ដំណើរអាជីវកម្មរយៈពេល ៣៥ ឆ្នាំ នៃ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ
Sreymom ChaMAY 5 2025

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ត្រូវបានគេស្គាល់ថាជាអ្នកវិនិយោគវិស័យឯកជនដ៏លេចធ្លោមួយរូបរបស់កម្ពុជា

ស្ពានអាកាសមរតកតេជោដែលទើបសម្ពោធនាពេលថ្មីៗនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងបណ្តាញហេដ្ឋារចនាសម្ព័ន្ធដែលកំពុងរីកចម្រើនក្នុងទីក្រុងភ្នំពេញ។ សាងសង់ដោយ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) គម្រោងនេះឆ្លុះបញ្ចាំងពីការគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុនសម្រាប់ការអភិវឌ្ឍទីក្រុងរបស់កម្ពុជា។ ស្ថាបនិករបស់ខ្លួនគឺលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ គឺជាអ្នកវិនិយោគដ៏សកម្មបំផុតម្នាក់របស់ប្រទេស ដែលដំណើរអាជីវកម្មក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ជាប់លាប់លើការកសាងសម្រាប់អនាគត។

 

ត្រលប់មកពីប្រទេសកាណាដាក្នុងឆ្នាំ ១៩៩០ សហគ្រិនកម្ពុជារូបនេះបានត្រឡប់មកវិញជាមួយនឹងការតាំងចិត្តមុតមាំក្នុងការរួមចំណែកដល់ការងើបឡើងវិញ ជាមួយការរីកចម្រើនរបស់ប្រទេស។ ការវិនិយោគដំបូងរបស់គាត់គឺ ក្រុមហ៊ុន មាសនិងឥណទាន កាណាឌីយ៉ា ចំកាត់ ក្នុងឆ្នាំ ១៩៩១ បានបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ធនាគារកាណាឌីយ៉ាក្នុងឆ្នាំ ១៩៩៣ ដែលជាការកំណត់សម្គាល់ការចាប់ផ្តើមមួយដែលបានកសាងឡើងតាមរយៈការខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ដោយបានឆ្លងកាត់ដំណើរដែររួមមានទាំងឱកាស និងបញ្ហាប្រឈមនានា។

ចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា សម្រាប់ប្រជាជនកម្ពុជា

Photo 2025 05 05 08 21 41

ធនាគារកាណាឌីយ៉ាបានណែនាំសេវាកម្មធនាគារទំនើបនៅពេលដែលប្រទេសកម្ពុជាកំពុងតភ្ជាប់ជាមួយទីផ្សារអន្តរជាតិ។ ធនាគារមួយនេះបានដើរតួនាទីដ៏មានអត្ថន័យក្នុងការបើកដំណើរការប្រតិបត្តិការឆ្លងព្រំដែន គាំទ្រពាណិជ្ជកម្ម ទាក់ទាញការវិនិយោគពីបរទេស និងភាពជាដៃគូអន្តរជាតិ រួមមានស្ថាប័នដូចជាសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ធនាគារនៅតែមានភាពរឹងមាំទោះបីឆ្លងកាត់វិបត្តិសេដ្ឋកិច្ចពិភពលោកចំនួនពីរ ដោយបន្តបម្រើបុគ្គល អាជីវកម្ម និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ។ សព្វថ្ងៃនេះ ធនាគារកាណាឌីយ៉ា គឺជាធនាគារក្នុងស្រុកដ៏ធំបំផុតរបស់ប្រទេសដែលមានទ្រព្យសម្បត្តិលើសពី ៧ ពាន់លានដុល្លារ។

 

នៅឆ្នាំ ២០០០ លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ បានបើកដំណើរការក្រុមហ៊ុន អូស៊ីអាយស៊ី  ក្នុងគោលបំណងទាក់ទាញប្រជាជនកម្ពុជានៅក្រៅប្រទេសឱ្យត្រឡប់មកបណ្តាក់ទុន និងរួមចំណែកដល់ប្រទេសកំណើតរបស់ពួកគេ។ មិនយូរប៉ុន្មានក្រុមហ៊ុន អូស៊ីអាយស៊ី    បានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សទៅក្នុងវិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើផែនការទីក្រុងខ្នាតធំ ដោយផ្តោតលើគម្រោងដែលអាចបង្កើតឱកាសសេដ្ឋកិច្ចរយៈពេលវែង។ ការរីកចម្រើននេះត្រូវបានជំរុញដោយសមត្ថភាពរបស់លោកក្នុងការបង្កើតភាពជាដៃគូអន្តរជាតិ ដែលគាំទ្រដោយជំនាញរបស់គាត់ក្នុងការប្រើប្រាស់ភាសាខ្មែរ អង់គ្លេស បារាំង ថៃ ចិន និងវៀតណាម។

