ពន្ធ ក្នុងនោះរួមមាន៖
- តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App
-នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ
- នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។
យ៉ាងណាមិញក្នុងនោះក៏មានអចលនទ្រព្យមួយចំនួនដែលត្រូវលើកលែងពន្ធផងដែរក្នុងនោះរួមមាន៖
- អចលនទ្រព្យដែលជាដីធ្លីកសិកម្ម
- អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយដែល ៖
- ត្រូវបានរៀបចំឡើងនិងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនានិងសប្បុរសធម៌
- គ្មានចំណែកណាមួយនៃអចលនទ្រព្យ ឬប្រាក់ចំណូលដែលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត
- អចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធ មានជារវាទិ៍ ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាត ឬផលិតអគ្គិសនី ព្រលានយន្តហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន រួមបញ្ចូលទាំងររគារនិងការិយាល័យដែលបម្រើផ្ទាល់ដល់សកម្មភាពនៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះ៕