 

«យើងមើលឃើញការវិនិយោគជាមធ្យោបាយមួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ បើកដំណើរការអភិវឌ្ឍ និងបង្កើតឱកាសសម្រាប់ការរីកចម្រើននាពេលអនាគត» លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ។

 

ការអភិវឌ្ឍទីក្រុងតាមមាត្រដ្ឋាន

ជាច្រើនឆ្នាំមកនេះក្រុមហ៊ុន អូស៊ីអាយស៊ី បានផ្តល់នូវការអភិវឌ្ឍមួយចំនួនដ៏ល្បីល្បាញរបស់រាជធានីភ្នំពេញ រួមមានអគារកាណាឌីយ៉ា ដែលជាអគារខ្ពស់ៗដំបូងគេរបស់ប្រទេសកម្ពុជា ផ្សារទំនើប សូរិយា ដែលជាផ្សារទំនើបដំបូងគេបង្អស់របស់ខ្លួន និងការអភិវឌ្ឍទីតាំងធំៗដូចជា កោះពេជ្រ ទីក្រុងអូឡាំព្យា ទីក្រុងនរា និងទីក្រុងរណបជ្រោយចង្វារ។ តំបន់ប្រើប្រាស់ចម្រុះទាំងនេះនាំមកនូវលំនៅឋាន ពាណិជ្ជកម្ម និងទីសាធារណៈរួមគ្នា ដើម្បីគាំទ្រដល់ទីក្រុងដែលមានការតភ្ជាប់ និងមានភាពស្វាគមន៍កាន់តែច្រើន។

Photo 2025 05 05 08 21 48

 ការរីកចម្រើនរបស់ អូស៊ីអាយស៊ី លើហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ វិស័យអប់រំ និងវិស័យសុខាភិបាលចាប់តាំងពីឆ្នាំ ២០០០

 

ដើម្បីគាំទ្រដល់កំណើនទីក្រុងនេះក្រុមហ៊ុន អូស៊ីអាយស៊ី បានរួមចំណែកក្នុងហេដ្ឋារចនាសម្ព័ន្ធ ជាមួយមធ្យោបាយធ្វើដំណើរសំខាន់ៗក្នុងទីក្រុង រួមទាំងស្ពានកោះនរា និងស្ពានឫស្សីកែវ ព្រមទាំងបណ្តាញផ្លូវ និងស្ពានអាកាសដែលកំពុងកើនឡើង ដែលជួយសម្រួលចរាចរណ៍ និងធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយធ្វើដំណើរឆ្លងកាត់រាជធានី។

 

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ អូស៊ីអាយស៊ី ក៏បានអភិវឌ្ឍតំបន់ឧស្សាហកម្មធំៗ ដែលជំរុញផលិតកម្ម និងការងារក្នុងស្រុក។ ក្នុងចំណោមនោះ គឺសួនឧស្សាហកម្មទំហំ ៣០ ហិកតា ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ក្នុងរាជធានីភ្នំពេញ ដែលគាំទ្រទាំងអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ជាពិសេសក្នុងវិស័យផលិតកម្មកាត់ដេរ។ ពីរទសវត្សរ៍ក្រោយមក ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន អូស៊ីអាយស៊ី បានបើកដំណើរការសួនឧស្សាហកម្មទីពីរនៅក្នុងខេត្តកំពង់ស្ពឺ ដែលមានទំហំធំជាងដប់ដងក្នុងទំហំ ៥០០ ហិកតា។ តំបន់ទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រផ្នែកផលិតកម្ម ភស្តុភារ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយរបស់កម្ពុជា។

 

ជាបន្ទាប់ អូស៊ីអាយស៊ី កំពុងដឹកនាំក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយរបស់កម្ពុជា។ ការរចនារបស់អាកាសយាន្តដ្ឋានពីក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Foster + Partners ត្រូវបានលើកឡើងដោយ CNN ជាស្ថាបត្យកម្មដ៏ធំមួយក្នុងឆ្នាំ ២០២៥។ ព្រលានយន្តហោះនេះគ្រោងនឹងពង្រឹងការតភ្ជាប់ក្នុងតំបន់ និងគាំទ្រចក្ខុវិស័យរបស់កម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដែលកំពុងរីកចម្រើន។

 

ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស

ស្របនឹងការអភិវឌ្ឍផ្នែករូបវន្តរបស់ខ្លួន OCIC ក៏កំពុងវិនិយោគលើធនធានមនុស្សរបស់ប្រទេសកម្ពុជា។ មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) ត្រូវបានបង្កើតឡើងដើម្បីបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាពក្នុងទីក្រុងភ្នំពេញជាមួយនឹងអ្នកជំនាញអន្តរជាតិ ហើយថ្មីៗនេះបានចូលជាដៃគូជាមួយមន្ទីរពេទ្យឈានមុខរបស់ប្រទេសថៃ Bumrungrad ដើម្បីផ្តល់កិច្ចសហការផ្នែកវេជ្ជសាស្រ្ត និងផ្តល់ជូនអ្នកជំងឺកម្ពុជាក្នុងមូលដ្ឋានដល់អ្នកឯកទេសឈានមុខគេក្នុងវិស័យជាច្រើនរួមមាន វេជ្ជសាស្រ្តផ្នែកតម្រង់នោម វេជ្ជសាស្រ្តផ្នែកបេះដូង និងមុខវិជ្ជាវេជ្ជសាស្ត្រកម្រិតខ្ពស់ផ្សេងទៀត។

Photo 2025 05 05 08 21 53

អូស៊ីអាយស៊ី គឺជាក្រុមអាជីវកម្មដែលមានអាយុកាលច្រើន និងចម្រុះវិស័យបំផុតមួយរបស់កម្ពុជា

 

ការអប់រំក៏ជាការវិនិយោគដ៏សំខាន់សម្រាប់ក្រុមហ៊ុន អូស៊ីអាយស៊ី ផងដែរ។ សាកលវិទ្យាល័យ ខេមតិច (CamTech Univeristy) ដែលស្ថិតក្នុងវិស័យអប់រំរបស់ក្រុមហ៊ុន ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ទេពកោសល្យដែលកំពុងរីកចម្រើនរបស់ប្រទេស ដោយផ្តោតលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ សាកលវិទ្យាល័យ ថ្មីៗនេះ ខេមតិច បានចុះហត្ថលេខាលើភាពជាដៃគូជាមួយ WCC-ATC ដែលជាបណ្ឌិតសភាអាកាសចរណ៍ឈានមុខគេមកពីប្រទេសហ្វីលីពីន ដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍទេពកោសល្យវ័យក្មេងកម្ពុជាក្នុងវិស័យអាកាសចរណ៍។ កម្មវិធីនេះគាំទ្រដល់ចក្ខុវិស័យរបស់កម្ពុជាក្នុងការអប់រំបច្ចេកទេស និងការប្រកួតប្រជែងក្នុងតំបន់។ តាមរយៈការពង្រឹងនិស្សិតនូវជំនាញជាក់ស្តែង—ពីម៉ាស៊ីនយន្តហោះ រហូតដល់ផ្នែកវិស្វកម្ម—កម្មវិធីនេះមានគោលបំណងបង្កើនឱកាសការងារក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើជំនាញបរទេស។ សាកលវិទ្យាល័យ ខេមតិច ក៏ចូលរួមក្នុងកម្មវិធីសហការជាមួយអង្គការនានាដូចជា UNESCAP សហគ្រិនខ្មែរ Impact Hub និង Smart Axiata ដែលជាការពង្រីកប្រព័ន្ធអេកូឡូស៊ីនៃការច្នៃប្រឌិត និងសហគ្រិនភាពបន្ថែមទៀត។

 

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងនៅទូទាំងក្រុមហ៊ុន និងគម្រោងរបស់គាត់ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបង្កើតការងារជាង ២០,០០០ នៅក្នុងក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) និងរាប់ម៉ឺននាក់បន្ថែមទៀតដោយប្រយោល ដែលមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ការអភិវឌ្ឍជំនាញ និងអាជីពសម្រាប់ប្រជាជនកម្ពុជាលើវិស័យជាច្រើន។

 

ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានសាងសង់ក្រុមអាជីវកម្មដ៏ធំបំផុតមួយរបស់កម្ពុជា រួមមាន កាណាឌីយ៉ា គ្រុប ដែលរួមមានធនាគារ សេវាកម្មធានារ៉ាប់រង អចលនទ្រព្យ សណ្ឋាគារ សាលារៀន មន្ទីរពេទ្យ មជ្ឈមណ្ឌលតាំងពិព័រណ៍ ផ្សារទំនើប ផ្សាររាត្រី និងច្រើនទៀត។ យុទ្ធសាស្រ្តរបស់គាត់នៅតែជាប់លាប់៖ ផ្តោតលើតម្លៃរយៈពេលវែង វិនិយោគក្នុងស្រុកឡើងវិញ និងផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសកម្ពុជាដែលមានទំនាក់ទំនងកាន់តែច្រើន បង្កើតវេទិកាសម្រាប់មនុស្សជំនាន់ក្រោយក្នុងការអភិវឌ្ឍ និងច្នៃប្រឌិត។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia